Homeជីវិត និងការងារប្រពៃរៀនធ្វើខ្លួនឲ្យដូចទឹក ទឹកដែលគេចង់បរិភោគ

រៀនធ្វើខ្លួនឲ្យដូចទឹក ទឹកដែលគេចង់បរិភោគ

ការធ្វើខ្លួនឲ្យដូចជាទឹក គឺវាមិនខុសអ្វីពីការធ្វើខ្លួនឲ្យដូចជាក្រដាសសនោះទេ ដោយគ្រាន់តែការធ្វើខ្លួនជាទឹកគឺ ចេះផ្លាស់ប្ដូរសភាពឬលក្ខណ្ឌទៅតាមស្ថានការណ៍ដែលប្រែប្រួលបាន។ មនុស្សគ្រប់គ្នាស្គាល់ទឹក ពេលដែលចាក់ទឹកនោះចូលទៅក្នុងកែវ ហើយវានឹងបង្ហាញរូបរាងដូចជាកែវនេះឯង ហើយបើសិនជាយើងយកទឹកចាក់ចូលទៅក្នុងដប នោះវានឹងមានរាងដូចដបអញ្ចឹង ជាងនេះទៅទៀតបើយើងយកទឹកដាក់ចូលទូរទឹកកក នោះទឹកនឹងក្លាយទៅជាកក ហើយបើយកវាទៅដាំវិញ នោះវានឹងរលាយក្លាយទៅជាទឹកក្ដៅជាមិនខាន។
ជារួមយើងឃើញថា បើសិនជាយើងចេះធ្វើខ្លួនឲ្យដូចជាទឹក នោះមានន័យថា យើងគឺជាមនុស្សដែលអាចបត់បែន អាចប្រែប្រួលនិងចេះសម្របខ្លួនទៅតាមស្ថានការណ៍ដែលនឹងមិនធ្វើឲ្យយើងមើលរំលងនូវអ្វីដែលល្អៗនៅក្នុងជីវិតឡើយ។អ្វីដែលយើងត្រូវចងចាំនោះគឺ យើងត្រូវធ្វើខ្លួនជាទឹកដែលមនុស្សចង់ហូបផង នោះគឺជាទឹកស្អាត ទឹកដែលគ្មានមេរោគ គ្មានដង្កូវទឹក ព្រោះមនុស្សគ្រប់គ្នាចង់ហូបតែទឹកស្អាតតែប៉ុណ្ណោះ ពោលគឺមិនមែនជាទឹកបឹង ទឹកត្រពាំងដែលគ្មានអ្នកចង់បរិភោគនោះទេ។


ហើយអ្វីដែលយើងគួរតែចៀសវាងនោះគឺធ្វើជាមនុស្សដែលតែងតែគិតថាខ្លួនចេះគ្រប់រឿង គិតថាខ្លួនពូកែជាងគេ ខ្លាំងជាងគេ ឡូយជាងគេ គ្មានអ្នកណាអាចប្រៀបផ្ទឹម ព្រោះវានឹងបង្ហាញថាអ្នកប្រាកដជាគ្មានអ្នកណាចង់បង្រៀនឬចង់ណែនាំដល់អ្នកនោះឡើយ។
ដូចនេះកុំភ្លេចហាត់ពត់ខ្លួនឲ្យដូចជាទឹកណា ធ្វើជាទឹកដែលមនុស្សគ្រប់គ្នាត្រូវការនិងចង់បរិភោគ។