ពាក្យសម្ដីប្រចាំថ្ងៃដែលអ្នកតែងតែប្រើជាមួយខ្លួនឯងនិងអ្នកដទៃពិតជាសំខាន់ខ្លាំងណាស់ ព្រោះវានឹងបង្ហាញពីបុគ្គលិកលក្ខណៈនិងអត្តចរិតរបស់អ្នកថាអ្នកជាមនុស្សបែបណា ជាមនុស្សមានតម្លៃឬគ្មានតម្លៃ ជាមនុស្សដែលមានទំនួលខុសត្រូវឬគ្មានទំនួលខុសត្រូវ ជាមនុស្សមានសមត្ថភាពឬអសមត្ថភាពជាដើម។ ជាពិសេសនៅពេលដែលអ្នកប្រើពាក្យសម្ដីវិជ្ជមានវានឹងធ្វើឲ្យអ្នកល្អប្រសើរ តែបើអ្នកនិយាយពាក្យសម្ដីអវិជ្ជមានមកកាន់ខ្លួនឯងឬអ្នកជុំវិញខ្លួនវិញ អ្នកនឹងជួបតែផលវិបាក ឬបញ្ហាជាដើម។
យ៉ាងណាមិញឃ្លាទាំង៣ខាងក្រោមនេះ អ្នកត្រូវតែបោះបង់ចោល និងឈប់និយាយបន្តទៀតបើសិនជាអ្នកចង់ឲ្យខ្លួនអ្នកនឹងអនាគតអ្នកជួបតែភាពជោគជ័យ៖
១.ឈប់និយាយថាចាំថ្ងៃចន្ទចាំខ្ញុំធ្វើ
តើអ្នកជាមនុស្សដែលចូលចិត្តនិយាយពាក្យថា “ចាំសិន” ឬមួយក៏និយាយឃ្លាថា “ខ្ញុំនឹងធ្វើវាឲ្យហើយនៅក្នុងថ្ងៃនេះ”?
ចាំសិន, ចាំតិចទៀត, ចាំស្អែក, ចាំអាទិត្យក្រោយ, ចាំថ្ងៃចន្ទ, ចាំមានពេលចាំចាប់ផ្ដើមធ្វើការងារនោះក៏បាន វាមិនទាន់ហួសពេលនោះទេ។តើអ្នកធ្លាប់ជួបស្ថានភាពបែបនោះដែរឬអត់? បើសិនជាអ្នកតែងតែប្រើពាក្យបែបនេះមែន អ្នកគួរតែរៀនបោះបង់វាចោលខ្លះៗទៅ ព្រោះឃ្លាទាំងនោះមិនបានជួយឲ្យការងាររបស់អ្នកបញ្ចប់បាននោះទេ ជាពិសសេវាក៏មិនបានជួយអ្នកឲ្យជោគជ័យក្នុងជីវិតរបស់អ្នកដែរ ពោលគឺមានតែធ្វើឲ្យអ្នកដុនដាប និងស្មុគស្មាញជាងមុនទៅទៀត ហេតុអ្វី?ដោយសារតែការងាររបស់អ្នកមិនមែនមានតែមួយមុខនោះទេ គឺអ្នកត្រូវរ៉ាប់រងការងារជាច្រើនទៀត ដូច្នេះបើអ្នកមិនធ្វើវាឲ្យរួចរាល់ទេនៅក្នុងថ្ងៃនេះទេ ការងារទាំងនោះនឹងកាន់តែកើនឡើងច្រើនទៅៗពីមួយថ្ងៃទៅមួយថ្ងៃជាក់ជាមិនខាន។ ចុងក្រោយអ្នកត្រូវតែបោះបង់ឃ្លាថា “ចាំសិន” ហើយចាប់ផ្ដើមនិយាយថា “ខ្ញុំនឹងធ្វើវាឲ្យហើយ” ព្រោះពេលវេលាមិនរង់ចាំអ្នកនោះទេ បើអ្នកមិនធ្វើអ្នកនឹងខាតបង់ពេលវេលាឥតប្រយោជន៍។

២.ឈប់និយាយថាវាមិនមែនជាកំហុសខ្ញុំទេ
រាល់ពេលដែលអ្នកធ្វើខុសតើអ្នកទទួលខុសត្រូវជាមួយនឹងបញ្ហាទាំងនោះដោយផ្ទាល់ ឬមួយក៏ដើរទម្លាក់កំហុសដាក់អ្នកផ្សេង?
ជាការពិតណាស់មនុស្សភាគច្រើននៅពេលប្រព្រឹត្តខុស ឬបង្កើតកំហុសដោយចេតនាក្ដី ឬអចេតនាក្ដី ពួកគេនឹងមិនព្រមទទួលស្គាល់ថាជាកំហុសរបស់ខ្លួនឡើយ តែពួកគេបែរជានិយាយថា វាមិនមែនជាកំហុសរបស់ពួកគេទៅវិញ ហើយព្យាយាមរកលេសផ្សេងៗទៀតដើម្បីបិតបាំងពីកំហុសរបស់ខ្លួន។ទង្វើរបែបនេះ នឹងត្រូវបានគេវាយតម្លៃថា អ្នកជាមនុស្សដែលគ្មានទំនួលខុសត្រូវ ជាមនុស្សកំសាក គ្មានភាពជាខ្លួនឯង មិនអាចពឹងពាក់ឬយកជាការបាននោះទេ។ ដូចនេះបើអ្នកចង់ឲ្យមានគេគោរព គេស្រលាញ់និងឲ្យតម្លៃអ្នក អ្នកត្រូវធ្វើខ្លួនឲ្យមានតម្លៃជាមុនសិនតាមរយៈសកម្មភាពខាងក្រៅ ពាក្យសម្ដី និងទំនួលខុសត្រូវរបស់អ្នកនេះឯង។

៣.ឈប់និយាយថាខ្ញុំមិនអាចធ្វើវាបានទេ
ហេតអ្វីបានជាអ្នកមិនអាចធ្វើវាបាន?
“ខ្ញុំមិនអាចធ្វើបានទេ” ជាឃ្លាដែលមនុស្សភាគច្រើនតែងតែនិយាយ ហើយចូលចិត្តប្រើវាដើម្បីបន្លាចចិត្តខ្លួនឯងមុនពេលចាប់ផ្ដើមធ្វើអ្វីមួយ។យ៉ាងណាមិញពេលណាដែលអ្នកកាន់តែនិយាយថា ខ្ញុំមិនអាច ឬ ខ្ញុំមិនហ៊ាន អ្នកប្រាកដជាមិនអាច ហើយក៏មានហ៊ានដែរ ព្រោះអ្នកបានប្រាប់ពត៌មានទាំងនេះទៅកាន់ខួរក្បាលរបស់អ្នកឲ្យចងចាំរួចជាស្រេចទៅហើយ ដូចនេះរាល់ពេលដែលអ្នកចាប់ផ្ដើមចេញជាសកម្មភាពឬបង្ហាញពីសមត្ថភាពរបស់អ្នកទៅកាន់អ្នកដទៃ គឺអ្នកប្រាកដជាមិនអាចធ្វើវាបានតាមដែរអ្នកគិតនោះមែន។ ដូចនេះបើសិនជាអ្នកចង់ឲ្យក្ដីសុបិន្តអ្នកក្លាយជាការពិត និងមានភាពជោគជ័យក្នុងជីវិត អ្នកត្រូវតែប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើបាន ហើយខ្ញុំនឹងធ្វើវាឲ្យបានល្អ”។ហើយត្រូវគិតថា បើសិនជាគេអាចធ្វើវាបាន អ្នកក៏អាចធ្វើបានដូចគ្នា!
