Homeគ្រប់គ្រង និងដឹកនាំតើធ្វើយ៉ាងណាដើម្បីអាចអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាអ្នកដឹកនាំបាន?

តើធ្វើយ៉ាងណាដើម្បីអាចអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាអ្នកដឹកនាំបាន?

តើធ្វើយ៉ាងណាដើម្បីអាចក្លាយទៅជាអ្នកដឹកនាំល្អបាន?

ការពិតទៅការកសាងភាពជាអ្នកដឹកនាំមកលើខ្លួនឯងវាមិនមែនជារឿងមួយដែលងាយស្រួលពេកនោះទេ តែវាក៏មិនលំបាកខ្លាំងរហូតដល់មិនអាចធ្វើបាននោះដែរ អ្វីដែលសំខាន់គឺថា តើអ្នកបានត្រៀមខ្លួន រៀនសូត្រ និង មានការអត់ធ្មត់ចំពោះវាហើយឬនៅតែប៉ុណ្ណោះ។ហេតុដូច្នេះហើយថ្ងៃនេះពន្លកនឹង បង្ហាញពីជំហានមួយចំនួនដើម្បីកសាងខ្លួនឲ្យក្លាយទៅជាអ្នកអ្នកដឹកនាំដ៏ពូកែនិងគួរឲ្យគោរព៖

១. ព្រមទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនឯង

Leadership Lettering Text on Black Background

ប្រសិនបើអ្នកចង់ក្លាយទៅជាអ្នកដឹកនាំល្អម្នាក់ រឿងដំបូងដែលអ្នកត្រូវទទួលស្គាល់នោះគឺ ទទួលស្គាល់ថាអ្នកមិនមែនជាមនុស្សដែលចេះ ដែលដឹងគ្រប់រឿង គ្រប់បញ្ហាទាំងអស់នោះទេ ហើយអ្នកក៏មិនមែនជាមនុស្សដែលមិនចេះធ្វើខុសនោះដែរ ដូចនេះប្រសិនបើមានបុគ្គលិក ឬអ្នកនៅក្នុងក្រុមណាម្នាក់ ប្រាប់អ្នកអំពីកំហុសដែលអ្នកកំពុងតែសាង អ្នកគួរតែអរគុណពួកគេ រួចសាកពិនិត្យឬពិចារណានូវចំណុចខ្វះខាត និងរៀនកែប្រែកំហុសទាំងនោះឡើងវិញ។ ម្យ៉ាងវិញទៀត អ្នកត្រូវដឹងថា អ្នកតែម្នាក់ មិនអាចធ្វើអ្វីមួយដែលល្អឥតខ្ចោះ ឬមិនអាចមើលបញ្ហាបានសព្វគ្រប់ជ្រុងជ្រោយនោះទេ គឺមានតែការសហការគ្នាជាក្រុម ទេទើបអាចជួយឲ្យកិច្ចការរបស់អ្នកអាចទៅមុខបានរលូន មានភាពស្ថិតស្ថេរបានយូរ និងឆាប់ទទួលបានជោគជ័យ ។ ជាក់ស្ដែង លោក ស្ទីវ ចប គាត់ធ្លាប់បាននិយាយថា​ “ វាមិនមែ​នជារឿងមួយដ៏ត្រឹមត្រូវនោះទេ ដែលអ្នកត្រូវជួលមនុស្សឆ្លាតឲ្យមកធ្វើការឲ្យអ្នក ហើយអ្នកត្រូវប្រាប់ពីរបៀបដែរពួកគេត្រូវធ្វើនោះទេ ប៉ុន្តែរឿងដ៏ត្រឹមត្រូវនោះគឺ អ្នកគួរតែជួលមនុស្សឆ្លាតមកជួយធ្វើការឲ្យអ្នក ដូចនេះពួកគេអាចប្រាប់អ្នកបានថាអ្វីដែលអ្នកគួរតែធ្វើបន្ទាប់ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព”។ អ្នកជួលពួកគេមកកាន់កាប់ការងារនេះដោយសារតែអ្នកមិនមានជំនាញខាងហ្នឹងទើបអ្នកជួលមក ដូច្នេះអ្នកគួរតែស្ដាប់មតិយោបល់ពីពួកគេខ្លះថាត្រូវធ្វើយ៉ាងម៉េចទើបជាការប្រសើរ។ សរុបមក ការដាក់ខ្លួនរៀនពីមនុស្សដទៃ និង ការយល់ដឹងពីសមត្ថភាពខ្លួនឯង វាគឺជាមូលដ្ឋានគ្រឹះនៃអ្នកដឹកនាំល្អ។

២. ធ្វើការលើជំនាញទំនាក់ទំនងរបស់អ្នក

Lawyers Posing for a Photo

ប្រសិនបើអ្នកចង់ក្លាយទៅជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពម្នាក់ អ្នកត្រូវតែអភិវឌ្ឍសមត្ថភាពខ្លួនឯងជារៀងរាល់ថ្ងៃ ជាពិសេសនោះគឺអ្នកត្រូវ ដឹងអំពីរបៀបនៃការធ្វើទំនាក់ទំនងរវាងគ្នានិងគ្នា ពីផ្នែកមួយទៅផ្នែកមួយនៅក្នុងក្រុមហ៊ុន​។ តែប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ មានន័យថាភាពជាអ្នកដឹកនាំរបស់អ្នកនៅមានកម្រិតនៅឡើយទេ ពោលគឺអ្នកប្រហែលជាមិនអាចឈរនៅទ័ពជួរមុខក្នុងការបញ្ជាឬ​ដឹកនាំពួកគេឲ្យខិតខំប្រឹងប្រែងធ្វើការដើម្បីសម្រេចឲ្យបាននូវសមទ្ធផលដ៏ធំធេងដែលអ្នកចង់បាននោះទេ។

ដូចនេះ ប្រសិនបើអ្នកមិនព្រមអភិវឌ្ឍនូវសមត្ថភាពរបស់អ្នកផង តើអ្នកអាចក្លាយខ្លួនទៅជាប្រធានផ្នែក ឬ ជាស្ថាបនិកនៃអាជីវកម្មផ្ទាល់ខ្លួនបានយ៉ាងដូចម្ដេចទៅ បើអ្នកមិនអាចបញ្ចុះបញ្ចូល ឬ បញ្ជានរណាម្នាក់ធ្វើអ្វីមួយទៅតាមត្រូវការរបស់អ្នកផងហ្នឹង។ជារួមអ្នកគួរតែបង្កើននូវការទំនាក់ទំនង និង រក្សានូវសម្ព័ន្ធភាពឲ្យបានស្ថិតស្ថេរជាមួយនឹងមនុស្សជុំវិញខ្លួន។

៣. ស្វែងរកនូវចំណង់ចំណូលចិត្តរបស់ខ្លួនឯង

តើមនុស្សប្រភេទណាដែលមនុស្សភាគច្រើនចង់ដើរតាម?

មនុស្សដែលមនុស្សភាគច្រើនចូលចិត្តត្រងត្រាប់អនុវត្តតាម គឺជាមនុស្សដែលមានថាមពល មានកម្លាំងចិត្ត និង មានចំណង់ចំណូលចិត្តខ្ពស់ចំពោះអ្វីដែលគេកំពុងតែធ្វើ ហើយក៏ជាមនុស្សដែលតែងតែបញ្ចុះបញ្ចូលមនុស្សរាល់គ្នាឲ្យធ្វើអ្វីដែលល្អ ដែលត្រឹមត្រូវ និង ជោគជ័យ។

ដូចនេះបើសិនជាអ្នកដឹងពីភាពខ្លាំង​របស់ខ្លួនឯង មានគោលដៅច្បាស់លាស់សម្រាប់ខ្លួនឯង ការងារ និងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងមានសមត្ថភាពក្នុងការដឹកនាំទៀតនោះ អ្នកប្រាកដជាមិនខ្វះអ្នកដើរតាម មិនខ្វះអ្នកស្ដាប់តាមការបញ្ជាររបស់អ្នកនោះទេ។  

៤. ត្រូវមានភាពត្រឹមត្រូវ

ជាចុងក្រោយអ្វីដែលសំខាន់នោះគឺត្រូវយល់ថាដើម្បីក្លាយអ្នកដឹកនាំល្អម្នាក់ គឺត្រូវចេះសារភាពពីកំហុសរបស់ខ្លួន នៅពេលដែលខ្លួនបានសាងកំហុសពិតមែន ហើយការដែលធ្វើបែបនេះ នឹងធ្វើឲ្យមនុស្សគ្រប់គ្នាគោរពអ្នក និង​ រៀនតាមអ្នក។ ចូរចងចាំថា គ្មានទេវតាណា គ្មានមនុស្សអស្ចារ្យណាដែលមិនសាងកំហុសនោះទេនៅលើភពផែនដីនេះ។ ដូចនេះអ្នកមិនត្រូវបិទបាំងពីកំហុស ឬ ភាពបរាជ័យរបស់អ្នកនោះទេ តែអ្នកត្រូវចំហរវាឲ្យគេគ្រប់គ្នាបានដឹង ដើម្បីអ្នកខ្លួនឯងទទួលបាននូវមេរៀន បទពិសោធ៍ និង រៀនពីកំហុសទាំងអស់នោះវិញ។

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។