នៅពេលដែលអ្នកបានដើរដល់ចំណុចមួយដែលពិបាកក្នុងការសម្រេចចិត្ត ដោយមិនដឹងថាត្រូវសម្រេចចិត្តទៅណា ទៅបែបណា ទៅធ្វើអ្វី ទៅដើម្បីអ្វី មិនថាអ្នកឬខ្ញុំនោះទេ គឺប្រាកដជាត្រូវវង្វេងផ្លូវ និងបាត់បង់ឱកាសក្នុងការធ្វើកិច្ចការដែលល្អបំផុតសម្រាប់ខ្លួនឯង ហើយពេលខ្លះក៏គិតថា ការសម្រេចចិត្តរបស់ខ្លួនឯងនេះ គឺនៅមិនទាន់មានភាពត្រឹមត្រូវនៅឡើយ។ និយាយឲ្យខ្លីទៅ ស្ថានភាពបែបនេះ នឹងធ្វើឲ្យយើងវក់វី វិលវល់ នៅតែមួយកន្លែង។
ខាងក្រោមនេះគឺជាសំណួរ ដែលអ្នកគប្បីសួរខ្លួនឯងដើម្បីស្វែងរកនូវចម្លើយមួយដ៏ល្អសម្រាប់អ្នក ខណៈពេលដែលអ្នកកំពុងតែមានភាពស្រពិចស្រពិលចំពោះការសម្រេចចិត្តទាំងនោះ៖
១. ប្រសិនបើខ្ញុំមិនធ្វើវាឥលូវនេះ តើខ្ញុំស្ដាយក្រោយទេ?
- មនុស្សចំនួនតែងតែស្ដាយក្រោយ ស្ដាយដែលមិនបានខិតខំរៀនសូត្រកាលនៅក្មេង
- មនុស្សចំនួនតែងតែស្ដាយក្រោយ ស្ដាយដែលមិនបានធ្វើរឿងដែលមានប្រយោជន៍កាលនៅជាយុវវ័យ
- មនុស្សចំនួនតែងតែស្ដាយក្រោយ ស្ដាយដែលមិនបានចាប់យកឱកាសល្អ ក្នុងការអភិវឌ្ឍខ្លួន
- មនុស្សមួយចំនួនតែងតែស្ដាយក្រោយ ស្ដាយដែលមិនបានបង្ហាញពីក្ដីស្រលាញ់ទៅកាន់មនុស្សក្នុងចិត្ត
- មនុស្សចំនួនតែងតែស្ដាយក្រោយ ស្ដាយដែលមិនបានចាប់ផ្ដើមអាជីព ឬជំនាញដែលខ្លួនស្រលាញ់
………នៅមានរឿងជាច្រើនទៀតដែលអ្នកនឹងស្ដាយក្រោយ ប្រសិនបើអ្នកមិនបានសម្រេចចិត្តឲ្យបានល្អទេនោះ។ ដូចនេះ ប្រសិនបើប្រទះជួបនូវស្ថានភាពមួយដែលពិបាកនឹងសម្រេចចិត្ត ត្រូវសួរខ្លួនឯង ថា ខ្ញុំចង់ធ្វើវាទេ? បើធ្វើហើយ តើខ្ញុំនឹងទទួលបានអ្វីមកវិញ? ចុះបើខ្ញុំមិនធ្វើ តើខ្ញុំនឹងស្ដាយក្រោយដែរឬទេ? ចម្លើយគឺស្ថិតនៅលើអ្នក…។

២. តើខ្ញុំខ្លាចអ្វី?
- តើមានមូលហេតុអ្វីបានជាខ្ញុំមានហ៊ានសម្រេចចិត្តធ្វើវា?
- តើមានអ្វីដែលធ្វើឲ្យខ្ញុំស្ទាក់ស្ទើរបែបនេះ?
(សរសេរចូលរាល់បញ្ហាដែលធ្វើឲ្យអ្នកភ័យខ្លាចនោះ ចូលក្នុងសៀវភៅ)
អ្នកត្រូវចាំថា អ្វីគ្រប់យ៉ាងគឺសុទ្ធតែមានមូលហេតុនៅពីក្រោយទាំងអស់ ឲ្យតែយើងរកឃើញនូវមូលហេតុវាបាន នោះបញ្ហាទាំងឡាយនឹងត្រូវដោះស្រាយបានយ៉ាងល្អ។
៣. តើបេះដូងរបស់អ្នកនិយាយបែបណា?
អារម្មណ៍ក្នុងចិត្តរបស់អ្នក នឹងប្រាប់អ្នកអំពីចម្លើយមួយដ៏ត្រឹមត្រូវ ព្រោះអ្នកនឹងមិនសម្រេចចិត្តទៅលើកិច្ចការណាដែលមិនស៊ីគ្នាជាមួយនឹងចំណង់ចំណូលចិត្តរបស់អ្នកនោះទេ។ បន្ថែមពីនេះ កំឡុងពេលដែលអ្នកស្ដាប់តាមបេះដូងរបស់អ្នកនេះ គឺអ្នកត្រូវដកចោលនូវ ភាពកំសាក ការភ័យខ្លាច និងភាពស្ទាក់ស្ទើរមួយចំនួនដែលអ្នកមាន ហើយចាប់ផ្ដើមសួរខ្លួនឯងថា តើអ្វីដែលអ្នកចង់បាន ចង់ធ្វើពិតប្រាកដ?
៤. តើខ្ញុំធ្វើវាដើម្បីអ្វី?
ឃ្លាថា “ធ្វើដើម្បីអ្វី” ជាឃ្លាសាមញ្ញ តែវាអាចជួយបង្ហាញផ្លូវអ្នកឲ្យទៅរកគោលដៅមួយដ៏ពិតប្រាកដ និងអាចសម្រេចចិត្តបានយ៉ាងត្រឹមត្រូវផងដែរ។
- ខ្ញុំចង់ផ្លាស់ប្ដូរការងារ > តើខ្ញុំចង់ផ្លាស់ប្ដូរវាដើម្បីអ្វី?
គឺដើម្បី៖ បទពិសោធន៍ថ្មី+រៀនជំនាញថ្មីៗ+បង្កើតបរិយាកាសថ្មី+ ប្រាក់ខែខ្ពស់
- ខ្ញុំចង់សម្រកគីឡូ > តើខ្ញុំចង់សម្រកដើម្បីអ្វី?
គឺដើម្បីរាងស្អាត មិនចឹង?
- ខ្ញុំចង់ដើរលេង > តើខ្ញុំដើរលេងធ្វើអី បានអីមកវិញ?
គឺដើម្បី លំហែកាយ សប្បាយចិត្ត បានដើរមើលកន្លែងថ្មីៗ ដើម្បីទទួលបាន គំនិតថ្មីៗ ក្រែងលោហ៍ អាចយក មក Apply នៅកន្លែងការងារបាន។
ខ្ញុំឧទាហរណ៍ទាំង៣ខាងលើនេះ គឺគ្រាន់តែចង់បង្ហាញអ្នកទាំងអស់គ្នាថា នៅពេលដែលអ្នកទាំងអស់គ្នា ដឹងថាខ្លួនឯងចង់ធ្វើអ្វី ហើយធ្វើដើម្បីអ្វី ទោះបីជាការសម្រេចចិត្តវាពិបាកយ៉ាងណាក៏ដោយ ក៏អ្នកនៅតែអាចសម្រេចចិត្តបានត្រឹមត្រូវដែរ។

៥. ខ្ញុំធ្វើដើម្បីនរណា?
បន្ទាប់ពីអ្នកដឹងថាធ្វើដើម្បីអ្នកណាហើយ អ្នកក៏ត្រូវដឹងថា អ្នកត្រូវធ្វើដើម្បីអ្នកណាដែរ។
- ខ្ញុំចង់សម្រកគីឡូ គឺខ្ញុំដើម្បីខ្ញុំ មិនមែនអ្នកផ្សេងទេ!
- ខ្ញុំសម្រេចចិត្តចូលរួមការងារស្ម័គ្រចិត្ត ទាំងដឹងថាមិនបានថវិកា និងត្រូវចំណាយពេលច្រើនទៀត ប៉ុន្តែខ្ញុំនៅ តែធ្វើ គឺដើម្បីខ្ញុំខ្លួនឯង និងដើម្បីការងារសង្គម!
- ខ្ញុំសម្រេចចិត្តចូលរួមធ្វើជាវាគ្មិនចែករំលែកចំណះដឹង គឺដើម្បីយុវជនជំនាន់ថ្មី និងដើម្បីខ្ញុំខ្លួនឯងដូច គ្នា
- ខ្ញុំសម្រេចចិត្តមិនរស់នៅភ្នំពេញ ទ្រាំជិះឆ្ងាយទៅមករាល់ថ្ងៃ គឺដើម្បីបានរស់នៅជិតម៉ាក់ប៉ា និងអាច មើលថែគាត់។
ដូច្នេះហើយ អ្នកត្រូវដឹងខ្លួនឯងឲ្យច្បាស់ ថាអ្នកចង់ធ្វើវាដើម្បីអ្នកណា?
៦. បន្ទាប់ពីសម្រេចចិត្តហើយ តើខ្ញុំពេញចិត្តនឹងខ្លួនឯងដែរទេ?
តើការសម្រេចចិត្តរបស់អ្នក កើតឡើងដោយសារតែអ្នកខ្លួនឯង? ឬដោយសារតែមនុស្សជុំវិញខ្លួនអ្នក ជម្រុញឲ្យធ្វើបែបនោះ? បើនេះជាការសម្រេចចិត្តរបស់អ្នក តើអ្នកពេញចិត្តនឹងវាដែរទេឥលូវនេះ? ហើយបើវាជាការសម្រេចចិត្តរបស់អ្នកដទៃ តើអ្នកអាចទទួលយកនូវលទ្ធផលដែលបានកើតឡើងនោះដែរទេ?
……….សុំចម្លើយបន្តិចមកណា៎!…………