Homeការជ្រើសរើសជំនាញចំណុចដែលអ្នកត្រូវគិតនិងត្រូវធ្វើមុនពេលជ្រើសរើសជំនាញចូលរៀននៅសកលវិទ្យាល័យ

ចំណុចដែលអ្នកត្រូវគិតនិងត្រូវធ្វើមុនពេលជ្រើសរើសជំនាញចូលរៀននៅសកលវិទ្យាល័យ

បន្ទាប់ពីទទួលបាននូវការប្រកាសលិទ្ធផលពីក្រសួងអប់រំអំពីការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិរួចហើយ សិស្សម្នាក់ៗក៏សប្បាយចិត្តហើយអ្នកខ្លះទៀតក៏ពិបាកចិត្តណាស់ដែរ ព្រោះពេលប្រឡងជាប់ហើយអារម្មណ៍របស់ពួកគេកំពុងតែវីវក់វង្វេងមិនដឹងថាត្រូវធ្វើអ្វីបន្ត មិនដឹងថាខ្លួនឯងចង់រៀនជំនាញអ្វី រៀននៅសាលាណាជាដើម ហើយអ្វីដែលសំខាន់គឺខ្លាចពេលដែលជ្រើសរើសជំនាញហើយបែរជាមិនត្រូវទៅនឹងចំណង់ចំណូលចិត្តរបស់ខ្លួនទៅវិញ។យ៉ាងណាមិញដើម្បីឲ្យមានភាពងាយស្រួលក្នុងការជ្រើសរើសជំនាញរៀនឲ្យត្រូវទៅនឹងទេពកោសល្យរបស់ខ្លួនឯង អ្នកត្រូវគិតនូវ៤ចំណុចខាងក្រោមនេះ៖

១. ត្រូវស្គាល់ពីខ្លួនឯងឲ្យច្បាស់

មានន័យថាអ្នកត្រូវដឹងថាខ្លួនឯងចេះអ្វី រវៀសរវៃជាមួយការងារណាខ្លះ មានទេពកោសល្យខាងផ្នែកអ្វីជាងគេ ហើយជាធម្មតាខ្លួនអ្នកចូលចិត្តធ្វើនិងចូលចិត្តគិតពីអ្វីជាងគេជាដើម​ ព្រោះការដែលអ្នកដឹងពីខ្លួនឯងច្បាស់វានឹងធ្វើឲ្យអ្នករើសជំនាញមួយដ៏ត្រឹមត្រូវនិងសក្តិសមបំផុតនៅឯសកលវិទ្យាល័យ ដែលជាហេតុមិនអាចធ្វើឲ្យអ្នកស្ដាយក្រោយជាមួយនឹងការសម្រេចចិត្តឬមិនអាចធ្វើឲ្យអ្នកឆាប់បោះបង់ចោលការសិក្សានោះពាក់កណ្ដាលទីនោះឡើយ។ តួយ៉ាងដើម្បីដឹងថាខ្លួនឯងចេះ ឬពូកែអ្វីនោះ អ្នកគួរតែចំណាយពេលនៅជាមួយខ្លួនឯងឲ្យបានញឹកញាប់ ហើយបង្កើតសំណួរសួរខ្លួនឯងជារឿយៗដើម្បីស្វែងយល់ថា តើខ្ញុំមានទេពកោសល្យផ្នែកអ្វី? តើខ្ញុំគួររៀនជំនាញមួយណា?តើការងារណាដែលខ្ញុំធ្វើហើយមានអារម្មណ៍ថាសប្បាយចិត្តបំផុត?ឬ តើអ្វីដែលខ្ញុំចង់ធ្វើបំផុតនៅក្នុងឆាកជីវិតមួយនេះ?…។

Painter, Artist, Man, Old, Age, Cartoonist, Paintings

២. ត្រូវមើលទៅលើទីផ្សារការងារ

អ្នកចាំបាច់ត្រូវតែដឹងថា សង្គមសព្វថ្ងៃនេះនិងនាពេលអនាគតទៅមុខទៀត តើជំនាញអ្វីដែលកំពុងតែត្រូវប៉ាន់ហើយទទួលបានប្រាក់ចំណូលច្រើនជាងគេ? ជំនាញណាដែលមានការគាំទ្រពីស្ថាប័នច្រើនជាងគេ ហើយជំនាញណាដែលអ្នករៀនហើយមានអារម្មណ៍សប្បាយចិត្ត? នេះគឺជាបញ្ហាចោទមួយដែលអ្នកត្រូវតែគិតពិចារណាឲ្យបានលម្អិត ចៀសវាងការជ្រើសរើសជំនាញខុសនាំឲ្យមានវិប្បដិសារី ខាតទាំងពេលវេលា ខាតទាំងថវិកា។ដូចនេះអ្នកត្រូវចេះស្ទង់មើលពីទីផ្សារការងារឲ្យបានហ្មត់ចត់ ព្រោះកាលណាអ្នកដឹងពីទីផ្សារការងារបានច្បាស់ អ្នកប្រាកដជាទទួលបានឱកាសការងារច្រើនជាងគេនៅពេលដែលអ្នកបញ្ចប់ថ្នាក់ឧត្តមសិក្សានៅឯសកលវិទ្យាល័យ។

Setting, Hand, Write, Job, Workplace, Invitation, Enter

៣.​​ កុំរៀនតាមគ្នា

បន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យហើយ​ សិស្សភាគច្រើនពួកគេមិនដឹងថាត្រូវរៀនជំនាញអ្វី ហើយរៀននៅសកលវិទ្យាល័យណានោះទេ ដូចនេះពួកគាត់ក៏សម្រេចចិត្តជ្រើសរើសរៀនជំនាញតាមមិត្តភិក្ត តាមសង្សារ ឬរៀនទៅតាមភាគរយដែលមនុស្សកំពុងសម្រុករៀនខ្លាំងនោះ ព្រោះគាត់គិតថា “បើគេរៀនជំនាញនោះច្រើន មានន័យថាជំនាញនោះគឺជាជំនាញដែលទីផ្សាបច្ចុប្បន្នកំពុងតែត្រូវការជាក់ជាមិនខាន”ប៉ុន្តែវាមិនមែនបែបនោះទាំងស្រុងនោះទេ។​ហើយជាលិទ្ធផលពេលដែលពួកគាត់ចូលរៀនមែនទែនទៅ ទើបគាត់ដឹងថា នេះមិនមែនជាជំនាញដែលគាត់ចង់រៀននោះទេ ហើយគាត់ក៏ពុំមានទេពកោសល្យផ្នែកនោះដែរ។ដូចនេះបើអាចអ្នកត្រូវគិតឲ្យបានល្អិតល្អន់មុនពេលរើសជំនាញ ចៀសវាងការរៀនជោរតាមគ្នា ។

Business woman in black suit showing her denial with no on her hand Premium Photo

៤. គួរសួរសិស្សច្បងមុនៗ

ជម្រើសមួយដ៏ល្អបំផុតដើម្បីសម្រេចចិត្តរៀនជំនាញណាមួយ អ្នកគួរតែ៖

  • ទី១ គឺស្វែងរកនូវពត៌មានទាក់ទងទៅនឹងជំនាញណាដែលមានសក្ដានុពលនៅក្នុងទីផ្សារបច្ចុប្បន្ន នៅក្នុង Google។
  • ទី២អ្នកអាចធ្វើការសួរពីបទពិសោធន៍របស់សិស្សច្បងមុនៗដើម្បីឲ្យគាត់ផ្ដល់ជាគំនិតក៏ដូចជាយោបល់ខ្លះៗមកឲ្យអ្នក ព្រោះគាត់ពីមុនក៏ដូចជាអ្នកឥលូវនេះដែរ មិនដឹងថាត្រូវរៀនជំនាញអ្វី មិនដឹងថាត្រូវដើរទៅណាបន្តជាដើម។ ឬមួយក៏ប្រាប់ពីគោលគំនិតនិងទេពកោសល្យរបស់អ្នកទៅកាន់ពួកគាត់ ព្រោះគាត់អាចដឹងថា បើអ្នកមានចំណង់ចំណូលចិត្តលើផ្នែកណាមួយឬមានទេពកោសល្យបែបនេះឬបែបនោះ គាត់អាចជួយអ្នកក្នុងការចង្អុលប្រាប់ថាតើអ្នកគួរបន្តរៀនជំនាញអ្វីជាដើម។ជា

ជារួមអ្នកត្រូវតែគិតពិចារណាឲ្យបានហ្មត់ចត់ និងឲ្យបានល្អិតល្អន់មែនទែន មុនពេលសម្រេចចិត្តជ្រើសរើសជំនាញរៀននៅសកលវវិទ្យាល័យ ព្រោះបើអ្នករៀនជំនាញខុស អ្នកនឹងសោកស្ដាយជាក់ជាមិនខាន ការងារក៏មិនត្រូវជាមួយនឹងទីផ្សារ ខាតទាំងពេលវេលា ខាតទាំងលុយដែលបានចំណាយនោះ។

Question Mark, Question, Mark, Symbol, Sign, Ask, Help
រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។