Homeការងារវាងវៃគន្លឹះទាំង៥សម្រាប់អ្នកដែលចូលធ្វើការដំបូង

គន្លឹះទាំង៥សម្រាប់អ្នកដែលចូលធ្វើការដំបូង

តើអ្នកទើបតែចាប់ផ្តើមការងារដំបូងមែនដែរឬទេ?

អ្នកប្រហែលជាមានអារម្មណ៍រំភើបនិងមានមោទនភាពណាស់បន្ទាប់ពីទទួលបានដំណឹងថាអ្នកបានជាប់ការសម្ភាសហើយអាចចាប់ផ្តើមចូលធ្វើការបាន ប៉ុន្តែអ្នកក៏ប្រហែលជាមានអារម្មណ៍ភ័យខ្លាចផងដែរនៅក្នុងការឈានជើងចូលទៅក្នុងវិស័យការងារជាលើកដំបូង​។

អ្នកកុំបារម្ភអី! ព្រោះមនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ចំណុចចាប់ផ្តើមមួយនេះដោយចៀសមិនបានឡើយ។ហើយខាងក្រោមនេះគឺជាគន្លឹះខ្លីៗដែលអាចជួយដល់អ្នក ក្នុងការត្រៀមខ្លួនសម្រាប់ការងារថ្មីរបស់អ្នកបាន ៖

១,​ មកឲ្យទៀងទាត់ពេលវេលា

នៅពេលដែលអ្នកនៅសាលារៀន អ្នកប្រហែលជាអាចទៅថ្នាក់រៀនយឺតម៉ោងបាន ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្តើមចូលធ្វើការអ្នកមិនអាចបន្តធ្វើបែបនេះបានទៀតទេ។ ការគោរពពេលវេលាគឺជាកត្តាសំខាន់សម្រាប់អ្នកមនុស្សម្នាក់ៗ ជាពិសេសនៅពេលដែលអ្នកជាចាប់ផ្តើមធ្វើការនៅក្នុងស្ថាប័នណាមួយ។ មិនថា​អ្នកទៅធ្វើការរាល់ថ្ងៃ ឬទៅចូលរួមការប្រជុំ អ្នកគួរតែទៅឲ្យបានមុន១០ទៅ១៥នាទី ដើម្បីត្រៀមខ្លួនរួចរាល់មុនពេលចាប់ផ្តើមធ្វើការ

Miniature people : the team is working on an alarm clocks Premium Photo
  • ២, ត្រូវសកម្មក្នុងការងារ

ដើម្បីឲ្យផលិតភាពការងាររបស់អ្នកកាន់តែខ្ពស់ អ្នកត្រូវខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីសមត្ថភាព ជាពិសេសអ្នកត្រូវធ្វើជាមនុស្សដែលសកម្មនឹងការងារ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារទាំងនោះ។ ម្យ៉ាងវិញទៀតអ្នកមិនត្រូវធ្វើខ្លួន ទាល់តែមេដាក់ការងារឲ្យបានធ្វើនោះទេ ពោលគឺអ្នកត្រូវធ្វើឲ្យបានមុនគេប្រាប់ទើបវាជាការប្រសើរ។ ហើយអ្នកក៏ត្រូវតែចេះជួយចែករំលែកការងាររបស់ក្រុមការងារអ្នកដែរ មិនត្រូវមើលនឹងភ្នែកនោះទេ ការងារណាអ្នកអាចជួយបានអ្នកគួរតែជួយ ទើបធ្វើឲ្យទំនាក់ទំនងអ្នកនិងក្រុមការងារអ្នកកាន់តែល្អ។ លើសពីនេះទៅទៀតអ្នកក៏អាចស្វែងរកគំនិតថ្មីៗដែលអាចជួយ​ជម្រុញការងាររបស់អ្នកឲ្យកាន់តែប្រសើរឡើង ជាជាងអង្គុយចាំគេដាក់ការងារឲ្យធ្វើ។ ម៉្យាងទៀត អ្នកគួរតែចេះបត់បែននិងចេះសម្របខ្លួនទៅតាមបរិបទការងារនិងមនុស្សជុំវិញខ្លួន។

Teamwork power successful business meeting workplace concept
  • ៣, ត្រូវមានទំនុកចិត្តលើខ្លួនឯង

មានមូលហេតុមួយដែលអ្នកត្រូវបានជ្រើសរើសមកធ្វើការទោះបីជាមានបេក្ខជនជាច្រើនបានដាក់ពាក្យចូលធ្វើការតំណែងដូចអ្នកក៏ដោយ, មូលហេតុតែមួយគត់ពីក្រោយការជ្រើសរើសនេះ គឺមកពីថ្នាក់លើរបស់អ្នកគិតថាអ្នកមានទេពកោសល្យនិងមានចំណុចដែលដែលអ្នកផ្សេងទៀតមិនមាន។ ដូចនេះអ្នកគួរតែមានទំនុកចិត្តលើសមត្ថភាពនិងចំណេះជំនាញរបស់ខ្លួនឯង ព្រោះថាមិនមាននរណាម្នាក់ដែលមិនទុកចិត្ត មិនជឿជាក់លើសម្ថភាពខ្លួនឯងនោះទេ​។ ប៉ុន្តែការជឿជាក់លើខ្លួនឯងមិនមែនមានន័យថាអ្នកល្អដាច់គេ ពូកែជាងគេ ឬក្អេងក្អាងនោះទេ ប៉ុន្តែវាបង្ហាញថា អ្នកពិតជាមានស្មារតីមុះមុត រឹងប៉ឹង មិនចុះចាញ់ជាមួយបញ្ហាឡើយ។ហើយអ្នកក៏ត្រូវចេះដាក់ខ្លួននិងចេះជួយមិត្តរួមការងាររបស់អ្នកដោយមិនចង់បានមុខមាត់តែម្នាក់ឯងដែរ។

Executive business woman in an office Free Photo
  • ៤, ទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន

បើទោះបីជាអ្នកពូកែយ៉ាងណាក៏ដោយ ត្រូវចាំថាអ្នកមិនអាចពូកែគ្រប់រឿងនោះទេ  ដូចនេះអ្នកគួរតែស្វែងយល់និងទទួលស្គាល់ពីចំណុចខ្សោយរបស់ខ្លួន ម៉្យាងទៀត អ្នកគួរតែរៀនបើកចិត្តឲ្យទូលាយទទួលយកពាក្យរិះគន់ដើម្បីស្ថាបនាពីថ្នាក់លើឬមិត្តរួមការងាររបស់អ្នក នោះអ្នកនឹងអាចរៀនពីចំណុចខ្វះខាតរបស់ខ្លួនហើយយកវាមកកែតម្រូវឲ្យបានប្រសើរឡើង

This is business community in office district Free Photo
  • ៥, មានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន

ក្រៅពីការខិតខំប្រឹងប្រែងធ្វើការងារ អ្នកគួរតែបង្កើតទំនាក់ទំនងឲ្យបានល្អជាមួយមិត្តរួមការងារ​។ វាក៏ជាកត្តាមួយដែលជម្រុញឲ្យអ្នកកាន់តែស្រឡាញ់ការងាររបស់ខ្លួនដែរ ព្រោះនៅពេលដែលអ្នកមានមិត្តរួមការងារដែលល្អនិងចេះជួយគ្នាទៅវិញទៅមក អ្នកនឹងមិនមានសម្ពាធខ្លាំងពីការងារនោះទេ ហើយថែមទាំងអាចធ្វើការបានយ៉ាងរលូនទៀតផង ដោយសារតែការចេះសហការគ្នា និងសាមគ្គីភាពគ្នានេះឯង។ម្យ៉ាងទៀត ចំណុចសំខាន់ដែលអ្នកគួរមាននោះគឺភាពស្មោះត្រង់ ព្រោះវាពិតសំខាន់ណាស់មិនថាក្នុងការងារឬជីវិតរស់នៅប្រចាំថ្ងៃ​។ ជាធម្មតាមនុស្សស្មោះត្រង់ តែងតែមានលទ្ធផលល្អ និងមានអ្នកស្រលាញ់រាប់អានច្រើន ដោយសារតែភាពស្លូតត្រង់ ភាពត្រឹមត្រូវ មិនវៀចវេរនេះឯង ទើបធ្វើឲ្យជីវិតរបស់ពួកគេជួបតែភាពរុងរឿង សេចក្ដីសុខ និងភាពជោគជ័យ។

Businesswomen looking at speaker with papers Free Photo