អ្វីគ្រប់យ៉ាងគឺសុទ្ធតែត្រូវការពេលវេលាក្នុងការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែងអ្នកខ្លះ នៅពេលដែលចាប់ផ្ដើមរៀនជំនាញថ្មីអ្វីមួយគឺពួកគេឆាប់ចាប់បាន ពួកគេឆ្លាត ឆាប់យល់ ឆាប់ទទួលបានចំណេះដឹងទាំងនោះបានឆាប់រហ័ស និងអាចយកវាទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងមានប្រសិទ្ធភាពថែមទៀត ប៉ុន្តែផ្ទុយទៅវិញយើងឃើញថាមានមនុស្សមួយចំនួនទៀត គឺគាត់ខិតខំប្រឹងប្រែងរៀនសូត្រឲ្យពូកែដូចគេដែរ ព្យាយាមណាស់ដែរប៉ុន្តែពួកគេនៅតែមិនអាចពូកែដូចគេ មិនអាចរៀនជំនាញទាំងនោះបានចេះចាំដូចគេ តើវាបណ្ដាលមកពីមូលហេតុអ្វីទៅ? ហេតុអ្វីបានជាខំហើយនៅតែមិនអាចពូកែដូចជាគេអញ្ចឹង?
ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យអ្នកជាមនុស្សដែលរៀនអ្វីយឺតជាងគេ និងចំណាយពេលយូរជាងគេទើបអាចសម្រេចកិច្ចការ ក៏ដូចជារៀនជំនាញនោះចេះដូចគេ៖
មូលហេតុទី១៖ អ្នកខ្វះការផ្ដោតអារម្មណ៍ទៅការរៀនជំនាញទាំងនោះ ទើបធ្វើឲ្យអ្នករៀនយឺតជាងគេ ( Slow Learner )

ការផ្ដោតអារម្មណ៍ក្នុងការធ្វើអ្វីមួយ វាគឺជាមូលហេតុដែលជួយជម្រុញឲ្យអ្នកកាន់តែយល់ច្បាស់ពីបញ្ហាក៏ដូចជារឿងរ៉ាវទាំងនោះបានល្អ។ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ទៅលើអ្វីដែលអ្នកកំពុងតែធ្វើ និងអ្វីដែលអ្នកកំពុងតែរៀននោះទេ ច្បាស់ណាគឺអ្នកមិនអាចយល់ពីគោលបំណង មិនអាចយល់ពីខ្លឹមសារមេរៀន ហើយក៏មិនយល់ថាខ្លួនឯងកំពុងតែធ្វើអ្វី និងធ្វើដើម្បីអ្វីនោះដែរ។ នៅពេលដែលអ្នកមិនយល់ មិនទទួលបានអ្វីហើយនោះ(ចំណេះដឹង) អ្នកប្រាកដជាគិតថាខ្លួនឯងជាមនុស្សម្នាក់ដែលរៀនអ្វីក៏មិនចេះ ធ្វើអ្វីក៏មិនកើត ជាមនុស្សល្ងង់ ហើយថែមទាំងគិតថាខ្លួនជាមនុស្សដែលត្រូវចំណាយពេលយូរទើបអាចចេះ និងយល់បានដូចគេ។ ដូចនេះដំណោះស្រាយដ៏ល្អបំផុតគឺ អ្នកគួរតែបង្កើននូវការយកចិត្តទុកដាក់ ដាក់ចិត្តដាក់កាយរៀនពីវា និងផ្ចង់អារម្មណ៍ឲ្យបានមូលនៅពេលដែលអ្នករៀនជំនាញអ្វីមួយ ឬធ្វើកិច្ចការអ្វីផ្សេងទៀត ពេលនោះអ្នកនឹងដឹងថាអ្នកមិនមែនជាមនុស្សដែលរៀនអ្វីតែងយឺតជាងគេដូចពីមុននោះទេ។
មូលហេតុទី២៖ បណ្ដាលមកពីផ្នត់គំនិត និងជំនឿរបស់អ្នកមកលើអ្នកខ្លួនឯង

អ្នកគិតបែបណាអ្នកនឹងក្លាយទៅជាបែបនោះនៅពេលណាមួយ
បើអ្នកមានផ្នត់គំនិតមួយដែលអវិជ្ជមានឬផ្នត់គំនិតដែលគិតថាខ្លួនឯងអន់គ្រប់ពេល នោះពួកគេអ្នកនឹងគ្មានថ្ងៃអាចរីកចម្រើននោះទេ ព្រោះផ្នត់គំនិតអវិជ្ជមានទាំងនោះបានជ្រាបចូលទៅក្នុងរាងកាយរបស់អ្នករួចជាស្រេចទៅហើយ។ ជាក់ស្ដែងដូចជាការរៀនជំនាញណាមួយអញ្ចឹង បើអ្នកគិតថាអ្នករៀនជំនាញនេះមិនចេះទេ នោះអ្នកប្រាកដជាមិនចេះ ពីព្រោះសារ “មិនចេះ”មួយនេះវាបានបញ្ជូនទៅកាន់ខួរក្បាលរបស់អ្នកទៅហើយ ដូចនេះបើទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏អ្នកនៅតែមិនអាចខ្លាំងពូកែដូចគេបានដែរ។ ប៉ុន្តែបើសិនជាអ្នកក្រឡេកមកមើលមនុស្សដែលមានផ្នត់គំនិតវិជ្ជមាន និងមានជំនឿជឿជាក់លើខ្លួនឯងវិញ អ្នកនឹងឃើញថា បើសិនជាគេដាក់ចិត្តរៀនអ្វីមួយហើយ គឺពួកគេត្រូវតែរៀនឲ្យចេះ រៀនឲ្យពូកែ ដោយប្រើប្រាស់តិចនិករៀនមួយចំនួនដើម្បីអាចឲ្យពួកគេឆាប់រៀនជំនាញទាំងនោះបានឆាប់រហ័ស ព្រោះពួកគេមិនចង់ចំណាយពេលច្រើនទៅលើការរៀនឬធ្វើកិច្ចការងារតែមួយមុខ។ ដូចនេះរៀនគិតវិជ្ជមាន ដើម្បីបង្កើតនូវផ្នត់គំនិតវិជ្ជមាន និងដើម្បីភាពវឌ្ឍនភាពរបស់អ្នក។
មូលហេតុទី៣៖ គិតថាវារឿងងាយស្រួល ធ្វើទៅវានឹងសម្រេច

នៅពេលដែលអ្នកគិតថាចង់ជ្រើសរើសជំនាញ ឬមុខវិជ្ជាណាមួយ អ្នកនឹងចាប់ផ្ដើមសន្និដ្ឋានថាវានឹងមានភាពងាយស្រួល វានឹងទៅដោយរលូនទៅតាមអ្វីដែលអ្នកគិត ទៅតាមអ្វីដែលអ្នកចង់បាន ប៉ុន្តែភាពពិតជាក់ស្ដែងគឺថាជំនាញដែលអ្នករើសនោះគឺវាពោរពេញទៅដោយឧបសគ្គ ការលំបាក ស្មុគស្មាញ ចំណាយថាមពលច្រើន និងមានទំនួលខុសត្រូវច្រើន។ ពេលដែលអ្នកគិតថាវាងាយស្រួលពេក វានឹងធ្វើឲ្យអ្នកខកចិត្តកាន់តែខ្លាំងពេលដែលវាកើតឡើង បន្ទាប់មកអ្នកនឹងចាប់ផ្ដើមបន្ទោសខ្លួនឯង គិតថាខ្លួនឯងអន់ ខ្លួនឯងគ្មានសមត្ថភាព គិតថាខ្លួនឯងហ្នឹងរៀនអ្វីក៏មិនកើត រៀនអ្វីក៏មិនចេះ ដែលនេះហើយជាមូលហេតុធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលរៀនយឺតជាងគេ។
មូលហេតុទី៤៖ បទពិសោធន៍រៀនរបស់អ្នកពីមុន ជះឥទ្ធិពលដល់ការរៀនរបស់អ្នកពេលបច្ចុប្បន្ន

អ្វីដែលអ្នកធ្លាប់ទទួលការឈឺចាប់ពីការរៀនអ្វីមួយពីមុន វានឹងធ្វើឲ្យអ្នកមានភាពខ្លាចរអារក្នុងការរៀនជំនាញថ្មីមួយទៀតនាពេលបច្ចុប្បន្ន។ ជាក់ស្ដែងដូចជា បើសិនជាពីមុនអ្នកធ្លាប់ជិះម៉ូតូដួលដាច់រលាត់ដៃជើងនិងមុខ នោះអ្នកនឹងរៀងចាល ជាមួយនឹងបទពិសោធន៍បែបនោះទៀត ហើយអ្នកលែងចង់បើកម៉ូតូដោយខ្លួនឯងទៀតនោះទេ ព្រោះវាជាបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន ដូចនេះបើទោះបីជាមានម៉ូតូស្អាតយ៉ាងណាដើម្បីឲ្យអ្នកជិះ ក៏អ្នកមិនចង់ជិះដែរព្រោះអ្នកខ្លាចជួបហេតុការណ៍ដូចពេលមុនទៀត។ ករណីនេះវាពុំមានអ្វីខុសគ្នាពីការរៀនសូត្រនោះទេ បើពីមុនអ្នកប្រឡងតែងតែបានពិន្ទុតិច បានលេខចុងក្រោយគេជារៀងរាល់ខែ គ្រូស្ដីឲ្យរាល់ថ្ងៃ នោះអ្នកនឹងលែងមានអារម្មណ៍ចង់រៀនតទៅទៀត ជាពិសេសនោះគឺវាធ្វើឲ្យអ្នកលែងចង់ធ្វើ លែងចង់រៀនអ្វីដែលថ្មីៗទៀត។
ដូចនេះមូលហេតុដែលធ្វើឲ្យអ្នករៀនអ្វីក៏ដោយតែងតែមានភាពយឺតយាវជាងគេ គឺដោយសារតែអ្នកខ្លាចក្នុងការសាងកំហុសដែលអ្នកធ្លាប់ជួបពីមុន ហើយមិនហ៊ានសាកល្បងអ្វីដែលថ្មី ដោយសារតែផ្នត់គំនិតនិងជំនឿរបស់អ្នកមកកាន់ខ្លួនឯង និងខ្វះការផ្ដោតអារម្មណ៍ទៅលើកិច្ចការទាំងនោះ។