Homeជីវិត និងការងារប្រពៃហេតុអ្វីដោះស្រាយបញ្ហាឲ្យអ្នកដទៃស្រួលជាងដោះស្រាយបញ្ហាឲ្យខ្លួនឯង?

ហេតុអ្វីដោះស្រាយបញ្ហាឲ្យអ្នកដទៃស្រួលជាងដោះស្រាយបញ្ហាឲ្យខ្លួនឯង?

តើអ្នកមានដែលឆ្ងល់ដែរឬទេថា មានបញ្ហាដូចតែគ្នា ​តែហេតុអ្វីខ្ញុំអាចដោះស្រាយបញ្ហាឲ្យអ្នកដទៃបាន តែដោះស្រាយបញ្ហាឲ្យខ្លួនឯងមិនបាន? តោះមកមើលពីមូលហេតុខាងក្រោមនេះ៖

១. អ្នកពូកែទ្រឹស្ដីជាងការអនុវត្តផ្ទាល់

Crop unrecognizable female psychologist and patient discussing mental problems during session

គ្មានអ្វីចម្លែកនោះទេ ដោយគ្រាន់តែនិយាយ ឬបញ្ចេញនូវទ្រឹស្ដីរបស់ខ្លួនក៏ដូចជាការគិតរបស់ខ្លួនឲ្យគេបានដឹងនិងយកទៅអនុវត្តន៍នោះ ប៉ុន្តែអ្វីដែលលំបាកនោះគឺការអនុវត្តជាក់ស្ដែង ថាតើអ្នកអាចយកដំណោះស្រាយដែលអ្នកបានផ្ដល់ឲ្យគេនោះមកអនុវត្តន៍ផ្ទាល់បានដែរឬអត់?

តួយ៉ាង ពេលដែលមាននរណាម្នាក់មកសុំយោបល់ពីអ្នកថាតើពួកគេគួរតែធ្វើបែបណា គួរគិតបែបណាដើម្បីអាចរួចផុតឬអាចដោះស្រាយនូវបញ្ហានេះបាន ពេលនោះអ្នកប្រាកដជាប្រាប់ជាហូរហែរនូវដំណោះស្រាយ គំនិតអនុវត្តឬទ្រឹស្ដីមួយចំនួនដែលអ្នកធ្លាប់បានរៀននិងធ្លាប់បានស្ដាប់ពីអ្នកដែលជួបផ្ទាល់ ទៅកាន់ពួកគេ ដើម្បីឪ្យពួកគេសាកល្បងធ្វើជាមិនខាន ចំណែកឯលទ្ធផលល្អឬអាក្រក់នោះគឺវាពឹងផ្អែកទៅលើការអនុវត្តន៍ជាក់ស្ដែងរបស់ពួកគេផ្ទាល់ ថាពួកគេអាចធ្វើបានអត់។ 

ជាឧទាហរណ៍ជាក់ស្ដែង អ្នកអាចសាកស្រមៃមើលថា បើសិនជាមិត្តភិក្តិរបស់អ្នកមានបញ្ហាបែកបាក់សង្សារ ឬត្រូវដៃគូរម្នាក់ទៀតបំផ្លាញទំនុកចិត្ត ក្បត់ទៅមានអ្នកថ្មី ហើយមិត្តភក្តិរបស់អ្នកក៏បានទៅរកអ្នកដើម្បីជួយដោះស្រាយបញ្ហា ឬមួយក៏ផ្ដល់ជាយោបល់មួយចំនួនទៅកាន់ពួកគេទាំងពីរអ្នក។ ពេលនោះទោះបីជាអ្នកធ្លាប់មានស្នេហាឬមិនមានក៏ដោយ អ្នកប្រាកដជាក្លាយទៅជាទីប្រឹក្សាដែលសម្បូរទៅដោយទ្រឹស្ដីម្នាក់ និងណែនាំពួកគេជាច្រើនថាគួរតែធ្វើបែបនេះឬបែបនោះទៅប្រសិនជាចង់បានទំនាក់ទំនងនេះមកវិញ។ល។

ប៉ុន្តែបើសិនជាមានករណីបែបនេះបានកើតឡើងមកលើខ្លួនអ្នកផ្ទាល់វិញ អ្នកប្រាកដជាដូចពួកគេអញ្ចឹងដែរ អ្នកនឹងទៅសុំការប្រឹក្សា ក៏ដូចជាទៅរកដំណោះស្រាយពីមិត្តភិក្ត បងប្អូន ឬអ្នកជំនាញដូចតែអ្នកមុនៗដែលអ្នកធ្លាប់បានឲ្យដំបូន្មានអ៊ីចឹង។

សរុបមកបើទោះបីជាអ្នកមានសមត្ថភាពខ្លាំងក្នុងការដោះស្រាយឲ្យអ្នកដទៃបានយ៉ាងមានប្រសិទ្ធភាពក៏ដោយ តែវាក៏មិនប្រាកដថាអ្នកខ្លួនឯងអាចមានសមត្ថភាពដោះស្រាយបញ្ហាឲ្យខ្លួនឯងដែរ ពីព្រោះការនិយាយចេញមកវាមានភាពងាយស្រួលជាងការអនុវត្តផ្ទាល់។

២. វាមិនមែនជាបញ្ហារបស់អ្នកផ្ទាល់

វាស្រដៀងគ្នាទៅនឹងបញ្ហាខាងលើដែរ ប្រសិនបើអ្នកមិនបានស្ថិតនៅក្នុងស្ថានភាពដែលអ្នកដទៃកំពុងតែជួបទេ ហើយវាក៏មិនមែនជាបញ្ហារបស់អ្នកទៀត នោះអ្នកប្រាកដជាពុំមានការខ្វល់ខ្វាយ មិនមានការភ័យព្រួយ ហើយអ្នកក៏មិនបានទៅអង្គុយកើតទុក្ខថាគួរតែធ្វើបែបណា ឬតានតឹងអ្វីច្រើនដែរ ពោលគឺបានត្រឹមតែជួយផ្ដល់ការប្រឹក្សាទៅដល់ពួកគេតែប៉ុណ្ណោះ ធ្វើឬមិនធ្វើគឺអាស្រ័យនៅលើពួកគេខ្លួនឯង។

៣. ប្រើសមត្ថភាពខួរក្បាល ជាងអារម្មណ៍

Pensive female student with hands on cheeks looking down while sitting in light room on blurred background while deciding task in frustration

នៅពេលដែលនរណាម្នាក់មកសុំឲ្យអ្នកជួយស្វែងរកដំណោះស្រាយ តើអ្នកនឹងប្រើប្រាស់សមត្ថភាពខួរក្បាលរបស់អ្នក ឬមួយក៏អារម្មណ៍របស់អ្នកទៅស្រាយនូវបញ្ហានោះ??

ពេលដែលអ្នកជួយដោះស្រាយបញ្ហាឲ្យអ្នកដទៃ៖

អ្នកប្រើប្រាស់ចំណេះដឹង និងសមត្ថភាពខួរក្បាលរបស់អ្នកទាំងអស់ដើម្បីស្វែងរកនូវមធ្យោបាយណាមួយដែលអាចជួយអ្នកដទៃបាន

ឧទាហរណ៍៖ ពេលដែលមិត្តភិត្តអ្នកមកសួរពីវិធីដោះស្រាយបញ្ហាពីអ្នក ថាធ្វើយ៉ាងម៉េចដើម្បីអាចសម្ភាសន៍ជាប់ និងអាចរកការងារល្អបានធ្វើ?  ពេលនោះអ្នកប្រាកដជាណែនាំឲ្យពួកគេឲ្យទៅដាក់ពាក្យនៅក្រុមហ៊ុនមួយAឬB ក៏ដូចជាប្រាប់នូវអ្វីដែលអ្នកបានដឹង បានឮតៗគ្នាពីអ្នកដទៃ ឬដឹងពីការអាននូវអត្ថបទពាក់ព័ន្ធនឹងការងារនេះ  ដើម្បីផ្ដល់ជាដំបូន្មានខ្លះៗទៅកាន់មិត្តភត្តិរបស់អ្នក។ ហើយពួកគេធ្វើបានឬមិនបានគឺអាស្រ័យទៅលើសមត្ថភាព និងការចេះបត់បែនរបស់មិត្តភក្តិអ្នក។

ពេលដែលអ្នកជួបផ្ទាល់ខ្លួនឯង

ពេលដែលស្ថានភាពមួយនោះធ្លាក់មកលើខ្លួនអ្នកវិញ មិនថាតែអ្នកឬអ្នកដទៃទៀតនោះទេ ភាគច្រើនគឺប្រាកដជាយកមនោរម្មណ៍របស់ខ្លួនជាអាទិភាពមកក្នុងការដោះស្រាយបញ្ហាជាមិនខាន ដូចជាអារម្មណ៍ភ័យព្រួយ អារម្មណ៍កើតទុក្ខ ស្មុគស្មាញចិត្ត ឬតប់ប្រមល់ក្នុងចិន្តាជាដើម។ ​ ដោយសារតែពេលដែលអ្នកជួយដោះស្រាយបញ្ហាហ្នឹងឲ្យគេ អ្នកគឺត្រឹមតែជាអ្នកផ្ដល់យោបល់ ផ្ដល់ការប្រឹក្សាឲ្យពួកគេតែប៉ុណ្ណោះ ប៉ុន្តែអ្នកមិនមែនជាអ្នកជួបផ្ទាល់ ឬត្រូវធ្វើផ្ទាល់ដូចជាពេលនេះនោះទេ ។  

សរុបមកមូលហេតុដែលធ្វើឲ្យអ្នកអាចដោះស្រាយឲ្យអ្នកដទៃបាន តែមិនអាចស្វែងរកដំណោះស្រាយឲ្យខ្លួនឯងបាន គឺដោយសារតែអ្នកចូលចិត្តប្រើនូវមនោរម្មណ៍របស់អ្នកច្រើនជ្រុលពេក កំឡុងពេលដែលត្រូវដោះស្រាយបញ្ហាឲ្យខ្លួនឯង។

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។