តើអ្នករកឃើញពីគោលដៅនៃជីវិតរបស់អ្នកហើយឬនៅ?
ហើយធ្វើយ៉ាងណាទើបអាចដឹងបានថាវាជាគោលដៅរបស់យើងបានទៅ?
ដូចនេះ៦ចំណុចខាងក្រោមនេះនឹងប្រាប់អ្នកអំពីផ្លូវដែលត្រូវឆ្ពោះទៅរក៖
១. សម្រេចចិត្តថាតើយើងត្រូវការអ្វី?

ដំណាក់កាលដំបូង យើងត្រូវបង្ហាញពីការចង់បាន និងសេចក្ដីត្រូវការមកកាន់ខ្លួនឯង ថាតើរាល់ថ្ងៃនេះយើងចង់បានអ្វីជាងគេ? ត្រូវការអ្វីជាងគេ? ហើយចង់ធ្វើអ្វីមុនគេនៅក្នុងជីវិតមួយនេះ។យើងគប្បីធ្វើជាប្រភេទមនុស្សដែលមាន គោលដៅច្បាស់លាស់ ជាងជាងប្រភេទមនុស្សដែល អណ្ដែតត្រសែត ចេះតែដើរតត្រុកតាមគេតាមឯង ឬ ដើរគ្មានគ្មានកោះគ្មានត្រើយ។
២. កត់ត្រាចូលនូវគោលដៅ

ដំណាក់កាលទី២ បន្ទាប់ពីបានគិតនូវអ្វីដែលចង់បានរួចហើយ យើងគួរតែសរសេរនូវគោលគំនិតទាំងនោះចូលទៅក្នុងក្រដាសឬសៀវភៅកំណត់ត្រារបស់យើងឲ្យបានត្រឹមត្រូវ ព្រោះអ្វីដែលយើងសរសេរចូលហើយ វានឹងស្ថិតនៅក្នុងនោះរហូត មិនអាចសាបរលៀបដូចជាការគិតស្រម៉ៃឡើយ។ យើងដឹងហើយថា គោលដៅដែលស្រពិចស្រពិល ដែលគ្មានរូបរាងច្បាស់លាស់ វាមិនមែនជាគោលដៅឡើយ គឺជាគ្រាន់តែជាការគិតលេងៗកំដរការអផ្សុកតែប៉ុណ្ណោះ គ្មានថាមពលជម្រុញឲ្យយើងអាចឈោងចាប់ក្ដីសុបិន្តបានឡើយ។
៣. កំណត់ពេលវេលា

ដំណាក់កាលទី៣ កំណត់ពេលវេលាសម្រាប់គោលដៅនោះ។ តើគោលដៅនោះយើងត្រូវសម្រេចក្នុងរយៈពេលវែង(២ទៅ៣ឆ្នាំ) ឬរយៈពេលខ្លី(៣ខែឬ ៦ខែ) ? ព្រោះពេលដែលយើងកំណត់ហើយ យើងនឹងងាយស្រួលក្នុងការសម្រេចនូវគោលដៅទាំងនោះឲ្យចេញជារូបរាង។ តួយ៉ាង បើគោលដៅធំខ្លាំង យើងគួរបំបែកវាជាដំណាក់កាលតូចៗហើយកំណត់រយៈពេលឲ្យដំណាក់កាលតូចៗទាំងនោះ កុំបណ្ដោយទៅតាមយថាកម្មជាដាច់ខាត។
៤. សរសេរពីអ្វីដែលយើងចង់ធ្វើ

ដំណាក់កាលទី៤ សរសេរនូវអ្វីគ្រប់បែបយ៉ាងដែលយើងគិតថាវាអាចជួយយើងឲ្យសម្រេចនូវកិច្ចការទាំងនោះបានជោគជ័យ។ កុំខ្វល់ថាវាជាចំណុចល្អឬក៏អត់ សំខាន់ត្រូវយកគំនិតដែលអ្នកមាន សរសេរចូលទៅក្នុងសៀវភៅ ឬក្រដាសសិន បន្ទាប់មកសឹមសម្រាំងយកនូវគំនិតណាដែលល្អជាងគេ ។
៥. សម្រាំងជ្រើសរើស

ដំណាក់កាលទី៥ គឺជាវគ្គដែលយើងត្រូវសម្រាំងយក ឬស្រង់យកនូវគោលគំនិតណាដែលមានលក្ខណៈសមហេតុសមផល ឬជ្រើសយកគំនិតណាដែលអាចជួយសម្រេចគោលដៅរបស់យើងបាន។
បន្ទាប់ពីសម្រាំងរួចហើយ យើងត្រូវធ្វើវាឲ្យទៅជាគម្រោងមួយដែលច្បាស់លាស់ ដោយកំណត់ថា តើអ្វីដែលសំខាន់ឬមិនសំខាន់ អ្វីដែលគួរធ្វើឬមិគួរធ្វើ ហើយ តើគំនិតណាគួរចាប់ផ្ដើមមុនគេ ឬចាប់ផ្ដើមក្រោយគេ។
៦. ចាប់ផ្ដើមអនុវត្ត

ដំណាក់កាលទី៦ គឺត្រូវចាប់ផ្ដើមប្រតិបត្តិការនូវអ្វីដែលយើងបានរៀបចំទុក ហើយអនុវត្តវាទៅតាមលំដាប់លំដោយនៃគម្រោងទាំងនោះ។ ត្រូវចាំថា យើងត្រូវបោះជំហានដើរទៅមុខ មិនមែនបោះជំហានថយក្រោយ ឬឈប់ដំអក់នៅស្ងៀមមួយកន្លែងនោះទេ។