អបអរទិវាគុណម្ដាយ ០៩. ០៥. ២០២១
តើអ្នកមានដឹងអត់ថាម្ដាយរបស់អ្នកបានលះបង់អ្វីខ្លះសម្រាប់អ្នក?
អ្នកម្ដាយគឺជាមនុស្សម្នាក់ដែលតែងមើលថែទាំ ចិញ្ចឹមបីបាច់ និង ផ្ដល់ក្ដីស្រលាញ់ដល់កូនៗគ្រប់គ្នាតាំងពីតូចក្រូចឆ្មារហូតដល់ធំពេញរូបពេញរាង។គាត់គឺជាមនុស្សម្នាក់ដែលរឹងមាំបំផុត ហ៊ានធ្វើគ្រប់បែបយ៉ាង ហ៊ានស៊ូទ្រាំតតាំងគ្រប់ឧបសគ្គតែម្នាក់ឯង ដើម្បីកូនៗជាទីស្រលាញ់របស់គាត់បានសេចក្ដីសុខ។ តើអ្នកដឹងទេថា ថ្ងៃដែលអ្នកទាំងអស់គ្នាបានកើតមកឃើញពន្លឺថ្ងៃនិង ពិភពលោកដ៏ស្រស់បំព្រងនេះ គឺជាថ្ងៃដែលម្ដាយរបស់អ្នកហ៊ានលះបង់ភាពអៀនខ្មាស់របស់ខ្លួនដើម្បីអ្នក ជាថ្ងៃដែលគាត់ឈឺចុកចាប់សព្វពេញប្រាណ និង ខ្សោះអស់កម្លាំងកំហែងដើម្បីរូបអ្នក ប៉ុន្តែទោះបីជាគាត់ជួបនឹងការលំបាកយ៉ាងណាក៏ដោយ ក៏ម្ដាយរបស់អ្នកអាចញញឹមបាន ពីព្រោះគាត់បានឮសម្លេងអ្នកយំ គាត់បានឃើញមុខដ៏ស្រស់ស្អាតរបស់អ្នក និង អាចឱបអ្នកឲ្យជាប់នៅនឹងទ្រូងរបស់គាត់ នេះហើយគឺជាសេចក្ដីសុខរបស់គាត់។

ដូចនេះគាត់គឺជាវីរៈនារីដ៏ក្លាហានម្នាក់ដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីអ្នក លះបង់ទាំងសម្រស់ លះបង់ទាំងភាពស៊ីវីល័យ ភាពឡូយឆាយ និង លះបង់នូវសេចក្ដីសុខខ្លួនឯងដើម្បីជីវិតរបស់អ្នក។ ហេតុនេះហើយអ្នកត្រូវស្រលាញ់គាត់ឲ្យច្រើនៗ មើលថែទាំគាត់ឲ្យបានល្អឲ្យដូចពេលគាត់មើលថែអ្នកដូច្នឹងដែរ ហើយអ្នកត្រូវចាំថាគ្មាននរណាម្នាក់ដែលស្រលាញ់អ្នកដូចពួកគាត់ឡើយទោះបីជាគាត់តែងតែស្ដីបន្ទោសអ្នកក៏ដោយក៏ប៉ុន្តែចិត្តរបស់គាត់នៅតែស្រលាញ់អ្នកលើសជីវិតគាត់ទៅទៀត។ ក្ដីស្រឡាញ់របស់គាត់ជាក្ដីស្រលាញ់មួយដែលមិនងាយនឹងប្រែ ជាក្ដីស្រលាញ់ដែលមិនងាយសាបសូន្យ។
កុំស្រលាញ់ឪពុកម្ដាយរបស់អ្នកតែថ្ងៃនេះ កុំថតរូបជាមួយពួកគាត់ដើម្បីបង្ហាញពីភាពដឹងគុណរបស់អ្នករួចបង្ហោះនៅលើបណ្ដាញសង្គមតែថ្ងៃនេះ ចូរស្រលាញ់ពួកគាត់និងមើលថែគាត់ឲ្យដូចជាពេលដែលគាត់ស្រលាញ់អ្នកនិងមើលថែអ្នក។ហើយពួកយើងសូមជូនពរឲ្យអ្នកម៉ាក់គ្រប់រូបមានសុខភាពល្អ និងកាន់តែស្រស់ស្អាតជាងវ័យ។
