Homeអភិវឌ្ឍន៍ខ្លួនឯងតើធ្វើយ៉ាងណាដើម្បីកម្ចាត់ភាពភ័យខ្លាចចេញពីចិត្ត?

តើធ្វើយ៉ាងណាដើម្បីកម្ចាត់ភាពភ័យខ្លាចចេញពីចិត្ត?

ការភ័យខ្លាចកើតឡើងពីការប៉ាន់ស្មានពីសភាពនៃស្ថានការណ៍ដែលអាចនឹងកើតឡើងនៅក្នុងចិត្តរបស់យើង ដោយអាស្រ័យទៅលើបទពិសោធន៍ដែលធ្លាប់ជួប រួចយកមកតាក់តែងការភ័យខ្លាចទាំងនោះមកបំភ័យខ្លួនឯងឲ្យកាន់តែគួរឲ្យខ្លាចឡើង។​ ជាការពិត​ វាមិនមែនជារឿងមួយដែលគួរឲ្យខ្មាសគេនោះទេដែលមនុស្សយើងមានការភ័យខ្លាចនៅក្នុងចិត្ត ប៉ុន្តែអ្វីដែលសំខាន់នោះគឺ អ្នកត្រូវមានភាពភ័យខ្លាចមួយដែលសមល្មមអាចពុះពារ អាចប្រឈមជាមួយវាបាន ពោលគឺកុំឲ្យភ័យខ្លាចជ្រុលពេក។ ប៉ុន្តែតើយើងអាចកម្ចាត់នូវភាពភ័យខ្លាចទាំងនោះបានដោយរបៀបណា??

១. កុំគិតពីរឿងដែលខ្លាច

“ បើយើងខ្លាចអ្វី ចូរកុំនឹកគិតពីរឿងនោះ”

Brown eyes of scared young person

ការដែលយើងមិនគិតពីរឿងភ័យខ្លាច វាប្រៀបដូចជាការកាត់ផ្ដាច់នូវបញ្ហាឬក៏រឿងរ៉ាវទាំងនោះកុំឲ្យកើតមានឡើងនៅក្នុងខួរក្បាលរបស់យើងអ៊ីចឹង។តួយ៉ាង បើយើងខ្លាចការអស់សង្ឃឹម ចូរកុំអង្គុយគិតពីការអស់សង្ឈឹមនោះតទៅអី។ ហើយ បើយើងខ្លាចឈានជើងទៅខុស ចូរកុំខ្វល់ខ្វាយថាផ្លូវដែលអ្នកកំពុងតែឈរនោះត្រឹមត្រូវឬក៏អត់ ព្រោះក្រៅពីបង្កនូវភាពភ័យខ្លាច ភាពច្របូកច្របល់ ឬការរារែកចិត្តមកដល់ការធ្វើដំណើររបស់យើងទេ គឺវាថែមទាំងធ្វើឲ្យយើងចំណាយពេលចោលឥតប្រយោជន៍ទៀតផង។

      ២. ប្រកាន់ខ្ជាប់ឲ្យខ្លាំងនូវអ្វីដែលយើងជឿជាក់

Cheerful attractive young woman with backpack and notebooks standing and smiling in park Free Photo

ការប្រកាន់ខ្ជាប់ឲ្យខ្លាំងនូវអ្វីដែលយើងជឿជាក់គឺចង់សំដៅទៅលើ ការប្រើប្រាស់កម្លាំងចិត្ត កម្លាំងស្មារតី កម្លាំងជំនឿដែលមានទាំងប៉ុន្មានយកមកបញ្ចូលទៅក្នុងរបស់ណាមួយ ដើម្បីឲ្យរបស់នោះជួយជាកម្លាំងជម្រុញ ផ្ដុំជាកាតាលីករដើម្បីសម្រេចនូវអ្វីដែលយើងចង់បាន។តួយ៉ាងបើយើងចង់ក្លាយទៅជាអ្នកជំនាញផ្នែកណាមួយ យើងត្រូវស្វែងរកកម្លាំងចិត្តដើម្បីបង្កើនភាពជឿជាក់មកលើខ្លួនឯង ដើម្បីកាត់បន្ថយភាពរារែកក៏ដូចជាភាពភ័យខ្លាចរបស់យើងនេះឯង។ បើទោះបីជាពេលនោះយើងមានភាពភ័យខ្លាចយ៉ាងណាក៏ដោយ យើងក៏ត្រូវតែជឿជាក់ជានិច្ចដែរថា យើងនឹងអាចឆ្លងកាត់ភាពភ័ខ្លាចទាំងនោះទៅបានដោយការជឿជាក់របស់យើងនេះឯង។

      ៣.​ប្រឈមមុខនឹងភាពភ័យខ្លាច

The boy is confused, not knowing where to go. Free Photo

      ការប្រឈមមុខនឹងភាពភ័យខ្លាចវាពិតជាលំបាកសម្រាប់ការចាប់ផ្ដើម ប៉ុន្តែវានឹងមានតម្លៃខ្ពស់នាពេលអនាគត។ ជាក់ស្ដែង បើយើងភ័យខ្លាចក្នុងការនិយាយជាសាធារណ យើងត្រូវបង្វឹកខ្លួនឯងឲ្យនិយាយឲ្យបានញឹកញាប់នៅចំពោះមុខសាធារណៈ ហើយបើយើងខ្លាចក្នុងការចាប់ផ្ដើមធ្វើអ្វីមួយ យើងត្រូវអនុញ្ញាតិឲ្យខ្លួនឯងធ្វើវាឲ្យបានញឹកញាប់។ បន្ទាប់ពីធ្វើម្ដងហើយម្ដងទៀត យើងនឹងឃើញថា “អ្វីដែលយើងខ្លាចនោះ តាមពិតទៅវាមិនមែនជារឿងដែលគួរឲ្យខ្លាចឡើយ គឺវាគ្រាន់តែបន្លាច គ្រាន់តែបំភាន់ភ្នែកយើងឲ្យមើលមកខ្លួនឯងអន់តែប៉ុណ្ណោះ”។

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។