មនុស្សខ្លាំងពិតប្រាកដ គឺជាបុគ្គលដែលមិនចង់ឈ្នះចាញ់លើអ្នកដទៃទេ តែគ្រាន់តែរស់នៅសម្អាតចិត្តខ្លួនឯង ចេះធ្វើទង្វើល្អត្រឹមត្រូវ និង ប្រឹងប្រែងដោយគ្មានចិត្តលោភលន់។ មនុស្សធម្មតាគិតថាខ្លួននិងអ្នកដទៃគឺដូចតែគ្នា។ មនុស្សអវិជ្ជមានគិតថាខ្លួនឯងអន់ជាងអ្នកដទៃ។ ហើយមនុស្សមានអំណួតគិតថាខ្លួនឯងខ្លាំងជាងអ្នកដទៃ។

បុគ្គលទាំង៣ប្រភេទនេះគឺពុំមែនជាមនុស្សដែលគួរឲ្យរៀនសូត្រតាមឡើយ ពីព្រោះបើទោះបីជាគេជោគជ័យហួសមេឃក៏ដោយ តែបើចិត្តរបស់គេមិនស្អាត ក៏នៅតែពុំសុខបានពេញលេញដដែរ។ ជ័យជម្នះពិតប្រាកដដែលអ្នកត្រូវតែយកឈ្នះនោះ គឺឈ្នះលើខ្លួនឯង រីឯបរាជ័យពិតប្រាកដនោះគឺការចាញ់ខ្លួនឯងនេះឯង។ មួយវិញទៀតបើសិនជាអ្នកមានចំណេះដឹងជ្រៅជ្រះ អ្នកគួរតែចែករំលែកចំណេះដឹងនោះទៅកាន់អ្នកដទៃឲ្យបានច្រើនដើម្បីឲ្យប្រទេសយើងទាំងមូលកាន់តែរីកចម្រើន ប៉ុន្តែអ្នកមិនត្រូវយកចំណេះដឹងទាំងនោះទៅធ្វើរឿងដែលសង្គមស្អប់ខ្ពើមនោះទេ ហើយអ្នកក៏ពុំគួរគិតថាខ្លួនឯងអស្ចារ្យខណៈពេលដែលខ្លួនឯងធ្វើរឿងពុំគប្បីទាំងនោះឲ្យសោះ។
ដូចនេះ ចេះអ្វី និងដឹងអ្វីក៏ដោយ គឺត្រូវតែភ្ជាប់មកជាមួយនឹងសិលធម៌និងគុណធម៌មកជាមួយខ្លួនជានិច្ច។
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ ប្រតិទិនទស្សនៈ២២២ថ្ងៃ