នៅក្នុងឆ្នាំ២០២០យើងឃើញថាមានបញ្ហាជាច្រើនបានកើតឡើងផ្ទួនៗគ្នា ដែលយើងគ្រប់គ្នាមិនដែលនឹកស្មានដល់ទាល់តែសោះ ជាពិសេសនោះគឺការប្រឈមមុខជាមួយនឹងជម្ងឺឆ្លងកូវីដ១៩នេះតែម្ដង។ បន្ទាប់ពីបញ្ចប់ឆ្នាំ២០២០ចូល២០២១ នោះយើងគ្រប់គ្នាក៏សង្ឃឹមថាអ្វីៗគ្រប់បែបយ៉ាងនឹងល្អប្រសើរ ប៉ុន្តែការពិតជាក់ស្ដែងគឺយើងត្រូវប្រឈមមុខជាមួយនឹងបញ្ហាជម្ងឺកូវីដ១៩នេះកាន់តែធ្ងន់ធ្ងរជាងមុនទៅវិញ ដែលជាហេតុធ្វើឲ្យយើងម្នាក់ៗពិបាកក្នុងការចេញទៅខាងក្រៅជួបមិត្តភក្តិ ជួបដៃគូអាជីវកម្ម មិនអាចទៅចូលរួមសិក្ខាសិលា។ រីឯសិស្សនិងបុគ្គលិកភាគច្រើនត្រូវរៀននិងធ្វើការពីផ្ទះ ហើយយើងក៏មិនអាចធ្វើអ្វីដែលយើងបានគ្រោងទុកនៅក្នុងឆ្នាំ២០២០ដែរ។

តែយ៉ាងណាក៏ដោយ កំឡុងពេលនេះ វាគឺជាពេលវេលាមួយដ៏ល្អវិសេសបំផុតដើម្បីធ្វើការស្វ័យសិក្សានូវជំនាញថ្មីៗ រៀបចំការគិតឲ្យមានសណ្ដាប់ធ្នាប់ និង អភិវឌ្ឍការគិតរបស់ខ្លួនឯងឲ្យកាន់តែឈ្លាសវៃ ព្រោះអ្នកមានពេលច្រើនជាងពេលដែលអ្នកធ្វើការនិងរៀនសូត្រ ដូចនេះអ្នក។ យ៉ាងណាមិញដើម្បីធ្វើឲ្យសមត្ថភាពរបស់អ្នកកាន់តែរីកចម្រើន អ្នកអាចសាកល្បងធ្វើនូវ៥ចំណុចខាងក្រោមនេះបាន៖
១. រៀនភាសាដោយខ្លួនឯង (learn new languages)

អ្នកអាចចំណាយពេលវេលានេះដើម្បីរៀនភាសាថ្មីៗដែលគេកំពុងតែពេញនិយមប្រើប្រាស់ ដូចជាភាសាអង់គ្លេស ភាសាចិន ភាសាថៃ កូរ៉េ ភាសាជប៉ុន និងភាសាដទៃទៀតដែលអ្នកចង់រៀន តាមរយៈ YOUTUBE, FACEBOOK,និង WEBSITE ផ្សេងទៀតដែលអាចជួយអ្នកបាន។ ហើយចំពោះអ្នកដែលចេះខ្លះហើយ អ្នកក៏ត្រូវតែឧស្សាហ៍រំឮកវា អានវា អនុវត្តន៍វាជារៀងរាល់ថ្ងៃដែរ ជៀសវាងការភ្លេចភ្លាំងបន្ទាប់ពីចប់ជម្ងឺកូវីដ១៩នេះ។
២. បន្តអភិវឌ្ឍជំនាញតាមរយៈវគ្គសិក្សាខ្លីៗ ( study a short course)

អ្នកអាចអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកនៅក្នុងកំឡុងពេលកូវីដ១៩នេះតាមរយៈការរៀននូវជំនាញថ្មីៗ ដែលជាការរៀនវគ្គខ្លីៗនៅក្នុងគេហទំព័រល្បីៗមួយចំនួនដូចជា៖
- Coursera
- EDX
- Udemy
- Skill share
- Impact Hub
Wesite ទាំងនេះជា Wesite ដែលអាចឲ្យលោកអ្នករៀនជំនាញថ្មីៗជាច្រើន ដូចជា Digital Marketing, Business, Human Resource Management….។
៣. ចូលរួមសិក្ខាសិលាតាមអនឡាញ (online meeting)

នៅលើបណ្ដាញសង្គមបច្ចុប្បន្ននេះ គឺសម្បូរទៅដោយសិក្ខាសិលាជាច្រើនដែលត្រូវបានធ្វើឡើងតាមអនឡាញដោយឥតគិតថ្លៃ ដែលភាគច្រើនត្រូវបានគេលើកឡើងពីបញ្ហាសង្គម និយាយពិភាក្សាគ្នាពីការធ្វើទីផ្សារ ការចាប់ផ្ដើមអាជីវកម្ម ឬការស្វែងរកដំណោះស្រាយថ្មីៗដើម្បីពង្រឹងអាជីវកម្មជាដើម។ដូចនេះទោះបីជាបញ្ហាកូវីដ១៩នៅតែបន្តកើតមានក៏ដោយក៏អ្នកនៅតែអាចចូលរួម អាចចែករំលែក និងទទួលបានគំនិតថ្មីៗពីអ្នកជំនាញតាមរយៈការប្រជុំអនឡាញនេះបានដែរ។
៤. ទម្លាប់ខ្លួនឲ្យអានសៀវភៅ (reading challenge)

អ្នកនៅផ្ទះប្រហែលជាអផ្សុកណាស់មែនអត់? សូម្បីតែមើលពត៌មាននៅលើបណ្ដាញសង្គមក៏ធ្វើឲ្យអ្នកធុញថប់ណាស់ដែរមែនទេ? មិនត្រឹមតែធុញទេគឺធ្វើឲ្យអ្នកមានអារម្មណ៍ឆាប់មួម៉ៅ ឈឺក្បាល និងឈឺភ្នែកតែម្ដង ។ដូចនេះដើម្បីកុំឲ្យអផ្សុក អ្នកអាចសាកល្បងវិធីថ្មីដែលជួយអ្នកកុំឲ្យធុញហើយ ថែមទាំងទទួលបានចំណេះដឹងមកវិញថែមទៀត នោះគឺការអានសៀវភៅ។អានសៀវភៅកាន់តែច្រើន អ្នកនឹងកាន់តែយល់ដឹងរឿងរ៉ាវថ្មីៗបានកាន់តែច្រើន ដឹងពីទិចនិចដោះស្រាយបញ្ហា និងវិធីសាស្រ្តអភិវឌ្ឍខ្លួនឯងក៏ច្រើនផងដែរ។ ដូចនេះចាប់ពីថ្ងៃនេះទៅអ្នកអាចសាកល្បងចំណាយពេល៥ទៅ១០ក្នុងមួយថ្ងៃដើម្បីអានសៀវភៅ(សៀវភៅអ្វីក៏បានឲ្យតែអ្នកចង់អាន) ឬមួយក៏ចាប់ផ្ដើមអានពី៤ទៅ៥ទំព័រសិនក៏បាន។
៥. មើលថែសុខភាពផ្លូវចិត្ត

អ្នកគួរយកពេលនេះដើម្បីមើលថែនិងតាមដានសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានល្អវិញម្ដង ដើម្បីកុំឲ្យអារម្មណ៍របស់អ្នកចេះតែរវើរវាយ ចេះតែហោះហើរឆ្វាត់ឆ្វែងគ្រប់ទិសទី។ដូចនេះ អ្នកគួរតែចំណាយពេលខ្លះដើម្បីនៅជាមួយខ្លួនឯង សួរខ្លួនឯង ស្វែងយល់ពីការគិត ចំណង់ចំណូលចិត្ត ក៏ដូចជារៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឲ្យបាននឹងន។
៦. រៀនធ្វើម្ហូបនិងរៀបចំកិច្ចការងារផ្ទះឲ្យបានស្អាតបាត (learn how to cook)

ពេលមុនអ្នករវល់តែធ្វើការ ពុំមានពេលគ្រប់គ្រាន់ដើម្បីរៀននូវវិជ្ជាមេផ្ទះនោះទេ តែឥលូវនេះវាជាឱកាសដ៏ល្អរបស់អ្នកដើម្បីរៀនចម្អិនម្ហូបដោយខ្លួនឯងបានហើយ។ ជាពិសេសនេះក៏ជាពេលវេលាដ៏វិសេសវិសាលដែលអ្នកអាចចម្អិនម្ហូបឆ្ងាញ់ៗជូនម៉ាក់ប៉ានិងក្រុមគ្រួសារទាំងមូលរបស់អ្នកទទួលទានពិសារបានដែរ។ ហើយចំពោះការងារនេះដែរមិនមែនចំពោះតែមនុស្សស្រីនោះទេ មនុស្សប្រុសក៏ត្រូវតែចេះដែរ។

ដូចនេះកុំភ្លេចសាកល្បងធ្វើនិងរៀនជំនាញថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងនៅផ្ទះណា៎។