Homeអភិវឌ្ឍន៍ខ្លួនឯងជម្រុញទឹកចិត្ត៣ចំណុចដែលអ្នកអាចរៀនពីការបរាជ័យ

៣ចំណុចដែលអ្នកអាចរៀនពីការបរាជ័យ

ការបរាជ័យគឺជាអ្វីដែលមនុស្សស្អប់បំផុត ហើយក៏មិនចង់ជួប មិនចង់ឆ្លងកាត់នៅក្នុងជីវិតដែរ បើទោះបីជាយើងចង់រត់គេចដល់ទីណាកន្លែងណាក៏គេចមិនផុតពីវាដែរ ព្រោះមនុស្សគ្រប់គ្នាគឺចាំបាច់ត្រូវតែជួបវាម្ដងឬពីរដងឬច្រើនជាងនេះ ដើម្បីលត់ដំស្មារតី និងបង្កើនសមត្ថភាពភាពឲ្យកាន់តែខ្លាំងតែមុន។ យើងឃើញហើយថាភាគច្រើនមនុស្សដែលទើបតែងើបពីរឿងបរាជ័យ ពួកគេច្រើនតែខ្លាំងជាងមុន រឹងមាំជាងមុន ក្លាហានជាងមុន​ លិ្អតល្អន់ជាងមុន និងឆ្លាតជាងមុនជាងអ្នកដែលមិនទាន់បានឆ្លងកាត់ ព្រោះការបរាជ័យបានបង្រៀនមេរៀនដ៏ល្អវិសេសមកកាន់យើងទាំងអស់គ្នា។ដូចនេះបើសិនជាអ្នកកំពុងតែជួបរឿងបរាជ័យ នោះមានន័យថាភាពជោគជ័យរបស់អ្នកក៏កំពុងតែខិតមកជិតអ្នកដែរ។ ខាងក្រោមនេះគឺជាមេរៀនដែលអ្នកអាចរៀនពីភាពបរាជ័យបាន៖

Illustration of business achievement Free Vector

១. បរាជ័យជួយអ្នកឲ្យរឹងមាំជាងមុន

ពេលដែលអ្នកជួបបញ្ហាច្រើន ជួបរឿងរ៉ាវស្មុគស្មាញច្រើន អ្នកនឹងចាប់ផ្ដើមរៀនបន្សាំខ្លួនជាមួយនឹងបញ្ហាក៏ដូចជាបរិយាកាសទាំងនោះ ដោយព្យាយាមរិះរកមធ្យោបាយបែបណាដើម្បីដោះស្រាយរឿងនោះឲ្យបានដាច់ស្រេច។ ហើយខណៈពេលនោះហើយ ជាពេលដែលអ្នកកំពុងតែគិតថា បើសិនជាអ្នកនៅតែទន់ខ្សោយ នៅតែខ្លាចនេះខ្លាចនោះ អ្នកនឹងគ្មានថ្ងៃអាចសម្រេចកិច្ចការទាំងនោះបានជោគជ័យនោះទេ ដូចនេះមានតែវិធីតែមួយគត់គឺត្រូវតែរឹងមាំនិង ត្រូវតែក្លាហានជាងមុន។

២. បរាជ័យបង្រៀនយើងឲ្យចេះផ្លាស់ប្ដូរ

អ្នកបរាជ័យ ប្រហែលជាបណ្ដាលមកពីកិច្ចការរបស់អ្នកកំពុងតែមានភាពខ្វះចន្លោះត្រង់កន្លែងណាមួយដែលអ្នកពុំបានចាប់អារម្មណ៍។ជាក់ស្ដែង អ្នកដឹងហើយថាមូលហេតុដែលធ្វើឲ្យអ្នកប្រឡងធ្លាក់ គឺដោយសារតែអ្នកមិនបានយកចិត្តទុកដាក់និងមិនខ្វល់ខ្វាយទៅលើការសិក្សា។ ហើយប្រសិនបើអ្នកលក់មិនដាច់ក៏ដោយសារតែអ្នកលក់តែផលិតផលដដែលៗ ពុំមានការច្នៃប្រឌិតនូវអ្វីដែលថ្មី ឬមួយក៏ដោយសារតែអ្នកខ្វះការទំនាក់ទំនងជាមួយអតិថិជនជាដើម។បើសិនជាអ្នកនៅតែធ្វើរឿងដដែលៗ គិតលើបញ្ហាដដែលៗ ហើយចង់រំពឹងផលល្អនោះ គឺវាមិនអាចទៅរួចនោះទេ វាអាចទៅរួចលុះត្រាតែអ្នកចេះផ្លាស់ប្ដូរវិធីសាស្ត្រ និងយុទ្ធសាស្ត្រនៃការគិតទើបប្រសើរ។ ដូចនេះនៅពេលដែលអ្នកចង់ចាប់ផ្ដើមធ្វើរឿងអ្វីមួយ អ្នកគួរឈប់បន្ដិចដើម្បីងាកទៅមើលទៅលើការបរាជ័យរបស់អ្នកពីមុនៗ ស៊ឹមចាប់ផ្ដើមធ្វើរឿងនោះ ដើម្បីទាញយកនូវផលប្រយោជន៍ពីវានោះ ជាពិសេសគឺដើម្បីដឹងថាតើអ្នកពីមុនបានធ្វើរឿងអ្វីខ្លះបានជាវាតែងតែបរាជ័យរហូតអ៊ីចឹង? ហើយឥលូវនេះតើអ្នកគួរតែផ្លាស់ប្ដូរយុទ្ធវិធីរបៀបណាដើម្បីទទួលបានជោគជ័យ?

៣. បរាជ័យគឺជាអ្នកលើកទឹកចិត្តយើងឲ្យប្រឹងប្រែងជាមុន

Toy bricks Free Photo

អ្នកខ្លះយកការបរាជ័យ និងភាពឈឺចាប់ដែលទទួលបានពីការបរាជ័យទាំងនោះមកធ្វើជាឈ្នាន់សម្រាប់ជាន់ទៅទីខ្ពស់ជាងនេះ ជាពិសេសគឺពួកគេបានយកភាពបរាជ័យទាំងនោះមកធ្វើជាកម្លាំងចិត្តដើម្បីធ្វើឲ្យខ្លួនឯងអាចបន្តដំណើរទៅផ្លូវខាងមុខទៀត។ ប៉ុន្តែអ្នកខ្លះវិញពួកគេមិនមែនបែបនោះទេ ពោលគឺថាពេលដែលពួកគេបរាជ័យម្ដងឬក៏ពីរដង ពួកគេក៏ចាប់ផ្ដើមបាក់ទឹកចិត្ត អស់សង្ឃឹម បាក់ស្បាតជាមួយនឹងឧបសគ្គទៅហើយ ព្រមទាំងខ្លាចលែងហ៊ានធ្វើបន្តទៀត ព្រោះតែគេគិតថា ប្រហែលជាពួកគេគ្មានសង្ឃឹមអាចទទួលបានជោគជ័យដូចគេទេមើលទៅ ដូចនេះពួកគេក៏សម្រេចចិត្តបោះបង់វាតែម្ដង។

        ដូចនេះដើម្បីឲ្យខ្លួនឯងទទួលនូវបានភាពជោគជ័យនាពេលអនាគត អ្នកត្រូវហ៊ានទទួលយកអ្វីដែលជាការពិត ហ៊ានផ្លាស់ប្ដូរ ហ៊ានទទួលនិងរៀនពីភាពបរាជ័យ ព្រមទាំងចាប់ផ្ដើមខ្លួនឯងសារជាថ្មីដោយយកមេរៀនចាស់ៗដែលអ្នកឆ្លងកាត់មកធ្វើជាបទពិសោធន៍ ដើម្បីឲ្យជាន់ដានចាស់តទៅទៀត។