Homeការងារវាងវៃបើដាក់ពាក្យការងារបែបនេះ កុំសង្ឃឹម​ថាគេហៅមកសម្ភាសន៍!

បើដាក់ពាក្យការងារបែបនេះ កុំសង្ឃឹម​ថាគេហៅមកសម្ភាសន៍!

បច្ចុប្បន្ន ឱកាសការងារមានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមានមនុស្សជាច្រើន​បែជាមិនមានការងារធ្វើ។ យើងឃើញយុវជនជាច្រើន​តែងជួបជុំគ្នា​និយាយពីរឿង​លំបាកក្នុងការរកការងារ ឯម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុន​ក៏ជួបជុំគ្នារអ៊ូ​រឿងពិបាករកមនុស្សមកបំពេញ​កិច្ចការក្នុងក្រុមហ៊ុនខ្លួនទៅវិញ។ ហេតុអ្វី?

ហេតុផលដែលងាយស្រួលយល់គឺតម្រូវការ និងការផ្គត់ផ្គង់​មិនស៊ីគ្នា។ ផលិតផលកម្លាំងពលកម្មមានច្រើន​នៅក្នុងទីផ្សារ ប៉ុន្តែមិនស៊ីនឹងត្រូវការដែលគេចង់បាន សូម្បីតែតម្រូវការបឋមបំផុត គឺការដាក់ពាក្យធ្វើការក៏អ្នករកការងារមិនទាន់ស្របនឹងតម្រូការផងដែរ។

មានឃើញ​ការផ្សព្វផ្សាយជាច្រើននៅលើបណ្តាញសង្គមអំពីឱកាសការងារ ហើយ​នៅក្នុងការផ្សព្វផ្សាយ​មានការរៀបរាប់លម្អិតយ៉ាងណាក៏ដោយ​អំពីលក្ខខណ្ឌតម្រូវឱ្យបេក្ខជនដាក់ពាក្យធ្វើ ដូចជាផ្ញើរប្រវត្តិរូបសង្ខេប​មកកាន់ក្រុមហ៊ុនជាដើម ប៉ុន្តែស្ទើរមួយភាគធំនៃបក្ខេជនទាំងនោះ​នៅតែសួរសំណួរដែលមានចម្លើយនៅលើការផ្សព្វផ្សាយ ហើយ​មិនធ្វើការផ្ញើរប្រវត្តិរូបរបស់ខ្លួន តែបែជាគ្រាន់តែដាក់លេខទូរសព្ទរបស់ខ្លួនឯងទៅវិញ។ ខ្ញុំ        បានជួបម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំជាច្រើនដែលរអ៊ូអំពីបញ្ហានេះ រអ៊ូថាពិបាក​រកមនុស្ស​មកបំពេញការងារ រអ៊ូថាសូម្បី​តែរកបេក្ខជនមកសម្ភាសន៍ក៏ពិបាកដែរ ដោយសារតែអ្នកចង់ធ្វើការភាគច្រើន​មិនទាំងចេះរៀបចំដាក់ពាក្យ​ផង តើឱ្យក្រុមហ៊ុនប្រគល់ភារកិច្ច និងទំនួលខុសត្រូវយ៉ាងណា?

អាចទេគេនឹងហៅមកសម្ភាសន៍​ដោយគ្រាន់តែដាក់លេខទូរសព្ទ? អាចទេ គេនឹងចាប់អារម្មណ៍​ចង់បានមកធ្វើការជាមួយ​សូម្បីតែ​ជំហានបឋមបំផុត​ បេក្ខជន​មិនអាចធ្វើបានផង? ខ្ញុំគិតថា វាអាច​ប្រសិន​បើការងារ​នោះ​គឺជាការងារ​ដែលមិនសមទំនង និងមិនមានអនាគត តែភាគរយស្មើនឹងសូន្យប្រសិនបើនោះជាក្រុមហ៊ុនត្រឹមត្រូវ និងគេចង់បានអ្នកមានសមត្ថភាព​មកបំពេញការងារឱ្យគេ។ ដូចនេះ​ ប្រិសិនបើគ្រាន់តែដាក់លេខទូរសព្ទឱ្យគេ អ្នកនឹងមិនមានឱកាសទទួលបានការងារជារៀងរហូត ព្រោះអ្នកជាមនុស្ស​ចាំឱកាស​ មិនមែនជាមនុស្សរត់រកឱកាស ហើយឱកាសទាំងនោះ នឹងមិនរត់ទៅរកអ្នកឡើយ ព្រោះថាឱកាសទាំងនោះ​មិនដឹងថាហុចឱ្យអ្នកដោយវិធីណាដែរ ដោយសារសូម្បីតែឱកាសក៏មិនដឹងថាអ្នកចេះអី ឬចង់ធ្វើអ្វី។ ដូច្នេះ គួរតែរៀនរៀបចំប្រវត្តិរូបសង្ខេប​ជាមុនសិន ដើម្បី​អាចទទួលបានការងារសមរម្យណាមួយដែលសក្តិសម​នឹង​សមត្ថភាពរបស់អ្នក ព្រោះបើអ្នកគ្រាន់តែឱ្យលេខទូរសព្ទគេ គេនឹងមិនដឹងថាអ្នកចេះអ្វី ឬចង់ធ្វើការអ្វីនោះទេ។

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។