មនុស្សគ្រប់រូបសុទ្ធតែមានក្ដីសុបិន មានបំណងប្រាថ្នា និងមានគោលដៅច្បាស់លាស់រៀងៗខ្លួន ប៉ុន្តែក្ដីស្រម៉ៃ និងបំណងប្រាថ្នាទាំងនោះអាចសម្រេចបានឬមិនបាន គឺពឹងផ្អែកទៅលើសកម្មភាពរាល់ថ្ងៃដែលអ្នកកំពុងតែធ្វើនេះឯង ថាតើអ្នកខំប្រឹងធ្វើវាឲ្យអស់ពីសមត្ថភាពហើយឬនៅ ឬគ្រាន់តែធ្វើវាច្បោលៗទេ? ព្រោះមានមនុស្សមិនតិចទេដែលតែងតែនិយាយថា ខ្ញុំចង់សម្រេចនូវគោលដៅនេះ ចង់សម្រេចនូវក្ដីសុបិននេះឲ្យក្លាយជាការពិត ប៉ុន្តែជាក់ស្ដែងពួកគេមិនអាចឆ្ពោះទៅរកវាបានទេ ដោយសារតែពួកគេខ្វះនូវការតាំងចិត្តក៏ដូចជាលក្ខណៈសម្បត្តិមួយចំនួនដែលជាធាតុផ្សំយ៉ាងសំខាន់ដើម្បីសម្រេចគោលដៅនេះ។
ដូចនេះតើត្រូវធ្វើយ៉ាងណាដើម្បីសម្រេចគោលដៅអ្នកឲ្យបានជោគជ័យ?
១. មានមហិច្ឆតាធំ
មហិច្ឆតាធំត្រង់កន្លែងនេះមិនមែនចង់មានន័យថាឲ្យអ្នកមានអំណួត អួតក្អេងក្អាងថាខ្លួនមាននេះ ខ្លួនពូកែនោះ ឬប្រើអំណាចដើរគាបសង្កត់គេនោះទេ ប៉ុន្តែវាចង់ផ្ដោតទៅលើការដែលអ្នកហ៊ានដាក់គោលដៅធំ ហ៊ានស្រម៉ៃធំ ហ៊ានធ្វើ ហ៊ានសម្រេចចិត្ត និងមានការតាំងចិត្តខ្ពស់មកកាន់ខ្លួនឯងថានឹងសម្រេចកិច្ចការដែលអ្នកបានកំណត់នោះឲ្យបានល្អប្រសើរនិងទទួលបាននូវភាពជោគជ័យទៀតផង។ ប៉ុន្តែជំហានដំបូងអ្នកត្រូវចាប់ផ្ដើមពីសកម្មភាពតូចៗជាមុនសិនដើម្បីស្វែងយល់ពីវាឲ្យបានកាន់តែស៊ីជម្រៅនិងរៀនពីការងារទាំងនោះឲ្យបានកាន់តែច្រើនដើម្បីឆ្ពោះទៅរកគោលដៅរបស់អ្នក។

២. ផ្ដោតទៅលើគោលដៅតែមួយ
គោលដៅច្រើនពេក ផ្លូវដើរច្រើនពេកនឹងធ្វើឲ្យអ្នកគិតច្រើន ស្មុគស្មាញក្នុងចិត្ត ហើយមិនដឹងថាត្រូវសម្រេចគោលដៅណាទុកគោលដៅណាឡើយ។ដូចនេះបើអ្នកចង់សម្រេចកិច្ចការនិងចង់ឲ្យក្ដីស្រម៉ៃរបស់អ្នកក្លាយជាការពិត អ្នកត្រូវតែផ្ដោតទៅលើគោលដៅតែមួយបានហើយ រួចរកវិធីសាស្ត្រឬមធ្យោបាយណាដែលអាចជួយឲ្យអ្នកឆាប់ទៅដល់គោលដៅនោះ។

៣. កម្ចាត់ភាពភ័យខ្លាច
ជាការពិតណាស់ នរណាៗក៏មានភាពភ័យខ្លាចដែរ ខ្លាចបរាជ័យ ខ្លាចក្នុងការដោះស្រាយបញ្ហា ខ្លាចក្នុងការប្រឈមមុខជាមួយឧបសគ្គជាដើម ប៉ុន្តែបើអ្នកនៅរវល់តែខ្លាចនេះ ខ្លាចនោះតើពេលណាអ្នកអាចសម្រេចគោលដៅរបស់អ្នកបានទៅ? កាលណាដែលអ្នកចូលប្រឡូកជាមួយនឹងបញ្ហាឬឧបសគ្គកាន់តែច្រើន អ្នកនឹងយល់ដឹងច្រើន ព្រមទាំងមានបទពិសោធន៍កាន់តែច្រើនជាមួយវា ហើយពេលនោះ អ្នកនឹងលែងខ្លាច លែងភ័យព្រួយជាមួយនឹងបញ្ហាអស់ទាំងនោះទៀត។ដូចនេះអ្នកត្រូវតែក្រោឈរឡើងដើម្បីតតាំងជាមួយនឹងភាពភ័យខ្លាចទាំងនោះ យកឈ្នះវាឲ្យបាន កុំឲ្យវាមកគ្រប់ដណ្ដប់អ្នកបានឲ្យសោះ ជាពិសេសត្រូវរៀននិយាយលើកទឹកចិត្តខ្លួនឯង ថា “ ខ្ញុំអាចធ្វើវាបានទោះបីជាប្រឈមមុខជាមួយនឹងឧបសគ្គច្រើនយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែអាចដោះស្រាយបានដែរ!” ៕
