វិធីទាំង6យ៉ាងដែលអាចជួយអ្នកចៀសផុតពីការរកលេសដោះសារ ដូចនេះអ្នកនឹងអាចសម្រេចគោលដៅបានឆាប់រហ័ស
- កំណត់គោលដៅតូចមួយសិនសឹមចាប់ផ្ដើមគោលដៅយក្សរបស់អ្នក
បើវឹបឡើងចាប់ផ្ដើមគោលដៅធំតែម្ដង មិនយូរមិនឆាប់ទេអ្នកប្រាកដជារកលេសឈប់ធ្វើវាជាមិនខាន។ ដូចនេះចាប់ផ្ដើមពីតូចសិនទៅ កុំទាន់អាលហក់លោតតាមគេ ធ្វើតាមសម្រួល ធ្វើតាមអ្វីដែលអ្នកអាចធ្វើបាន នោះអ្នកនឹងឃើញពីភាពអស្ចារ្យនៃការចាប់ផ្ដើមពីសូន្យទៅមួយរយជាមិនខាន។
2 . ត្រូវផ្ដោតទៅលើភាពខ្លាំង ភាពរឹងមាំជាជាងគិតតែពីចំណុចខ្សោយរបស់ខ្លួនឯង
យើងគប្បីស្វែងរកចំណុចខ្លាំងរបស់ខ្លួនឯងឲ្យឃើញរួចចាប់ផ្ដើមពង្រីកនិងពង្រឹងវាឲ្យកាន់តែអស្ចារ្យជាងមុនជារៀងរាល់ថ្ងៃ ប្រសើរជាងមួយថ្ងៃៗអ្នកគិតរកតែចំណុចខ្សោយខ្លួនឯង រួចចាប់ផ្ដើមបន្ទុចបង្អាក់ និងគិតថាខ្លួនអន់ ខ្លួនធ្វើអ្វីក៏មិនកើត។ល។
3. ត្រូវធ្វើវាជារៀងរាល់ថ្ងៃជាជាងទុកការងារចោល

អ្នកនឹងចាប់ផ្ដើមរកលេសនេះ រកលេសនោះមកពង្វាងដើម្បីគេចវេសពីការសិក្សា ឬធ្វើការងារ ព្រោះអ្នកបានធ្លាក់លិចលង់ខ្លួនទៅក្នុងអន្លង់ដ៏សែនជ្រៅមួយនៃភាពពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនបានបំពេញវាឲ្យរួរាល់ទាល់តែសោះ។ ដូចនេះដើម្បីកុំឲ្យខ្លួនលិចលង់នៅក្នុងគំនរការងារបែបនេះ អ្នកគប្បីបញ្ចប់វាឲ្យទាន់កាលទាន់វេលា។
4. ត្រូវចាំថាហេតុអ្វីបានជាពេលដំបូងអ្នកចាបផ្ដើមអ្វី?
សំណួរដែលអាចជួយអ្នកឲ្យចៀសផុតពីការដោះសារមិនព្រមធ្វើកិច្ចការណាមួយដែលអ្នកបានគ្រោងទុកនោះគឺ អ្នកអាចសាកសួរខ្លួនឯងថាតើមូលហេតុអ្វីដែលជម្រុញឲ្យអ្នកធ្វើវាតាំងតែពីដំបូង? ហើយមានមូលហេតុអ្វីដែលធ្វើឲ្យអ្នកចំណាយពេលវេលាទៅលើការងារនោះធ្វើអ្វី? បើសិនជាដើរមកដល់ចំណុចនេះហើយហេតុអ្វីត្រូវដើរបកក្រោយដោយសារតែបញ្ហាបន្តិចបន្តួចនោះធ្វើអ្វី? ហេតុអ្វីបានជាមិនទ្រាំដើរទៅមុខបន្តទៅ? មិនមែនផ្លូវខាងមុខសុទ្ធតែជាបន្លា សុទ្ធតែប្រឡាយមិនអាចដើរកាត់បានឯណា?
5. ឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ

ប្រសិនអ្នកអាចបញ្ឈប់រាល់ការប្រៀបធៀបរវាងខ្លួនឯងនិងអ្នកដទៃបាន វាគឺជារឿងមួយដែលល្អបំផុតដែលជួយអ្នកឆាប់សម្រេចគោលដៅរបស់អ្នក ជាពិសេសវានឹងមិនអាចឲ្យអ្នករកលេសនេះលេសនោះដើម្បីដោះសារគេចវេសពីវាទៀតឡើយ។
6. គិតពីទំនួលខុសត្រូវរបស់ខ្លួន
ពេលដែលអ្នកគិតពីទំនួលខុសត្រូវរបស់ខ្លួនឯងដែលត្រូវធ្វើ នោះអ្នកប្រាកដជាឈប់ចំណាយពេលចោលឥតប្រយោជន៍ទៅលើការដោះសារជាមិនខាន ព្រោះបើអ្នកនៅតែរកនឹកលេសនេះលេសនោះមកដោះសារ គឺអ្នកមានតែធ្វើបាបខ្លួនឯងវិញតែប៉ុណ្ណោះព្រោះកិច្ចការទាំងអម្បាលម៉ានគឺអ្នកនៅតែធ្វើដដែល ព្រោះវាគឺជាកាត្វកិច្ចរបស់អ្នកដែលត្រូវបំពេញ។