“ហេតុអ្វីបានជាខ្ញុំត្រូវជួលអ្នកឲ្យមកធ្វើការនៅទីនេះ?” ជាសំណួរដែលពិបាកនឹងឆ្លើយជាងគេ ព្រោះបើសិនជាអ្នកមិនអាចឆ្លើយឲ្យចំនឹងអ្វីដែលពួកគេចង់បានទេ អ្នកប្រាកដជាមិនមានវត្តមាននៅលើតារាងបេក្ខភាពឡើយ។ដូចនេះតើអ្នកគួរត្រៀមខ្លួនបែបណាដើម្បីឆ្លើយនូវសំណួរនេះឲ្យបានល្អ?ចំណុចទាំង៣ខាងក្រោមនេះអាចជួយអ្នកក្នុងការឆ្លើយសំណួរទាំងនោះបាន៖
១. ដឹងពីព័ត៌មានរបស់ក្រុមហ៊ុនឲ្យបានច្រើន
ត្រូវប្រាកដថាអ្នកបានស្រាវជ្រាវពីប្រវត្តិក្រុមហ៊ុននិងដឹងពីការកកើតនៃក្រុមហ៊ុននោះបានច្បាស់លាស់ ជាពិសេសត្រូវដឹងថាក្រុមហ៊ុននោះកំពុងស្វែងរកបុគ្គលិកដែលមានតួនាទីបែបណា។ ហើយអ្នកត្រូវរៀបចំការឆ្លើយតបរបស់អ្នកធ្វើយ៉ាងណាឲ្យស៊ីគ្នាជាមួយនឹងមុខតំណែងដែលអ្នកចង់បានដើម្បីបង្ហាញឲ្យអ្នកគ្រប់គ្រងនៅទីនោះដឹងថា អ្នកពិតជាបានសិក្សាស្រាវជ្រាវពីក្រុមហ៊ុននោះបានល្អិតល្អន់មែន។ការដែលអ្នកដឹងពី ផលិតផលឬសេវាកម្មរបស់ពួកគេបានច្បាស់ វាក៏ជួយឲ្យអ្នកអាចឆ្លើយនឹងសំណួររបស់ពួកគេបានចំៗដែរ។ម្យ៉ាងទៀតនៅពេលដែលអ្នកឆ្លើយនូវសំណួរ អ្នកត្រូវតែបង្ហាញពីអារម្មណ៍មួយដែលថាអ្នកពិតជាចង់ធ្វើការនៅទីនោះពិតមែន។ ឧទាហរណ៍ថា “នៅលើគេហទំព័រ និងនៅលើហ្វេសបុកផេករបស់អ្នកខ្ញុំបានឃើញអ្នកកំពុងតែដាក់ដំណើរការកម្មវិធីទូរស័ព្ទថ្មីៗនៅក្នុងទូរស័ព្ទដៃ ហើយខ្ញុំចូលចិត្តក្នុងការចូលរួមនូវគម្រោងបែបនេះណាស់ ដោយសារតែវាជាឳកាសមួយដ៏ល្អសម្រាប់ខ្ញុំដើម្បីហ្វឹកហាត់ជំនាញសរសេរកូដនិងបង្កើតកម្មវិធីថ្មីជាដើម។

២. ត្រូវដឹងពីចំណុចខ្លាំងរបស់ខ្លួនឯង
អ្នកត្រូវសួរខ្លួនឯង “ តើខ្ញុំមានអ្វីដែលល្អប្លែកជាងបេក្ខជនដទៃទៀតដែរឬអត់? តើខ្ញុំមានភាពខ្លាំងអ្វីខ្លះដែលអាចធ្វើឲ្យខ្ញុំលេចធ្លោជាងគេបាន?” អ្នកគួរតែសួរខ្លួនឯងបែបនេះមកកាន់ខ្លួនឯង ជាជាងនិយាយថា “ខ្ញុំជាមនុស្សឧស្សាហ៍ព្យាយាម” ព្រោះឃ្លាទាំងនេះបេក្ខជនភាគច្រើនសុទ្ធតែនិយាយបែបនេះទាំងអស់ហើយលិទ្ធផលដែលគេទទួលបានគឺដូចមនុស្សដទៃទៀតអ៊ីចឹង។ដូចនេះយកល្អអ្នកគួរតែនិយាយថា អ្នកគឺជាមនុសុ្សដែលពូកែខាងទំនាក់ទំនង អាចបត់បែនទៅតាមស្ថានការណ៍ មានភាពវៃឆ្លាតក្នុងការងារ ឬ ពូកែខាងដឹកនាំជាដើម ដើម្បីឲ្យកាន់តែលម្អិតជាងនេះអ្នកអាចនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួន ពីសកម្មភាពឬសមិទ្ធផលដែលអ្នកសម្រេចបានដើម្បីឆ្លើយទៅកាន់ពួកគេ។ ឧទាហរណ៍ថា បើអ្នកជាសិស្សនិស្សិតអ្នកអាចនិយាយថា “ខ្ញុំធ្លាប់ដឹកនាំក្រុមដែលមានសមាជិកចំនួន១០នាក់នៅក្នុងគម្រោងមួយ ដែលប្រព្រឹត្តយ៉ាងរលូននិងទទួលបានការកោតសរសើរពីសាស្រ្តាចារ្យ នៅពេលដែលខ្ញុំរៀននៅសាកលវិទ្យាល័យ….”។

៣. ហាត់សមនិយាយជាមួយខ្លួនឯង
អ្នកអាចបង្កើននូវទំនុកចិត្ត ភាពជឿជាក់លើខ្លួនឯង និងភាពរេផ្លិចនៃការឆ្លើយតបតាមរយះការអនុវត្តដដែលៗ និយាយជាមួយខ្លួនឯង ហ្វឹកហាត់និយាយនៅពីមុខកញ្ចក់ ឬថតសម្លេងខ្លួនឯងទុក ព្រោះការធ្វើបែបនេះវានឹងធ្វើឲ្យអ្នកមានភាពស៊ាំខ្លះៗជាមួយនឹងបរិស្ថានបែបនេះ។ ហើយខណៈពេលដែលអ្នកហ្វឹកហាត់បែបនេះ អ្នកក៏អាចដឹងពីចំណុចខ្សោយរបស់ខ្លួនឯង តាមរយៈការអង្កេតពីអាកប្បកិរិយាខ្លួនឯង ថាខ្លួនឯងភ័យដែរឬអត់ និយាយទៅមុខទៅក្រោយនៅតែកន្លែងដដែលឬយ៉ាងណា ឬមួយក៏និយាយចាកប្រធានបទដែរឬក៏អត់ជាដើម ដើម្បីត្រៀមខ្លួនឲ្យបានល្អមុនពេលទៅសម្ភាសន៍។
