មានសំណួរជាច្រើនដែលតែងតែចោទសួរ ថា តើធ្វើបែបណាទើបខ្ញុំអាចស្គាល់ខ្លួនឯងច្បាស់ជាងមុន ធ្វើបែបណាទើបដឹងថាខ្ញុំចូលចិត្តអ្វី ហើយពូកែខាងអ្វី? ថ្ងៃនេះពន្លកនឹងធ្វើការចែករំលែកនូវចំណុចខ្លះពាក់ព័ន្ធទៅនឹងការស្វែងរកភាពខ្លាំងឲ្យខ្លួនឯងនេះ។
១. អង្កេតមើលពីសកម្មភាពនិងការគិតរបស់ខ្លួនឯង

អង្កេតមើលថាតើរាល់ថ្ងៃហ្នឹងអ្នកចូលចិត្តធ្វើការងារបែបណា( អ្នកឌីហ្សាញ អ្នកនិពន្ធ Frelancer អ្នកលក់…) ការងារដែលប្រើការគិតច្រើន អ្នកចូលចិត្តគិតរឿងអ្វីជាងគេ(គិតពីការសិក្សា អាជីវកម្ម ធ្វើយ៉ាងមិចរកលុយឲ្យបានច្រើន ឬ គិតថាធ្វើបែបណាអាចជួយសង្គមជាតិ…) ហើយភាគច្រើនអ្នកតែងយកពេលទំនេរក្រៅពីការសិក្សានិងម៉ោងការងារទៅលើអ្វីជាដើម? បន្ទាប់ពីការតាមដានពីសកម្មភាពខ្លួនឯងរួចហើយ អ្នកប្រាកដជាមានចម្លើយមួយដ៏ល្អបំផុតសម្រាប់ខ្លួនឯងជាមិនខាន។
ពីព្រោះមិនមែនសុខៗអ្នកព្រមចំណាយពេលវេលាដ៏មានតម្លៃទៅធ្វើការងារទាំងនោះនោះទេមែនអត់? ដូចនេះការងារដែលតែងតែធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីវាមិនបាន អ្នកតែងតែឆ្លៀតធ្វើវាម្ដងហើយម្ដងទៀត ងប់ងល់នឹងវាដកចិត្តមិនរួចនោះ ធ្វើវាមិនចេះធុញទ្រាន់ មិនមានអារម្មណ៍ថានឿយហត់ពេលដែលធ្វើវា មានន័យថាវាជាអ្វីដែលអ្នកស្រលាញ់ដ៏ពិតប្រាកដ ជាជំនាញដែលអ្នកពូកែពិតៗមិនក្លែងបន្លំ។
២. អ្នកអាចសាកសួរពីការយល់ឃើញពីអ្នកដទៃ

អ្នកអាចធ្វើការសាកសួរនូវការយល់ឃើញ ពីមិត្តភក្តិ បងប្អូន គ្រួសារ និង មនុស្សដែលអ្នកគិតថាជាមនុស្សដែលមានតម្លៃ ជាមនុស្សដែលគួរឲ្យទុកចិត្ត ជាមនុស្សដែលអាចផ្ដល់ចម្លើយដ៏ពិតប្រាកដមកកាន់អ្នក។ អ្នកអាចសួរពួកគេថា “តើអ្នកមើលមកខ្ញុំរាល់ថ្ងៃនេះ ខ្ញុំមានសមត្ថភាពត្រឹមកម្រិតណា ខ្ញុំពូកែខាងអ្វី ខ្ញុំជាមនុស្សបែបណា ឬអ្នកគិតថាខ្ញុំអាចធ្វើការប្រភេទណាសមជាដើម”។ ពួកគេអាចជួយប្រាប់អ្នកពីភាពខ្លាំងនិងភាពប៉ិនប្រសប់របស់អ្នកបានជាងអ្នកប្រាប់ខ្លួនអ្នកទៅទៀត។ ដោយសារតែពេលខ្លះយើងខ្លួនឯងមិនអាចដឹងរាល់អ្វីដែលមាននៅលើខ្លួនយើងទាំងអស់នោះទេ ប៉ុន្តែអ្នកដទៃអាចប្រាប់អ្នកឲ្យដឹងបាន ពីចំណុចល្អនិង អាក្រក់របស់ខ្លួនឯងប៉ុន្តែ អ្វីដែលសំខាន់នោះគឺថាតើអ្នកព្រមទទួលយកចម្លើយដ៏ពិតប្រាកដនោះដែរឬអត់ប៉ុណ្ណោះ។
៣. តើកាលពីនៅក្មេងអ្នកចូលចិត្តធ្វើអ្វី

អ្នកប្រាកដជាធ្លាប់និយាយហើយថា ពេលធំឡើងខ្ញុំនឹងធ្វើគ្រូពេទ្យដ៏ពូកែម្នាក់ ធ្វើជាគ្រូបង្រៀនដ៏គំរូ ជាអ្នករកស៊ីដ៏វៃឆ្លាត ជាអ្នកបើកយន្តហោះដ៏ជំនាញ និងធ្វើជាប៉ូលីសចាប់ចោរ ឬ ជាមេធាវី ចៅក្រមកាត់ក្ដីជាដើម។ជួនកាលការគិតនៅពីក្មេងវាអាចជាភ្លើងទានមួយដែលជួយបំភ្លឺ និងប្រាប់ពីក្ដីប្រថ្នានាពេលអនាគត។ ដូចនេះអ្នកអាចសាកល្បងយកការគិត ក៏ដូចជា បំណងប្រថ្នាកាលពីនៅតូចទាំងនោះមកគិតលោហ៍មើលថាតើឥលូវនេះអ្នកនៅតែចង់ធ្វើជាអ្វីដែលអ្នកគិតនៅពីក្មេងទៀតដែរឬយ៉ាងណា?បន្ទាប់ពីគិតហើយ នោះអ្នកអាចនឹងដឹងខ្លះៗថាតើខ្លួនឯងពូកែអ្វីខ្លាំងអ្វីនិងប៉ិនប្រសប់ទៅលើអ្វីជាងគេជាដើម។
ដូចនេះដើម្បីស្វែងរកពីភាពខ្លាំងរបស់ខ្លួនឯងបាន អ្នកគប្បីតាមដានពីសកម្មភាពរបស់ខ្លួនឯងឲ្យបានញឹកញាប់ សាកសួរពីការគិតរបស់អ្នកដទៃ និង រំឮកពីកុមារភាពដែលខ្លួនឯងតែងតែធ្វើមិនចេះធុញទ្រាន។