Mark Zuckerberg, Steve Jobs, Bill Gate, Elon Musk ក៏ដូចជាបុគ្គលល្បីល្បាញជាច្រើនទៀតនៅលើពិភពលោកអាចទទួលភាពជោគជ័យដ៏អស្ចារ្យបែបនេះបានក៏ព្រោះតែពួកគេមានការជឿជាក់លើខ្លួនឯងខ្លាំង ជឿជាក់លើសមត្ថភាពនិងជឿជាក់លើខួរក្បាលខ្លួនឯងថាអាចធ្វើបាន។តួយ៉ាងយើងឃើញហើយថាការជឿជាក់លើខ្លួនឯងពិតជាសំខាន់ខ្លាំងមែនទែន ព្រោះវាគឺជាកាតាលីករដែលជួយជម្រុញចិត្តគំនិត និងពង្រឹងស្មារតីរបស់អ្នកឲ្យកាន់តែរឹងមាំ និងហ៊ានប្រថុយគ្រប់ឧបសគ្គដើម្បីសម្រេចកិច្ចការទាំងនោះឲ្យបានជោគជ័យ។ប៉ុន្តែអ្នកដឹងទេថាតើគួរធ្វើបែបណាដើម្បីកសាងភាពជឿជាក់ឲ្យខ្លួនឯង?
ជំហានដំបូងអ្នកគួរតែចំណាយពេលនៅជាមួយខ្លួនឯងឲ្យបានច្រើន ព្រោះពេលដែលអ្នកនៅម្នាក់ឯង អ្នកនឹងកាន់តែស្រលាញ់ខ្លួនឯង យល់ពីបញ្ហារបស់ខ្លួនឯងបានកាន់តែច្បាស់ក៏ដូចជាយល់ពីអារម្មណ៍ដ៏ពិតប្រាកដដែលកំពុងតែដក់ជាប់នៅក្នុងចិត្តរបស់ដែរ។ ម្យ៉ាងវិញទៀតពេលណាដែលអ្នកនៅជាមួយខ្លួននៅឯងច្រើនអ្នកនឹងស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯងបានកាន់តែស៊ីជម្រៅ ហើយអាចឲ្យអ្នករៀបចំផែនការជីវិត និងបង្កើនភាពជឿជាក់ឲ្យខ្លួនឯងបានកាន់តែខ្លាំងឡើងថែមទៀតផង។
ជំហានបន្ទាប់គឺអ្នកត្រូវតែគោរពខ្លួនឯងនិងឧស្សាហ៍និយាយលើកទឹកចិត្តខ្លួនឯង។អ្នកអាចបង្ហាញការគោរពមកកាន់ខ្លួនឯងបានតាមរយៈការធ្វើតាមពាក្យសន្យា ការដែលមិនយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ការជឿជាក់លើចិត្តគំនិតនិងស្មារតីរបស់ខ្លួនឯង ឬការលើកសរសើរអំពីកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើកន្លងមក។ហើយអ្នកក៏ត្រូវឧស្សាហ៍លើកទឹកចិត្តខ្លួនឯងផងដែរទោះបីជាពុំមានអ្នកលើទឹកចិត្តអ្នកក៏ដោយ ព្រោះបើអ្នកគ្មានកម្លាំងចិត្ត ភាពជឿជាក់របស់អ្នកនឹងបាត់បង់ ការព្យាយាមរបស់អ្នកនឹងថយចុះ ហើយក្ដីស្រម៉ៃរបស់អ្នកក៏ត្រូវរលត់សូន្យឈឹងដែរ។ដូចនេះដើម្បីឲ្យខ្លួនអ្នកកាន់តែមានភាពជឿជាក់លើខ្លួនឯង ជាដំបូងត្រូវតែស្រលាញ់ខ្លួនឯង គោរពខ្លួនឯងនិង ចំណាយពេលនៅជាមួយខ្លួនឯងឲ្យបានច្រើនដើម្បីស្វែងរកគន្លឹះឬទិចនិកដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែរីកចម្រើន។
