Homeជីវិត និងការងារប្រពៃតើអ្នកនឹងធ្វើបែបណាបើសិនជាឳពុកម្ដាយអ្នកមិនអនុញ្ញាតិឲ្យដើរកម្សាន្តជាមួយនឹងមិត្តភក្តិ?

តើអ្នកនឹងធ្វើបែបណាបើសិនជាឳពុកម្ដាយអ្នកមិនអនុញ្ញាតិឲ្យដើរកម្សាន្តជាមួយនឹងមិត្តភក្តិ?

តើអ្នកធ្លាប់ត្រូវបានឪពុកម្ដាយហាមឃាត់មិនឲ្យទៅដើរលេងជាមួយនឹងមិត្តភក្តិឬមិត្តរួមការងារដែរឬក៏អត់?

    បើសិនជាធ្លាប់ ទិចនិចខាងក្រោមនេះអាចជួយអ្នកបាន ព្រោះវាជាទិចនិកដែលខ្ញុំធ្លាប់ប្រើប្រាស់ដើម្បីសុំគាត់បានចេញទៅខាងក្រៅដើម្បីលំហែកាយបាន៖

Woman In Blue Long Sleeve Shirt Standing Beside Her Mother

            ការពិតទៅការដើរលេងមិនមែនមិនល្អទាំងអស់ ហើយក៏មិនមែនអត់ប្រយោជន៍ទាំងអស់នោះដែរ។​ វ័យចាប់ពី២០ឆ្នាំឡើងទៅហើយ គឺជាវ័យមួយដែលយើងត្រូវមានម្ចាស់ការលើខ្លួនឯង រៀនឈរខ្លួនឯង ចេះការពារខ្លួនឯង មានការគិតជ្រៅជ្រះ ហ៊ានសាកល្បង​ ហ៊ានធ្វើ ហ៊ានស្រម៉ៃ ហ៊ានសម្រេចចិត្ត ហ៊ានដើរហើរដើម្បីស្គាល់ពីពិភពខាងក្រៅថាវាមានសភាពបែបណាខ្លះជាដើម។ យើងមិនអាចនៅនឹងថ្កល់តែមួយកន្លែងរហូតនេះទេ ព្រោះការដែលយើងនៅតែមួយកន្លែងវាមិនអាចជួយឲ្យសមត្ថភាពរបស់យើងវិវត្តទៅមុខបានលឿននោះទេ ពោលគឺមានតែធ្វើឲ្យយើងសុញគំនិត គ្មានគំនិតថ្មីៗ គិតមិនបានជ្រៅ មិនបានរហ័ស ឆាប់ភ័យខ្លាច ឬឆាប់បាក់ស្បាតជាមួយនឹងឧបសគ្គជាដើម។ ប៉ុន្តែអ្នកត្រូវគិតថាការដើររបស់អ្នកនេះផ្ដល់ផលប្រយោជន៍មកអ្នកវិញដែរឬក៏អត់ បើសិនជាអ្នកដើរហើយអាចធ្វើឲ្យខ្លួនឯងរីកចម្រើន យល់ដឹងបានច្រើន វាជារឿងមួយដែរល្អប្រសើរ។ ប៉ុន្តែបើអ្នកចង់ដើរព្រោះតែសប្បាយតែមួយមុខ ហើយពុំទទួលបានអ្វីមកវិញ អ្នកគួរតែគិតវាម្ដងទៀត។

មោះ!ឥលូវមកមើលទិចនិកខាងក្រោមនេះមកមើលថា តើយើងគួរធ្វើ និង គួរនិយាយបែបណាទៅកាន់ពួកគាត់ដើម្បីឲ្យគាត់យល់ព្រមឲ្យយើងទៅដើរកម្សាន្តបាន?

១. យើងត្រូវចេះមើលទឹកមុខពួកគាត់ជាមុនសិន មុនពេលដែលយើងចង់សុំគាត់ទៅដើរកម្សាន្ត៖ យើងត្រូវគិតថាបើសិនជាយើងចង់សុំគាត់ចុះទៅតាមខេត្តជាមួយនឹងមិត្តភិក្ត តើទឹកមុខគាត់នឹងមានសភាពបែបណា?ហើយគាត់នឹងឆ្លើយតបមកវិញយ៉ាងម៉េច? ករណីបើយើងនិយាយចំពេលដែលគាត់សប្បាយចិត្ត គឺមានភាគរយច្រើនដែលគាត់អនុញ្ញាតិឲ្យយើងទៅបាន ប៉ុន្តែបើអ្នកសុំចំពេលដែលគាត់កំពុងតែខឹងឬមួម៉ៅជាមួយនឹងរឿងខាងក្រៅ គឺ១០០% ដែលអ្នកមិនអាចទៅដើរកម្សាន្តជាមួយនឹងមិត្តភក្តិឬមិត្តរួមការងាររបស់យើងបានទេ។

២. និយាយបែបចិត្តត្រជាក់ជាមួយនឹងគាត់៖ ករណីបើសិនជាគាត់មិនអនុញ្ញាតិឲ្យយើងទៅ ហើយយើងបែរជានិយាយគំរោះគំរើយ ឬបោកប្រាស់របស់របរដើម្បីបញ្ឈឺឬបង្ហាញថាយើងខឹងគាត់ នោះគាត់នឹងរឹតតែមិនឲ្យអ្នកទៅឡើយ។ ដូចនេះយើងគួរតែចេះស្អំចិត្តរបស់គាត់ឲ្យត្រជាក់សិនទើបអាចមានឱកាស…។

៣. កុំសុំគាត់រាល់ថ្ងៃពេក៖ បើគាត់មិនអនុញ្ញាតិឲ្យយើងទៅផង ហើយយើងម្ង៉ៃៗគិតតែពីសុំម្ដងហើយម្ដងទៀតដោយមិនបានមើលពីកាលៈទេសៈ នោះគាត់ប្រាកដជាស្ដីឲ្យយើងជាមិនខានមិនត្រឹមតែប៉ុណ្ណោះយើងនៅតែមិនបានទៅដដែល។ ដូចនេះ បើសិនជាមានឱកាសណាល្អយើងគួរតែសុំគាត់ម្ដងទៀត ឬនិយាយលេងបន្លំយកមែនជាដើម ក្រែងលោហ៍គាត់អនុញ្ញាតិ។

៤. ប្រាប់ពីមូលហេតុទៅកាន់គាត់ថាហេតុអ្វីបានជាយើងចង់ទៅ៖ យើងចង់ទៅមិនមែនមិនមានមូលហេតុនោះទេ ពេលខ្លះយើងទៅដោយសារការងារ ទៅដោយសារចង់លំហែកាយ ឬរកកន្លែងស្ងប់ស្ងាត់ដើម្បីរកភាពជាខ្លួនឯងជាដើម។ យើងអាចប្រាប់គាត់ពីមូលហេតុមួយចំនួនដូចជា៖

  • ខ្ញុំមានវ័យប៉ុណ្ណេះហើយ ជាវ័យដែលត្រូវស្វែងយល់ពីអ្វីដែលថ្មី ប្លែក មិនអាចនៅអង្គុយតែមួយកន្លែងនោះទេ…
  • ខ្ញុំអាចការពារខ្លួនឯង និងអាចមើលថែខ្លួនឯងបានល្អប្រសើរហើយ ប៉ាម៉ាក់កុំបារម្ភជាដើម…
  • ខ្ញុំទៅដើរកម្សាន្តនេះដោយសារខ្ញុំចង់សម្រាកខួរក្បាល សម្រាករាងកាយឲ្យបានស្រាលខ្លួនខ្លះ…ឬ ខ្ញុំចង់ស្គាល់ពីទីតាំងភូមិសាស្រ្តនិងការរសនៅរបស់អ្នកខេត្តផ្សេងជាដើម… មិនមែនខ្ញុំទៅដើរលេងផឹកស៊ីសប្បាយក្អាកក្អាយនោះទេ

អត្ថបទនេះខ្ញុំសរសេរឡើងមក មិនមែនចង់ជម្រុញអ្នកឲ្យដើរលេងរហូតមិនគិតពីការធ្វើការងារឬការរៀនសូត្រនោះទេ។ ប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់ពីទិចនិកខ្លះៗចំពោះអ្នកដែលមានឪពុកម្ដាយតឹងរឹងខ្លាំង មិនហ៊ានបណ្ដោយឲ្យកូនស្វែងរកអ្វីដែលថ្មីតែប៉ុណ្ណោះ។អ្នកអាចសាកទិចនិកខាងលើនេះបាន ព្រោះវាជាវិធីដែលខ្ញុំអាចសុំគាត់ទៅកម្សាន្តជាមួយនឹងមិត្តរួមការងារបាន(សុំគាត់៤លើកទើបអាចបានទៅ)។