Homeអភិវឌ្ឍន៍ខ្លួនឯងអ្វីដែលយើងគួរដឹងទាក់ទងនឹងជំនាញស្ថាបត្យកម្ម

អ្វីដែលយើងគួរដឹងទាក់ទងនឹងជំនាញស្ថាបត្យកម្ម

ជំនាញស្ថាបត្យកម្ម គឺជាជំនាញមួយដែលមានប្រជាប្រិយខ្ពស់ និងមាននិស្សិតរៀនច្រើន ហើយបោះបង់នូវជំនាញនេះក៏មិនតិចដែរ។ ថ្ងៃនេះដែរ @ពន្លក បានអញ្ជើញ បង សំ សុធី ដែលលសព្វថ្ងៃនេះគាត់គឺជានិស្សិតឆ្នាំទី៥ ផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យាជំនាន់ទី១៨នៃសាកលវិទ្យាល័យន័រតុន មកធ្វើការចែករំលែកនូវមូលហេតុដែលគាត់បានជ្រើសរើសនូវជំនាញមួយនេះ ក៏ដូចជាចែករំលែកនូវចំណុចសំខាន់មួយចំនួនទាក់ទងទៅនឹងជំនាញស្ថាបត្យកម្មនេះឲ្យអ្នកទាំងអស់គ្នាបានដឹង ជាពិសេសនោះគឺសិស្សប្អូនទី១២នេះតែម្ដង។

១. មូលហេតុដែលគាត់រៀនជំនាញស្ថាបត្យកម្ម

Aerial Photo of City Commercial Buildings

កត្តាដែលជម្រុញឲ្យគាត់សម្រេចចិត្តជ្រើសរើសរៀននូវជំនាញមួយនេះគឺដោយសារតែមូលហេតុ២។

មូលហេតុទី១៖ ដោយសារតែពេលដែលគាត់នៅក្មេង គាត់ឧស្សាហ៍ឃើញបងៗនិស្សិតជាច្រើន ហើយនៅក្នុងនោះក៏មានបងប្រុសរបស់គាត់ផងដែរ ដែលរៀននៅសាកលវិទ្យាល័យ ន័រតុន បាននាំគ្នាចុះមកធ្វើកម្មសិក្សាទៅលើប្រភេទផ្ទះខ្មែរ និងប្រភេទផ្ទះដែលមានការរចនាម៉ូតស្អាតៗនៅតាមភូមិ តាមរយៈ ការវាស់វែងពីទំហំនៃផ្ទះ គូរប្លង់ ប្រមូលទិន្នន័យ និងធ្វើម៉ាកែត ជាដើម។ ពេលដែលឃើញមានសកម្មភាពបែបនោះគាត់ក៏ចាប់ផ្ដើម ស្រលាញ់នូវជំនាញមួយនេះ និងចង់ក្លាយជាអ្នកដែលជំនាញផ្នែកស្ថាបត្យកម្មនេះតែម្ដង។

មូលហេតុទី២៖ គាត់គឺជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តផ្នែកគំនូរ ដោយគាត់ចូលចិត្តគូររូបលេង ចូលចិត្តផាត់ពណ៌ ចូលចិត្តការច្នៃប្រឌិត ធម្មជាតិ និងសំណង់អគារផ្សេងៗ ដែលជាហេតុធ្វើឲ្យគាត់សម្រេចចិត្តរៀនជំនាញនេះរហូតមកដល់សព្វថ្ងៃនេះ។

២. បើសិនជាយើងគ្មានមូលដ្ឋានគ្រឹះផ្នែកគំនូរ ទេតើយើងអាចរៀនជំនាញនេះបានដែរឬទេ?

តាមការបកស្រាយរបស់បងសុធី ផ្ទាល់ គាត់បាននិយាយថា ការពិតទៅបើទោះបីជានៅវិទ្យាល័យយើងមិនមានជំនាញផ្នែកគូរនេះក៏ដោយ ក៏វាមិនមែនជាបញ្ហាដែរ ឲ្យតែយើងមានការប្ដេជ្ញាចិត្តខ្ពស់ ដាក់ចិត្តដាក់កាយរៀនពីវាឲ្យបានស៊ីជម្រៅ និងហ្វឹកហាត់គូររូបឲ្យបានច្រើនដង នោះអ្នកប្រាកដជាអាចធ្វើបាន និងធ្វើបានកាន់តែល្អជាងមុន។ គ្រាន់តែឱកាសក៏ដូចជាការគិតរបស់អ្នកដែលមិនមានជំនាញខាងផ្នែកគូររូប នៅមានកម្រិតនៅឡើយ ផ្ទុយពីអ្នកដែលមានមូលដ្ឋានឬមានជំនាញផ្នែកគូររូបស្រាប់ ពីព្រោះពួកគាត់អាចមានគំនិតច្នៃប្រឌិតទាក់ទងនឹងការរចនាម៉ូត ឬមានគំនិតថ្មីៗច្រើនសម្រាប់ការបន្ថែមឲ្យរូបភាព ឬការរៀបចំប្លង់របស់គាត់ឲ្យកាន់តែមានភាពទាក់ទាញ និងមានភាពរស់រវើកជាងជាដើម។

និយាយរួមទៅ សម្រាប់អ្នកដែលចូលចិត្តនូវជំនាញស្ថាបត្យកម្មនេះ តែមិនមានជំនាញខាងផ្នែកគូររូប ចូរអ្នកកុំទាន់អាលអស់សង្ឃឹមអី ឲ្យតែអ្នកមានការតាំងចិត្តខ្ពស់ ហើយធ្វើនូវអ្វីដែលអ្នកចូលចិត្ត ព្យាយាមម្ដងបន្តិចៗ ហ្វឹកហាត់ធ្វើវាជារៀងរាល់ថ្ងៃ នោះអ្នកប្រាកដជាអាចធ្វើបាន ។

បងសំ សុធី គាត់ក៏បានបង្ហាញនូវឈ្មោះនូវសាកលវិទ្យាល័យមួយចំនួនដែលគាត់ស្គាល់ ដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្គាល់មានដូចជា៖

១.​ សាកលវិទ្យាល័យន័រតុន

២. ភូមិន្ទវិចិត្រសិល្បៈ

៣.​ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

៤. សាកលវិទ្យាល័បញ្ញាសាស្ត្រ…

៣. មុខវិជ្ជាសំខាន់ៗនៅក្នុងជំនាញស្ថាបត្យកម្ម

Interior Design Of A House

បង សុធីបានបន្ថែមទៀតថា “ការពិតទៅមុខវិជ្ជាទាំងអស់ដែលសាលាបានរៀបចំឡើង គឺសុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែអ្វីដែលខ្ញុំគិតថាវាសំខាន់ជាងគេនោះគឺមុខវិជ្ជា Interior Design, Creation Concepts, Color Sketch ដែលមុខវិជ្ជានេះសិក្សាអំពីរបៀបរបក្នុងការគូររូប ការប្រើប្រាស់ពណ៌ យល់ដឹងអំពីស្រមោលរបស់វត្ថុ ហើយយើងអាចរៀនទាក់ទងទៅនឹងគំនូរខ្មៅដៃ គំនូរខ្មៅដៃពណ៌ឬគំនូរពណ៌ទឹកជាដើម។ ព្រមទាំងមុខវិជ្ជា Workshop ដែលមុខវិជ្ជានេះ សិក្សាទៅលើគំរូប្លង់ស្ថាបត្យកម្មទាំងមូល រូមមាន ការសិក្សាទៅលើទីតាំងគម្រោង ការវិភាគទៅលើទីតាំងគម្រោង ដោយយើងវិភាគទៅលើគន្លងនៃព្រះអាទិត្យ ទិសដៅនៃខ្យល់ សម្លេងរំខាន និងបរិស្ថានជុំវិញទីតាំងគម្រោងជាដើម។ បន្ទាប់ពី បានសិក្សា និងវិភាគទៅលើទីតាំងនៃគម្រោងរួច គឺយើងត្រូវធ្វើការសិក្សាទៅលើទស្សនៈស្ថាបត្យកម្មវិញម្ដង ដើម្បីយើងយកគំនិតហ្នឹងទៅបង្កើតជារូបរាងប្លង់ ឬរូបរាងនៃអគារ។ល។  

៤. ផលវិបាកនៃការសិក្សាជំនាញស្ថាបត្យកម្ម

ចំពោះផលវិបាកនៃការសិក្សាទៅលើជំនាញនេះ គឺមានច្រើនគួរសមដែរ អាចនិយាយថា​ ផលវិបាក ឬសម្ពាធរបស់វាធំជាងជំនាញដទៃទៀត ដោយសារតែ កិច្ចការនីមួយៗដែលគ្រូដាក់ឲ្យធ្វើគឺច្រើន ច្រើនមែនទែន ដែលតម្រូវឲ្យយើងត្រូវចំណាយពេលវេលាច្រើនក្នុងការធ្វើវាម្ដងៗ  ជាពិសេសនោះគឺត្រូវការគំនិតច្នៃប្រឌិតខ្ពស់ក្នុងការគិតស្រមើស្រមៃពីរូបរាងនៃប្លង់ ក៏ដូចជាគិតអំពីការរចនាម៉ូតជាដើម ថាតើគួរតែរចនាម៉ូតយ៉ាងណាឲ្យមានភាពរាក់ទាញ។

ហើយប្រសិនបើអ្នកចង់រៀនជំនាញនេះ អ្នកត្រូវតែច្បាស់ថាខ្លួនឯងអ្នកពិតជាស្រលាញ់នូវជំនាញមួយនេះ នឹងអាចតស៊ូដើម្បីជម្នះ ទោះបីជាវាមានៅភាពលំបាកយ៉ាងណាក៏ដោយ ហ៊ានដាច់យប់​(ពេលខ្លះក៏ត្រូវអត់បានញ៉ាំបាយអីចឹងទៅ) មានភាពអត់ធ្មត់ ចេះតស៊ូ និងហ៊ានទទួលយកការរិះគន់នៅពេលដែលគ្រូ​ណែនាំជាដើម ជាពិសេសនោះគឺ ត្រូវចំណាយថវិកាច្រើនទៅលើសម្ភារៈសិក្សាមួយចំនួន។

៥. ចក្ខុវិស័យរបស់គាត់នាពេលអនាគត

Man Using Turned-on Macbook Pro on White Printer Papers

គាត់ចង់ក្លាយទៅស្ថាបត្យករម្នាក់ដ៏ជំនាញ ដែលអាចរចនានូវម៉ូតអគារស្អាតៗជាច្រើនមានគេទទួលស្គាល់ពីស្នាដៃរបស់គាត់ ព្រមទាំងជួយរៀបចំផ្ទះឲ្យអតិថិជនរបស់គាត់មួយចំនួនឲ្យកាន់តែមានសោភ័ណ្ឌភាព ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

សម្រាប់វីដេអូពេញចំពោះជំនាញមួយនេះ អាចមើលវីដេអូខាងក្រោមនេះបាន

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។