Homeគ្រប់គ្រង និងដឹកនាំរៀបចំក្រុម៦វិធីសាស្ត្រដែលជួយគ្រប់គ្រងភាពខ្វះខាតបុគ្គលិក

៦វិធីសាស្ត្រដែលជួយគ្រប់គ្រងភាពខ្វះខាតបុគ្គលិក

បុគ្គលិក​គឺ​ជា​កម្លាំងស្នូល​នៅក្នុង​ក្រុមហ៊ុន​។ ហេតុ​នេះ​ការ​ខ្វះខាត​បុគ្គលិក​ក៏​នាំ​ឲ្យ​ដំណើរការ​នៃ​ប្រតិបត្តិ​ការ​នៅក្នុង​អាជីវកម្ម​មួយ​មាន​ការ​រអាក់រអួលដែរ។ មិនត្រឹមតែ​ប៉ុណ្ណោះ​វា​នាំ​ឲ្យ​អាជីវកម្ម​ឈានទៅដល់​ការ​ខាតបង់​ប្រាក់​ចំណេញ អតិថិជន​អស់ជំនឿចិត្ត ឬឈាន​ដល់​ការ​បិទទ្វារឬ​ក្ស័យធន​ជាដើម​ក៏​មាន។ នៅកំឡុង​ពេល​ដែល​ក្រុមហ៊ុន​មិនទាន់​អាច​រក​អ្នក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់មកបំពេញ​ដំណែងណាមួយ​​បាន ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​ត្រូវ​រក​ដំណោះស្រាយ​ដើម្បី​ចាត់ចែង​បញ្ហា​ខ្វះ​ខាត​កម្លាំងពលកម្ម​ទាំងនោះ។ គេ​សង្កេត​ឃើញ​ថា​មាន​វិធី​ជា​ច្រើន​ដែល​គេអាច​ប្រើដើម្បី​យកទៅ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ដូចជា៖

បង្កើន​ម៉ោងធ្វើការ​បុគ្គលិក

វាគឺ​ជា​វិធី​ការ​បង្គាប់​បញ្ជា​ឲ្យ​បុគ្គលិកប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ឬ​ម្ចាស់អាជីវកម្ម​ក៏​ត្រូវ​​​គោរព​តាម​ច្បាប់ការងារ​ដែរ​។ ប្រសិន​បើ​ការងារ​មាន​ច្រើន​ប៉ុន្តែ​ក្រុមហ៊ុនអ្នក​នៅខ្វះ​មនុស្ស​អ្នក​អាច​ស្នើ​ឲ្យពួកគេ​តម្លើង​ម៉ោង​ធ្វើការ​របស់គេ​ដោយ​មាន​ការ​គណនា​ប្រាក់​បន្ថែម​ម៉ោង​ក្រៅពី​ម៉ោងធ្វើការធម្មតា​ឲ្យបាន​ត្រឹមត្រូវតាម​ច្បាប់។ ជាពិសេស​មិនថា​អ្នកជា​ម្ចាស់​ក្រុមហ៊ុន​ក៏​ដោយ​ក៏​អ្នកគ្មាន​សិទ្ធិ​នឹង​គម្រាមកំហែង​គេឲ្យធ្វើការឲ្យអ្នក​ដែរ​ អ្នក​ត្រូវ​រង់ចាំ​ការស្ម័គ្រចិត្ត​ពីគេ​ជា​មុនសិន។ អ្នក​ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​អំណាច​រំលោភបំពាន​លើសិទ្ធិ​របស់​បុគ្គលិកជា​ដាច់ខាត។

អនុវត្ត​វិធី​ផ្សេង​ឲ្យ​​បុគ្គលិក​ធ្វើការ

ដោយសារ​តែ​បច្ចេកវិទ្យា​សព្វ​ថ្ងៃ​មាន​ការរីកចម្រើន​ជា​លំដាប់​ដែល​វា​ជា​ជំនួយ​ដល់​ការធ្វើការ​របស់មនុស្ស​បាន​ច្រើនណាស់ដោយ​ពួកគេ​អាច​ធ្វើការនៅទីណា​ក៏បាន​។​​ ហេតុនេះ​​អ្នក​គ្រប់គ្រង​អាច​ស្នើឲ្យ​បុគ្គលិក​យកការងារ​ទៅធ្វើនៅផ្ទះឬ​កន្លែងណា​ក៏​បាន​ក្រៅពីការិយាល័យ​របស់គេ​​បន្ថែម​ទៀត​ដើម្បី​ឲ្យពួកគេ​អាច​បញ្ចប់ការងារបាន​ទាន់ពេលវេលា។ វា​ពិតជា​មិនមាន​ភាព​ពិបាក​ឡើយ​ព្រោះ​អ្នក​អាច​ប្រើកម្ម​វិធី​តភ្ជាប់​គ្នា​ដើម្បីទំនាក់ទំនងធ្វើការ​បាន​ច្រើនយ៉ាង​អាស្រ័យលើ​ប្រភេទការងារ​​នីមួយៗ។ ម្យ៉ាងទៀត​អ្នក​អាចពិភាក្សា​ជាមួយ​បុគ្គលិក​ពីកិច្ចការ​ណា​ខ្លះ​​ដែល​គេអាច​ជួយ​បាន​និង​ប្រាក់ឈ្នួល​ដែល​សមស្រប​គេអាច​ទទួលយកបាន​ព្រោះថា​ទោះបី​ជា​ពួកគេ​ជា​បុគ្គលិក​មែន​តែ​គេ​បាន​ប្រើប្រាស់ពេលវាលា​ផ្ទាល់​ខ្លួន​មកធ្វើការ។

ស្វែង​រក​បុគ្គលិក​ឬក្រុមហ៊ុនពី​ខាងក្រៅ

វាគឺជាវិធី​ល្អ​មួយ​នៅពេលដែលអ្នក​ខ្វះ​ខាត​បុគ្គលិក​ឬអ្នកគិតថា​ផ្នែក​ដែលអ្នកខ្វះ​នោះ​គឺ​មិន​សូវ​ជា​ចាំបាច់ប៉ុន្មានទេ។ វាក៏​ចាប់ផ្តើម​មាន​ការពេញ​និយម​ជា​បណ្តើរ​ៗជាពិសេស​សម្រាប់​ក្រុមហ៊ុនធំៗ​ព្រោះថា​វា​ចំណាយ​អស់តិច​។ អ្នក​អាច​រកក្រុមហ៊ុន​ផ្សេង​ដោយ​ឲ្យគេ​ចុះ​កុងត្រា​ធ្វើផ្នែកណាមួយ​មកឲ្យក្រុមហ៊ុនរបស់អ្នករហូត​ដល់​កិច្ចការ​នោះ​ចប់សព្វគ្រប់ឬ​ដល់ពេល​ដែលអ្នក​អាច​រក​បុគ្គលិក​មក​ចូលក្នុង​ដំណែងនោះបាន​ត្រឹមត្រូវ​ហើយ។ ចំណែកបុគ្គលិក​វិញ​បុគ្គលិក​ពេញ​សិទ្ធិ​យើងត្រូវ​ការ​ចំណាយ​ច្រើនទៅលើប្រាក់ខែ ​ធានារ៉ាប់រង ថ្លៃ​ត្រួតពិនិត្យ​សុខភាព ធ្មេញ និង​ប្រាក់សោធននិវត្តន៍ជាដើម។ ប៉ុន្តែ​បើអ្នករើសបុគ្គលិក​ពីខាង​ក្រៅ​អ្នក​នឹង​មិនសូវព្រួយបារម្ភពីបញ្ហា​ទាំងនោះទេ​ព្រោះអ្នកអាចជួលគេ​ក្នុងនាម​ជា​​បុគ្គលិក​​ក្រៅ​ក្របខ័ណ្ឌ​បាន​។​ មួយវិញទៀត​អ្នកអាច​ជួល​បុគ្គលិក​ពីក្រុមហ៊ុន​ផ្គត់ផ្គង់​បុគ្គលិក​ដូចជា​ MPA ជាដើម។

កាត់បន្ថយ​ការ​លាឈប់​របស់​បុគ្គលិក

នៅកំឡុងពេល​ខ្វះ​ខាត​បុគ្គលិក​បែបនេះ​អ្នកត្រូ​វ​ធ្វើយ៉ាងណា​កុំ​ឲ្យ​បុគ្គលិក​ចាកចេញ​ព្រោះ​ថា​វានឹង​បណ្តាល​ឲ្យ​ដំណើរការ​របស់​ក្រុមហ៊ុន​កាន់​តែ​ពិបាក។ បើពួកគេ​មាន​បំណង​ចង់ឈប់អ្នក​គួរ​សាកសួរពី​ហេតុផល​របស់​គេ​ឲ្យបាន​ច្បាស់លាស់និង​ដឹងពី​តម្រូវ​ការពិត​ប្រាកដ​របស់គេដូច​ជា​ការអភិវឌ្ឍជំនាញ ប្រាក់ខែ ប្រាក់លើកទឹកចិត្ត​ផ្សេងៗជាដើម។

យកអ្នក​ដែលចូលនិវត្តន៍​ហើយ​ត្រឡប់​មកធ្វើការវិញ

មនុស្ស​ដែលបាន​ចូលនិវត្តន៍ហើយ​មានន័យ​ថាពួកគាត់ជាមនុស្ស​ចាស់​ដែល​មាន​បទពិសោធន៍​ច្រើន​និង​ជាវ័យ​ដែលឈប់​ប្រលងប្រជែង​ដណ្តើមផលប្រយោជន៍​ទៀត​ហើយ។ អ្នកអាច​យកពួកគាត់មកធ្វើការវិញ​ក្នុងនាម​ជា​បុគ្គលិក​កុងត្រា​សម្រាប់​មក​ជួយ​ជា​អ្នក​ប្រឹក្សា​យោបល់​លើការសម្រេចចិត្ត និង​ចែករំលែក​បទពិសោធន៍​ដែលគាត់មាន​ដល់​បុគ្គលិក​ឯទៀត​ដោយ​ផ្តល់​ប្រាក់បៀវត្សរ៍តិច​ជាងមុន។

អាជីវកម្ម​នឹង​មិន​រលំ​ឡើយ​បើអ្នក​មានភាព​វ័យឆ្លាត​ដោះស្រាយ​បញ្ហា​និង​ប្រើប្រាស់ធនធាន​ឲ្យ​អស់ពីលទ្ធភាព។

រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។