តើនៅពេលដែលអ្នកអានអ្នកប្រើវិធីសាស្រ្តអ្វីដើម្បីចងចាំនូវអត្ថន័យខ្លឹមសារនៅក្នុងសៀវភៅបាន?
ជាធម្មតាទម្លាប់នៃការអាន និង វិធីសាស្ត្រនៃការអានរបស់បុគ្គលម្នាក់ៗតែងខុសៗគ្នាទៅតាមចំណង់ចំណូលចិត្ត។បុគ្គលខ្លះគាត់ចូលចិត្តកត់ចំណាំឬហាយឡាយពណ៌រត្រង់ចំណុចសំខាន់ៗនៅពេលអាន ឯបុគ្គលខ្លះគាត់មិនចូលចិត្តកត់ត្រាពេលអានទេតែគាត់ចូលចិត្តអានហើយសរុបពីគំនិតនិងដំបូន្មាននោះតែម្ដងវាលឿនជាងការកត់ត្រា។

ខណៈពេលដែលកំពុងអានសៀវភៅ ជម្រើសដ៏ល្អបំផុតអ្នកគួរតែមានប៊ិចឬកូនសៀវភៅដើម្បីកត់ចំណាំទុកនូវខ្លឹមសារណាដែលល្អៗ និងគំនិតមួយចំនួនដែលអ្នកគិតថាវាអាចជម្រុញអ្នកនិងលើកទឹកចិត្តអ្នកឲ្យព្យាយាម និង បន្តដំណើរទៅមុខទៀតដើម្បីសម្រេចគោលដៅរបស់អ្នក។ឬវិធីម្យ៉ាងទៀតអ្នកអាចគូររង្វង់នៅត្រង់ចំណុចណាដែលអ្នកគិតថាសំខាន់ រួចដៅចំណុចទុកត្រង់ប្រយោគណាដែលអ្នកគិតថាជាប្រយោគដែលមិនសមហេតុផលឬជាគំនិតអញនិយម ឬមួយគូរជាបន្ទាត់ត្រង់ឃ្លាណាដែលអ្នកចាប់អារម្មណ៍ជាដើម ព្រោះការធ្វើបែបនេះនឹងជួយអ្នកឲ្យមានភាពងាយស្រួលក្នុងការរកមើលនូវចំណុចសំខាន់ៗនៅពេលដែលអ្នកចាប់ផ្ដើមកាន់វាម្ដងទៀត ហើយក៏ជួយជម្រុញឲ្យអ្នកកាន់តែយល់ច្បាស់ពីអត្ថន័យ និង គោលបំណងដែលមាននៅក្នុងសៀវភៅផងដែរ។ពេលខ្លះយើងអានសៀវភៅពិតមែនយើងក្ដោបអត្ថន័យទាំងអស់នោះបានយល់ពិតមែន ប៉ុន្តែប្រសិននៅពេលណាមួយអ្នកចង់យកវាមកមើលដើម្បីយកជាគំនិត នោះអ្នកនឹងត្រូវចំណាយពេលអានវាសារជាថ្មីម្ដងទៀត តែបើអ្នកបានធ្លាប់ហាយឡាយឬកត់ទុកមកពីមុនហើយ អ្នកនឹងងាយស្រួលពេលបើកអានម្ដងទៀត។ហើយអ្វីដែលសំខាន់នៅពេលអាន អ្នកត្រូវព្យាយាមផ្ដោតអារម្មណ៍របស់អ្នកឲ្យមូល ផ្ដោតទៅលើអ្វីដែលអ្នកកំពុងអាន កុំស្រមើស្រម៉ៃឬគិតពីរឿងផ្សេងដើម្បីបង្កើតការសន្ទនាជាមួយនឹងអ្នកនិពន្ធឲ្យយល់ពីគំនិត ទស្សនៈ ជីវិត បទពិសោធន៍និង គោលការណ៍របស់អ្នកនិពន្ធ។

ដូចនេះដើម្បីចងចាំនូវអត្ថន័យខ្លឹមសារដែលមាននៅក្នុងសៀវភៅ អ្នកគួរតែកត់ចំណាំនៅលើស្ទីកឃើរ ឬ មួយហាយឡាយពណ៌ត្រង់ចំណុចសំខាន់ដើម្បីជាការរំឮកអ្នកនៅពេលក្រោយ ព្រោះប្រសិនជាអ្នកយកសៀវភៅនោះមកមើលឡើងវិញ អ្នកប្រាកដជាមិនអានឡើងវិញទេ អ្នកប្រាកដជាមើលត្រង់ចំណុចណាដែលអ្នកបានគូរ បានកត់តែប៉ុណ្ណោះ។