Homeអានចំណុចមួយចំនួនដែលអ្នកគួរតែអាននៅក្នុងសៀវភៅជាជាងអាននៅក្នុងទូរស័ព្ទ

ចំណុចមួយចំនួនដែលអ្នកគួរតែអាននៅក្នុងសៀវភៅជាជាងអាននៅក្នុងទូរស័ព្ទ

     ដោយសារតែឥលូវនេះជាយុគសម័យបច្ចេកវិទ្យា មនុស្សអាចដឹងពីពត៌មាន អាចរៀនសូត្រនិងអាចទំនាក់ទំនងគ្នាតាមប្រព័ន្ធអេឡិចត្រូវនិចយ៉ាងមានភាពងាយស្រួល និងរហ័សទាន់ចិត្តទៅតាមតម្រូវការចង់បានរបស់ពួកគេ។ដោយដឹងថានៅក្នុងទូរស័ព្ទគ្រប់ប្រភេទគឺមានកម្មវិធីជាច្រើនដែលអ្នកអាចប្រើប្រាស់ និងដោនឡោតបាន ដូចជាកម្មវិធីសិក្សា កម្មវិធីថតរូប កម្មវិធីបណ្ណាល័យសៀវភៅ(e-book) កម្មវិធីទំនាក់ទំនងឬផ្សេងៗជាដើម។ដោយសារតែវាមានភាពងាយស្រួលបែបនេះហើយទើបមនុស្សភាគច្រើនតែងតែអានអត្ថបទ អានរឿងប្រលោមលោក អានចំណេះដឹងទាក់ទងទៅនឹងអាជីវកម្មនៅក្នុងកម្មវិធីទូរស័ព្ទជាជាងអាននៅក្នុងសៀវភៅ។ ប៉ុន្តែវាក៏មានផលវិបាកមួយចំនួនដែរ ដែលវាតែងតែរំខានអារម្មណ៍អ្នកកំឡុងពេលដែលអ្នកអាននៅក្នុងទូរស័ព្ទដៃរបស់អ្នកនោះ។ដូចនេះតើការអាននៅក្នុងទូរស័ព្ទដៃមានផលវិបាកយ៉ាងដូចម្ដេចខ្លះ?

 ១. មិនអាចប្រមូលអារម្មណ៍ឲ្យមូល

ក៏ដោយសារតែទូរស័ព្ទអាចឲ្យមនុស្សរាល់គ្នាយកទៅតាមខ្លួនគ្រប់ទីកន្លែងដែលពួកគេចង់ទៅ ដូចនេះទើបពួកគេតែងអាននូវចំណេះដឹងផ្សេងៗ(ទាក់ទងនឹងចំណេះដឹងអាជីវកម្ម ការអភិវឌ្ឍចំណេះដឹងខ្លួនឯង ឬរឿងប្រលោមលោកជាដើម) នៅក្នុងទូរស័ព្ទជាជាងក្នុងសៀវភៅ។ប៉ុន្តែនៅពេលដែលអ្នកអាននៅក្នុងទូរសព័្ទដៃ អ្នកនឹងពិបាកក្នុងការគ្រប់គ្រងនិងហាមឃាត់អារម្មណ៍ខ្លួនឯងមិនឲ្យលេងបណ្ដាញសង្គមបាននោះទេ ដោយសារតែក្នុងទូរស័ព្ទដៃរបស់អ្នកតែងតែផ្ដល់ជូនដំណឹងផ្សេងៗនៅពេលមានអ្វីមួយថ្មីទើបតែដាក់បញ្ចូល ឬជាសម្លេងឆាតទឹងៗជាដើម ដែលជាហេតុបង្អាក់អារម្មណ៍របស់អ្នកមិនអាចផ្ចង់អារម្មណ៍បានល្អនៅពេលអាន។ដែលនេះវាខុសប្លែកពីការអានសៀវភៅ ព្រោះអានសៀវភៅអ្នកអាចស្វែងរកកន្លែងណាមួយស្ងប់ស្ងាត់ដើម្បីអានបាន ហើយគ្មានអ្វីអាចមកបង្អាក់អារម្មណ៍នៅពេលអាននោះទេ ហើយថែមទាំងជួយឲ្យអ្នកយល់ច្បាស់ពីដំណើររឿងដែលមាននោក្នុងសៀវភៅថែមទៀតផង។

Emoji, Smiley, Bad Mood, Feeling, Emoticon, Businessman

២. ឈឺភ្នែក និងពិបាកមើល

អ្នកដឹងហើយថាពេលដែលអ្នកអាននៅក្នុងទូរស័ព្ទគឺវាពិបាកជាងការអាននៅក្នុងសៀវភៅទៅទៀត ដោយសារតែនៅលើអេក្រង់ទូរស័ព្ទវាមិនមានទំហំធំ ដែលជាហេតុធ្វើឲ្យអ្នកពិបាកក្នុងការមើល ហើយត្រូវពង្រីកនិងបង្រួមអក្សរគ្រប់ពេលដើម្បីអានរឿងរ៉ាវទាំងនោះទៀតផង។ពិសេសជាងនេះទៅទៀតនោះ អ្នកនឹងឆាប់ឈប់អានដោយសារតែពន្លឺពណ៌ខៀវ ហើយពន្លឺពណ៌ខៀវដែលជះចេញពីទូរសរស័ព្ទនោះទៀតសោត នឹងធ្វើឲ្យអ្នកឆាប់ឈឺគ្រាប់ភ្នែកឬរោយភ្នែកជាដើមដែលបង្កឲ្យអ្នកម្ញូប និងមើលអ្វីគ្រប់យ៉ាងនៅជុំវិញអ្នកស្រវាំងទាំងអស់។តែបើយើងក្រឡេកមកមើលការអាននៅក្នុងសៀវភៅវិញគឺ វាមានភាពខុសប្លែកគ្នាឆ្ងាយពីការអាននៅក្នុងទូរស័ព្ទ ព្រោះពេលដែលអ្នកអាននៅក្នុងសៀវភៅ អ្នកមិនចាំបាច់ទទួលរងនូវឥទ្ធិពលអវិជ្ជមានពីពន្លឺពណ៌ខៀវដែលបង្កឲ្យអ្នកឈឺភ្នែកឡើយ ជាពិសេសអក្សរនៅក្នុងសៀវភៅនោះទៀតសោតផ្ដល់នូវភាពងាយស្រួលដល់អ្នកទាំងការអាន និងការមើល។

Young woman touching her eyes under the eyeglasses Free Photo

៣. ពិបាកក្នុងការកត់ត្រា

ជាធម្មតាការអានគឺត្រូវការ ការគូសវាស ការកត់ត្រាឬហាយឡាយពណ៌ជាដើម ដើម្បីកត់ចំណាំថាវាជាចំណុចសំខាន់មួយដែលយើងត្រូវមើល ត្រូវគិតនិងត្រូវអនុវត្តន៍នៅពេលអានវាចប់ព្រោះការកត់ចំណាំទុកអាចជួយពង្រឹកនូវការចងចាំនៃអត្ថន័យនៅក្នុងសៀវភៅបានល្អ។ យ៉ាងណាមិញ ការណ៍ដែលអ្នកអាននៅក្នុងទូរស័ព្ទដៃ អ្នកប្រហែលជាប្រឈមជាមួយការលំបាកមួយចំនួនដូចជា មិនអាចហាយឡាយពណ៌នូវចំណុចសំខាន់ឬទស្សនៈ ​និងមិនអាចសរសេរនូវគំនិតរបស់អ្នកបន្ថែមទៀតបានឡើយដោយសារតែក្នុងទូរស័ព្ទវាអនុញ្ញាតិឲ្យអ្នកបានត្រឹមតែអានតែប៉ុណ្ណោះ (លើកលែងចំពោះការអាននៅក្នុង Kindle ព្រោះវាអាចសរសេរកត់ត្រាទុកបានដូចក្នុងសៀវភៅអ៊ីចឹង) ។ ប៉ុន្តែប្រសិនបើអ្នកអាននៅក្នុងសៀវភៅវិញ អ្នកអាចសរសេរ អាចហាយឡាយពណ៌ អាចសរសេរនៅលើក្រដាសស្ទិកឃើបិទពីលើ ឬអាចបត់ចំណាំនិងអាចស៊កសៀតបានគ្រប់បែបយ៉ាងទាំងអស់ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។

Drawn light bulb and question mark sign on adhesive note attached with pushpin over white background Free Photo

៤. ចំណាយពេលរៀងយូរបន្តិចដើម្បីមើលទំព័រខាងមុខ

ដោយសារតែបុគ្គលិកលក្ខណៈនៃការអានរបស់មនុស្សមានភាពខុសៗគ្នា អ្នកខ្លះចូលចិត្តអានទៅតាមលំដាប់លំដោយនៃទំព័រដែលមាន រីឯអ្នកខ្លះទៀតក៏ចូលចិត្តអានត្រង់ចំណុចណាដែលគួរឲ្យចាប់អារម្មណ៍មុនគេពោលគឺ អានមិនតាមលំដាប់លំដោយនៃសៀវភៅឬ អានពីពាក់កណ្ដាលសៀវភៅជាដើម។ដូចនេះចំពោះអ្នកដែលចូលចិត្តអានមិនតាមលំដាប់លំដោយនៃរឿង ឬអាចហៅថាអ្នកដែលចង់ដឹងពីអត្ថន័យនៃជំពូកបន្ទាប់ៗ វារៀងលំបាកបន្តិចក្នុងការចុចស្វែងរកជំពូកទាំងនោះនៅលើទូរស័ព្ទដៃដោយសារតែអ្នកត្រូវចំណាយពេលអង្គុយចុចរកទំព័រទាំងនោះ។ប៉ុន្តែបើអ្នកអាននៅក្នុងសៀវភៅវិញ គឺអ្នកចង់អានត្រង់ចំណុចណាក៏បានពោលគឺគ្រាន់តែមើលទៅលើមាតិកាត្រង់ជំពូកណាដែលអ្នកគិតថាចង់អាន ហើយមើលពីទំព័រសៀវភៅអ្នកក៏អាចអានវាបានភ្លាមៗមិនចំណាយពាលយូរដើម្បីស្វែងរក។

Alarm clock Free Photo

     ជារួមការអានគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រីកនូវចំណេះដឹងឲ្យកាន់តែមានវិសាលភាព។ មិនថាអ្នកអាននៅក្នុងទូរស័ព្ទដៃឬនៅក្នុងសៀវភៅនោះទេគឺសុទ្ធតែទទួលបានចំណេះដឹងដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវជ្រើសរើសនូវវិធីដែលល្អបំផុតសម្រាប់ការអានដែលវាជួយផ្ដល់ទាំងភាពងាយស្រួល ផ្ដល់ទាំងផលប្រយោជន៍ ផ្ដល់ទាំងចំណេះដឹង និងមិនប៉ះពាល់ដល់សុខភាព។