អ្នកណាៗក៏ចង់ឲ្យខ្លួនឯងមានផលិតភាពការងារខ្ពស់ ខួរក្បាលរវៀសរវៃ និងគិតបានលឿនជារៀងរាល់ថ្ងៃដែរ ប៉ុន្តែមិនដឹងថាត្រូវធ្វើបែបណាដើម្បីបណ្ដុះនូវភាពវៃឆ្លាតទាំងនេះបាន។ ចំណុចទាំង៥ខាងក្រោមនេះអាចជួយអ្នកដើម្បីបង្កើនភាពវៃឆ្លាតទាំងនោះបាន៖
១. ចំណាយពេល ១០ទៅ១៥ អានជារៀងរាល់ថ្ងៃ

កាំបិត បើអ្នកកាន់តែសំលៀង គឺវាកាន់តែមុត បើអ្នកកាន់តែប្រើ វានឹងកាន់តែថ្មីចែងចាំង រីឯសាច់ដុំដៃជើងរបស់អ្នកក៏ដូច្នឹងដែរ បើអ្នកកាន់តែហាត់ពុតលុតដំវាជារៀងរាល់ថ្ងៃនោះវានឹងកាន់តែខ្លាំងហើយរឹងមាំ មិនងាយបាក់កម្លាំង និងមិនងាយឈឺជាដើម។តួយ៉ាងខួរក្បាលរបស់អ្នកក៏ប្រហាក់ប្រហែលគ្នាទៅនឹងកាំបិត និងសាច់ដុំដែរ បើអ្នកកាន់តែប្រើប្រាស់វា នោះអ្នកនឹងកាន់តែឈ្លៀសវៃ គិតបានលឿន សម្រេចចិត្តបានរហ័សនិងត្រឹមត្រូវ ។ ហើយធាតុផ្សំដែលអាចជួយឲ្យខួរក្បាលរបស់អ្នកដើរបានកាន់តែលឿន និងមានថាមពល នោះគឺសៀវភៅ ដូចនេះអ្នកគួរតែចំណាយពេលអានសៀវភៅជារៀងរាល់ថ្ងៃ ដើម្បីទទួលបានចំណេះដឹងនិង ពត៌មានថ្មីដើម្បីបញ្ចូលទៅឲ្យខួរក្បាលអ្នក។
២. រៀនស្វែងយល់ឲ្យបានស៊ីជម្រៅ

ដើម្បីក្លាយខ្លួនទៅជាមនុស្សឈ្លៀសវៃ និងហ្មត់ចត់ម្នាក់ អ្នកត្រូវស្រូបយកចំណេះជំនាញថ្មីៗឲ្យបានច្រើនដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង ហើយអ្នកក៏ត្រូវចេះឈ្វេងយល់ពីមូលហេតុនៃបញ្ហា ចេះវិភាគពីស្ថានភាពបច្ចុប្បន្ន និងរៀនស្វែងយល់ពីវាឲ្យបានស៊ីជម្រៅផងដែរ។ យើងឃើញថាអ្នកជោគជ័យភាគច្រើន ពួកគេមានអាទិភាពខ្ពស់និងមានឱកាសច្រើនជាងគេ គឺព្រោះតែពួកគេចូលចិត្តគិតនិងធ្វើអ្វីមួយ ដោយផ្ដោតលើការយល់ដឹងស៊ីជម្រៅ និងវិភាគឲ្យបានច្បាស់លាស់ទៅលើបញ្ហាទាំងនោះ ទើបពួកគេកម្រនឹងមានកំហុស។
៣.អនុញ្ញាតិឲ្យខ្លួនឯងមានការផ្លាស់ប្ដូរ

ភាពវៃឆ្លាតពិតប្រាកដនោះគឺ ជាការដែលអ្នកអាចផ្លាស់ប្ដូរខ្លួនឯង ពីអាក្រក់ទៅល្អ ពីទាបទៅខ្ពស់ ពីខ្សោយទៅខ្លាំង ពីភ័យខ្លាចទៅជាក្លាហាន និងហ៊ានបើកចិត្ត បើកថ្លើមទទួលយកនូវចំណេះដឹងថ្មីៗ ហ៊ានចាប់ផ្ដើមក៏ដូចជាហ៊ានប្រថុយតតាំងជាមួយនឹងបញ្ហាជាដើម។ ពេលណាអ្នកអាចផ្លាស់ប្ដូរខ្លួនឯងជាមនុស្សថ្មី នោះអ្វីៗដែលល្អវានឹងមករកអ្នកដោយឯកឯង ហើយដួងរស្មីដែលធ្លាប់តែលិចលង់ក៏ចាប់ផ្ដើមរះសារជាថ្មីដែរ។
៤. រំឭកឡើងវិញនូវអ្វីដែលបានរៀន

ជាធម្មតាបន្ទាប់ពីអ្នកបានរៀនឬបានធ្វើអ្វីមួយរួចរាល់ហើយ តើអ្នកតែងតែរំឮកនូវចំណុចទាំងឡើងវិញដែរឬទេ?
ប្រសិនបើអ្នកមិនទម្លាប់កត់ត្រាទុកនូវចំណុចសំខាន់ មិននិយាយឬរំឮកនូវចំណុចទាំងនោះឡើងវិញទេ ៩៩.៩% អ្នកអាចនឹងភ្លេចនូវអ្វីដែលអ្នកបានគិត បានរៀននាពេលកន្លងនេះ។ដូចនេះអ្នកគួរតែរំឭកឡើងវិញនូវអ្វីដែលអ្នកបានរៀន ព្រោះការរំឮកម្ដងហើយម្ដងទៀតវានឹងធ្វើឲ្យអ្នកកាន់តែចងចាំជាងមុន ក៏ដូចជាជួយបង្កើននូវសមត្ថភាពខួរក្បាលរបស់អ្នកឲ្យកាន់តែរេផ្លិច ដើរលឿនជាងមុន។
៥. តាមដានគំនិតរបស់ខ្លួនឯង

អ្នកគប្បីតាមដាននូវសកម្មភាពនៃការគិតរបស់អ្នក ក៏ដូចជាតាមដាននូវចំណេះដឹងដែលអ្នកទទួលបានពីប្រភពខាងក្រៅ ថាវាជាល្អឬអាក្រក់ជាដើម ព្រោះរាល់ការគិត រាល់ពត៌មានទាំងអស់ដែលអ្នកទទួលបានមិនប្រាកដថាត្រឹមត្រូវទាំងអស់នោះទេ។ដូចនេះ អ្នកគួរតែផ្ដល់នូវចំណីអាហារណាដែលមានជីវជាតិ( ពត៌មានថ្មីៗ និងចំណេះដឹងល្អៗ )មកកាន់ខួរក្បាលជារៀងរាល់ថ្ងៃ ព្រោះវានឹងបម្លែងនូវពត៌មាននិងចំណេះដឹងទាំងនោះទៅរកផ្លូវមួយដ៏ល្អប្រសើរ និងមានប្រយោជន៍សម្រាប់អ្នក។