Homeអានហេតុអ្វីត្រូវអានសៀវភៅ??

ហេតុអ្វីត្រូវអានសៀវភៅ??

នរណាក៏ដឹងថាសៀវភៅគឺជាប្រភពនៃចំណេះដឹង ដែលអាចជួយឲ្យមនុស្សលូតផុតពីបឹងភក់មកឃើញពន្លឺថ្ងៃបាន ប៉ុន្តែសួរថាតើចំនួនអ្នកដែលអានសៀវភៅមានច្រើនដែរឬទេ? ចម្លើយគឺមានមិនសូវជាច្រើននោះទេ។​

ដូចនេះយើងម្នាក់ៗគួរតែអានសៀវភៅឲ្យបានច្រើន, តើហេតុអ្វីទៅ? ចំណុចទាំង៥ខាងក្រោមនេះនឹងឆ្លើយប្រាប់អ្នកថាហេតុអ្វីបានជាអ្នកត្រូវអានសៀវភៅ៖

១. ជួយពង្រឹងសមត្ថភាពខួរក្បាលអ្នក : ពេលណាដែលអ្នកអានសៀវភៅកាន់តែច្រើន ចំណេះដឹងរបស់អ្នកក៏កាន់តែរីកសាយភាយ រីឯសមត្ថភាពខួរក្បាលរបស់អ្នកទៀតសោតក៏រឹងតែខ្លាំង ជាហេតុធ្វើឲ្យអ្នកអាចដោះស្រាយបញ្ហាបានភ្លាមៗ និងអាចបត់បែនស្ថានភាពបានរហ័ស។

២. បង្រៀនអ្នកឲ្យចេះវិភាគ : បង្រៀនអ្នកឲ្យចេះវិភាគពីតួអង្គ សកម្មភាព វិភាគអំពីទង្វើរបស់តួអង្គម្នាក់ៗ ក៏ដូចជាវិភាគពីស្ថានភាពដែលកំពុងកើតឡើងនេះឯង ថាបើសិនជាករណីជួបរឿងបែបនេះអ្នកនឹងប្រើវិធីសាស្រ្តឬ ត្រូវដោះស្រាយយ៉ាងមិចជាដើម។ ហើយបើសិនជាសៀវភៅនោះជាប្រភេទសៀវភៅបណ្ដុះគំនិតវិញ វានឹងបង្វឹកអ្នកឲ្យរៀនគិត រៀនវិភាគថ្លឹងថ្លែងពីគោលគំនិតឬទស្សនៈទាំងនោះ។

Woman Sitting On Floor Reading Book

៣. ជួយកម្ចាត់ភាពស្រ្តេស (Toxic) ជូនអ្នក : សៀវភៅក៏អាចចាត់ទុកថាជារបស់ដែលអាចជួយរំសាយអារម្មណ៍របស់អ្នកខ្លះដែរ ដែលវាអាចជួយកាត់បន្ថយភាពស្មុគស្មាញ ភាពធុញទ្រាន់ និងគំនិតចាក់ស្មុគរបស់អ្នកបាន ។

៤. ជួយលើកកម្លាំងចិត្តអ្នកឲ្យរឹងមាំ   ពេលដែលអ្នកបាក់ទឹកចិត្ត ពេលអ្នកកើតទុក្ខ ពេលអ្នកមានបញ្ហា គឺមានតែសៀវភៅទេដែលមិនដែលរត់ចោលអ្នក(មានតែអ្នកទេដែលរត់ចោលសៀវភៅ)គឺវានៅជាមួយអ្នកជានិច្ច នៅចាំលើកទឹកចិត្តអ្នក ចាំនិយាយលួងលោមក៏ដូចជាជួយបន្ធូរអារម្មណ៍អ្នកបានមួយចំនួនធំដែរ ជាពិសេសគឺវាតែងតែផ្ដល់នូវគំនិតវិជ្ជមាន មកកាន់អ្នកជានិច្ច។

៥. បង្កើនភាពច្នៃប្រឌិត   ដោយសារតែគំនិតនិងចំណេះដឹងរបស់បុគ្គលជោគជ័យជាច្រើនត្រូវបានសរសេរនៅក្នុងសៀវភៅ ដូចនេះពេលណាដែលអ្នកកាន់តែអាន អ្នកនឹងកាន់តែទទួលបានគំនិតពីពួកគេបានកាន់តែច្រើន រីឯគំនិតច្នៃប្រឌិតរបស់អ្នកវិញក៏កាន់តែរីកចម្រើនផងដែរ រហូតអាចធ្វើអ្វីថ្មីៗប្លែកៗដែលគ្មាននរណាគិតដល់ក៏ថាបាន។

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។