What is customer Loyalty? Why is it important?
អតិថិជនស្មោះស្ម័គ្រ (Customer Loyalty) គឺជាសកម្មភាពនៃការជ្រើសរើសនូវផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនណាមួយជាប្រចាំរបស់អតិថិជន ហើយឧស្សាហ៍ទិញទំនិញពីទីនោះញឹកញាប់ ជាជាងទិញផលិតផលពីក្រុមហ៊ុនដទៃទៀត។ តួយ៉ាងនៅពេលដែលអតិថិជនចាប់ផ្ដើមស្មោះស្ម័គ្រជាមួយនឹងម៉ាកយីហោ (Brand) ណាមួយហើយ គឺពួកគេមិនងាយនឹងស៊ាំញ៉ាំ មិនងាយស្ទាក់ស្ទើរ ឬសូញសាញជាមួយនឹងតម្លៃនៃផលិតផលឬសេវាកម្មនោះទេ ដោយសារតែពួកគេធ្លាប់មានបទពិសោធន៍ល្អក្នុងការប្រើប្រាស់ ដឹងពីតម្លៃពិតប្រាកដនិងដឹងពីគុណភាពនៃទំនិញ ក៏ដូចជាដឹងពីលក្ខណៈសម្បិត្តិនិងគុណសម្បិត្តិនៃមុខទំនិញនោះថាវាល្អប៉ុណ្ណាជាដើម។ ម្យ៉ាងទៀតអតិថិជនអាចនឹងមករកទិញទំនិញពីហាងឬក្រុមហ៊ុននោះម្ដងហើយម្ដងទៀត បើសិនជាផលិតផលទាំងនោះមានគុណភាពខ្ពស់ស្របតាមស្ដង់ដា មានតម្លៃសមរម្យ មានលក់ផលិតផលគ្រប់ប្រភេទ និងផ្ដល់ជូនសេវាកម្មអតិថិជនល្អដល់ពួកគេ នោះក្រុមអតិថិជនទាំងនោះនឹងកាន់តែហ៊ានចំណាយលុយជាច្រើនមកទិញផលិតផលរបស់អ្នកជាមិនខាន។

ប៉ុន្តែហេតុអ្វីបានជា ភាពស្មោះស្ម័គ្ររបស់អតិថិជន (Customer Loyalty) មានសារៈសំខាន់??
អតិថិជនគឺជាដង្ហើមនៃអាជីវកម្ម និងជាតួអង្គដែលដើរតួយ៉ាងសំខាន់ក្នុងការជួយជម្រុញឲ្យអាជីវកម្មមានដំណើរការទៅមុខបានរលូន ព្រោះពួកគេគឺជាអ្នកដែលផ្ដល់ធនធាន និងជាប្រភពចំណូលយ៉ាងទៀងទាត់របស់ក្រុមហ៊ុន។ម្យ៉ាងវិញទៀតភាពស្មោះស្ម័គ្ររបស់អតិថិជន (Customer Loyalty) វាអាចជួយផ្ស្វពផ្សាយម៉ាកយីហោរបស់អ្នកឲ្យកាន់តែមានភាពល្បីល្បាញ មានអ្នកស្គាល់ច្រើន និងមានមនុស្សប្រើប្រាស់កាន់តែច្រើនឡើង ។ បើសិនជាគ្មានអតិថិជនទេ អាជីវកម្មរបស់អ្នកក៏មិនអាចទៅមុខបានដែរ ( No Customer means No Business) ហើយបើសិនជាអតិថិជនមិនសប្បាយចិត្តក្នុងការប្រើប្រាស់ទំនិញរបស់អ្នកទៀតនោះ អាជីវកម្មប្រាកដជាមិនអាចបន្តទៅមុខបានទៀតឡើយ។ ដូចនេះភាពស្មោះស្ម័គ្ររបស់អតិថិជនគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អារជីវកម្មទាំងមូល ព្រោះវាអាចកសាងនូវការពេញចិត្តនិងទំនុកចិត្តមកលើផលិតផលឬសេវាកម្មរបស់អ្នក ជាពិសេសវាអាចជួយបង្កើនការលក់របស់អ្នកកាន់តែលក់ដាច់ និងកើនឡើងជាងមុនទ្វេដង រីឯប្រាក់ចំណូលនិងប្រាក់ចំណេញនៅក្នុងក្រុមហ៊ុនរបស់អ្នកក៏កើនឡើងផងដែរ ជាពិសេសអ្នកអាចចៀសផុតពិការក្ស័យធុនទៀតផង។
