មាត់មានភាពសំខាន់ខ្លាំងណាស់ ព្រោះក្រៅពីមានតួនាទីសម្រាប់បញ្ចូនអាហារទៅក្នុងសារពាង្គកាយដើម្បីចិញ្ចឹមសេរីរាង្គកាយ វានៅមានតួនាទីមួយទៀតគឺសម្រាប់ “និយាយ”។ ការនិយាយស្ដីគឺវាអាចជួយយើងឲ្យជោគជ័យក្នុងការងារ ការទំនាក់ទំនង ការរស់នៅ ការលក់និង ការរកលុយជាដើម តែវាក៏អាចរុញច្រានអ្នកឲ្យធ្លាក់ចុះមកវិញដែរ ធ្លាក់ចុះទាំងការងារ តួនាទី លុយកាក់ និង មិត្តភាព។ តួយ៉ាងខាងក្រោមនេះគឺជាចំណុចមួយចំនួន និង ការណែនាំខ្លះៗសម្រាប់អ្នកលក់ដែលនឹងប្រើវាចា ប្រៀបដូចជាអាវុធគឺ ប្រើពាក្យសម្ដីជាឧបករណ៍ក្នុងការលក់តែមិនមែនមានន័យថាប្រើមាត់និយាយល្អតែក្នុងចិត្តគិតអាក្រក់នោះទេ។
១. ត្រៀមខ្លួនឲ្យរួចរាល់

អ្នកលក់ដែលនិយាយបានល្អ គឺត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ទៅលើរឿងមួយចំនួនដូចជា៖
- ដឹងរឿងឬសេចក្ដីលម្អិតរបស់សាច់រឿង ហើយនិយាយបកស្រាយពីវាឲ្យបានច្បាស់និងល្អបំផុត
- ឯកសារឬឧបករណ៍ក្នុងការលក់ត្រូវត្រៀមឲ្យបានរួចជាស្រេច
- ត្រូវប្រាកដក្នុងចិត្តថាបានសិក្សានិងស្វែងយល់ពីដំណាក់កាលផ្សេងៗក្នុងការលក់
២. សាងភាពជឿជាក់ដល់ខ្លួនឯង

គឺមិនត្រូវមានភាពញ័ររន្ធត់ឬមានអាការៈភ័យខ្លាច ដៃជើងញ័ររហូតនិយាយមិនត្រូវនោះទេ អ្នកត្រូវតែសាងភាពជឿជាក់ឲ្យខ្លួនឯងតាមរយៈ៖
- សិក្សាពីទំនិញឲ្យបានយល់ច្បាស់ និង ជឿជាក់លើទំនិញ
- ហ្វឹកហាត់ត្រួតពិនិត្យចំណេះដឹង ឬ ហាត់និយាយអត្ថបទដែលសរសេរដោយខ្លួនឯងមុនពេលចេញទៅលក់។
- ប្រាប់ខ្លួនឯងថាថ្ងៃនេះស៊ូស្លាប់ក៏ខ្ញុំមិនដកថយដែរ
- ដកដង្ហើមវែងៗដើម្បីកាត់បន្ថយភាពភ័យខ្លាច
៣. តែងខ្លួនឲ្យបានស្អាតបាត

ត្រូវតែងខ្លួនឲ្យបានស្អាតបាត រៀបរយ សមរម្យ ម៉ូដសក់កុំរញ៉េរញ៉ៃ កុំឲ្យមានមុខខ្លាញ់ តែងខ្លួនតាមសម័យនិយម ស្លៀកពាក់សម្លៀកបំពាក់ដែលសមរម្យស្របតាមសម័យកាល តាមកាលៈទេសៈ ហើយក្រចកដៃត្រូវខ្លី ស្អាត។
៤. និយាយដោយភាពខ្នះខ្នែង

ការបង្ហាញខ្លួននិងការនិយាយទាក់ទងគ្នា សូមនិយាយដោយភាពខ្នះខ្នែង និយាយឲ្យច្បាស់ៗ និយាយឲ្យពេញសម្លេង និយាយឲ្យគេចង់ស្ដាប់។ មិនមែននិយាយទៅដើម្បីធ្វើឲ្យអតិថិជនប្រឹងស្ដាប់ ឬនិយាយល្វើយៗ ស្រាលៗដូចមនុស្សដែលទើបតែក្រោកពីគេង ឬអត់ងងុយមកជាច្រើនថ្ងៃនោះទេ។
៥. សរសើរអ្នកស្ដាប់ខ្លះ
នៅពេលដែលអតិថិជនសួរយើង យើងអាចសរសើរអតិថិជនបានដូចជានៅពេលដែលអតិថិជនសួរពីសេចក្ដីលម្អិតផ្សេងៗពីគុណភាពនៃទំនិញ ឬ ប្រភេទនៃទំនិញជាដើម។ ហើយពាក្យសម្ដីដែលយើងគួរប្រើឲ្យបានល្អគឺ “នេះពិតជាសំណួរដែលល្អខ្លាំងណាស់បង អរគុណ! ឬមួយក៏អ្នកបងឬលោកបងជាមនុស្សដែលល្អិតល្អន់ខ្លាំងណាស់ដែលសួរនូវសំណួរនេះ ខ្ញុំបម្រុងនឹងអធិប្បាយល្មម អរគុណ!ជាដើម”។ប៉ុន្តែយើងត្រូវចាំថាការសរសើរអតិថិជន គឺត្រូវធ្វើឲ្យល្មមៗ កុំបន្ទាបខ្លួនឯងឲ្យទាបឬអស់តម្លៃពេក។
៦. ប្រើទឹកដមសម្លេងនិយាយតាមបៀបធម្មជាតិ

ការអធិប្បាយនូវផលិតផលរបស់ខ្លួនឲ្យអតិថិជនស្ដាប់ ត្រូវនិយាយឲ្យមានភាពសមល្មម មានទឹកដបសម្លេងពិរោះ ក្នុងការលើកដាក់សម្លេង ជាពិសេសទៅទៀតគឺមិនត្រូវនិយាយលឿនពេកឬយឺតពេកនោះទេ ហើយកុំនិយាយរៀបរាប់បែបហត់ៗ និយាយកំបុតៗ ព្រោះវាអាចធ្វើឲ្យអតិថិជនរបស់អ្នកមិនពេញចិត្ត និង មិនចង់ទិញផលិផលរបស់អ្នក។ តួយ៉ាងការរក្សារលំដាប់ឬ ចង្វាក់នៃការនិយាយយឺតឬលឿន យើងត្រូវចេះបត់បែនវាឲ្យបានរហ័សទៅតាមស្ថានភាព ពោលគឺនិយាយលឿនចំពោះអតិថិជនដែលនិយាយលឿន គិតរហ័សដូចជា យុវវ័យ ឬ អ្នកដែលមានវ័យក្រោម៣០ជាដើម ព្រោះគេអាចនឹងស្ដាប់ទាន់។ ប៉ុន្តែបើនិយាយជាមួយអតិថិជនដែលលើសពី៤០ឆ្នាំ សូមនិយាយតាមកម្រិតធម្មតាដើម្បីឲ្យអតិថិជនដែលគិតយឺត ស្ដាប់យឺតអាចស្ដាប់យើងទាន់។