Homeអភិវឌ្ឍន៍ខ្លួនឯងគោលដៅផ្លូវដែលអ្នកជ្រើសរើស មិនត្រូវបោះបង់នោះទេ!!

ផ្លូវដែលអ្នកជ្រើសរើស មិនត្រូវបោះបង់នោះទេ!!

ផ្លូវដែលអ្នកជ្រើសរើស

មុនពេលដែលអ្នកសម្រេចចិត្តថាដើរផ្លូវណាមួយហើយ អ្នកត្រូវតែគិតវាឲ្យបានហ្មត់ចត់ សួរខ្លួនឯងឲ្យបានច្បាស់លាស់ថា តើខ្លួនឯងពិតជាចង់ដើរផ្លូវនេះមែនដែរឬទេ? ឬមួយក៏គ្រាន់តែចង់ដើរតាមគេ ព្រោះឃើញនាំគ្នាដើរផ្លូវនោះ? ហើយបើសិនជាចង់ដើរផ្លូវនោះមែន តើអ្នកបានត្រៀមខ្លួនដើម្បីប្រឈមមុខជាមួយនឹងបញ្ហាដែលមាននៅតាមដងផ្លូវហើយឬនៅ?អ្នកបានត្រៀមខ្លួនទទួលនូវការបរាជ័យខ្លះៗហើយឬនៅ? ហើយអ្នកគិតថាខ្លួនឯងអាចទ្រាំទ្រនឹងវាបានដែរឬអត់?

សួរខ្លួនឯងជាមុនសិនថាខ្លួនឯងអាចទ្រាំបានដែរឬអត់ បើសិនជាចម្លើយរបស់អ្នកនៅតែឆ្លើយថា “ មែនហើយខ្ញុំទ្រាំបាន ខ្ញុំអាចធ្វើវាបាន ខ្ញុំនឹងសម្រេចវាដោយខ្លួនឯង” អូខេអ្នកដើរផ្លូវនេះចុះ ព្រោះអ្នកបានគិតនិងប្រាប់ខ្លួនឯងច្បាស់ហើយថា ទោះបីជាយ៉ាងណាក៏ខ្ញុំនៅតែចង់ដើរផ្លូវនេះព្រោះវាជាផ្លូវដែលខ្ញុំចង់ដើរ និងជាផ្លូវដែលខ្ញុំត្រូវតែដើរដើម្បីឆ្ពោះទៅគោលដៅរបស់ខ្ញុំ។

អ្នករើសផ្លូវនេះដើរមិនមែនគ្មានមូលហេតុនោះទេ មែនអត់? ដូចនេះបើថ្ងៃណាមួយអ្នកមានអារម្មណ៍ថាផ្លូវដើរមួយនេះពិតជាស្មុគស្មាញ មានអារម្មណ៍ថាអស់សង្ឃឹម និងបាក់ទឹកចិត្តលែងចង់ដើរទៅមុខទៀតដោយសារតែជួបឧបសគ្គច្រើនពេក ជួបការបរាជ័យដដែលមិនចេះចប់ សូមអ្នកក្រឡកមើលអតីតកាលមួយភ្លេត ហើយសួរខ្លួនឯងបន្តិចថា តើអ្នកបានសន្យាអ្វីខ្លះមកលើខ្លួនឯងមុនពេលជ្រើសរើសផ្លូវនេះ? ចុះឥលូវនេះយ៉ាងម៉េចទៅហើយ? ហេតុអ្វីបានជាអ្នកចង់បោះបង់លែងចង់ដើរវិញអញ្ចឹង? តើអ្នកចង់បោះជំហានដើរទៅមុខឬចង់បកក្រោយវិញ បើសិនជាពេលនេះអ្នកដើរជិតដល់គោលដៅទៅហើយនោះ?

ការងាកមកសួរខ្លួនឯងវិញបែបនេះ វានឹងជួយដាស់តឿនអ្នកឲ្យដឹង ថាអ្នកដើរផ្លូវនេះគឺដោយសារតែអ្នកមានគោលដៅធំមួយដែលត្រូវតែទៅដល់ និងមានមហិច្ឆិតាធំមួយចង់សម្រេចដែលចាំបាច់ត្រូវតែដើរផ្លូវនេះ ពេលនោះអ្នកនឹងមានអារម្មណ៍លែងចង់បោះបង់ឬឈប់កណ្ដាលទីទៀតហើយ ព្រោះអីអ្នកមានគោលបំណងច្បាស់លាស់មុនពេលដើរផ្លូវនេះ។

តាមពិតទៅផ្លូវណាក៏ដោយគឺសុទ្ធតែមានរនាំងឧបសគ្គ មានបញ្ហាទាំងអស់ចៀសមិនរួចនោះទេ ដោយគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ រីឯការងារអ្វីក៏ដោយក៏វាមិនងាយស្រួលដែរ គឺសុទ្ធតែត្រូវការការតស៊ូការព្យាយាម និង ភាពអត់ធ្មត់ ទើបអាចទទួលបានជោគជ័យ។ ជាក់ស្ដែង បើអ្នកចង់ទៅកន្លែងខ្ពស់ កន្លែងដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាល និងអាចមើលឃើញភ្នំខ្ពស់ៗដែលអ្នកមិនធ្លាប់ឃើញពីមុន នោះផ្លូវដែលអ្នកត្រូវដើរទៅនោះប្រាកដជាលំបាកលំបាកជាងផ្លូវដែលគេគ្រាន់តែដើរទៅវិញទៅមកធម្មតា ព្រោះផ្លូវដែលអ្នកដើរនោះគឺត្រូវចំណាយពេល និងចំណាយកម្លាំងអស់ច្រើនទើបអាចឡើងទៅដល់បានចំណុចកំពូលបាន។

អ្នកបានជ្រើសរើសផ្លូវនេះសម្រាប់ដើរហើយដូចនេះអ្នកត្រូតែដើរឲ្យដល់គោលដៅដែលអ្នកបានកំណត់ ដើរឲ្យដល់ទីកន្លែងដែលអ្នកចង់ទៅ ទោះបីជាត្រូវដើរជាន់បន្លា ដើរធ្លាក់ប្រឡាយ ធ្លាក់គ្រហុក ត្រូវជួបឧបសគ្គឬរឿងដែលមិនគួរឲ្យជឿក៏ដោយ ក៏ត្រូវតែរឹងមាំរួចដើរទៅមុខបន្តដែរ ព្រោះបើអ្នកនៅនឹងមួយកន្លែងមិនព្រមធ្វើសកម្មភាព ទៅមុខក៏មិនទៅ ថយក្រោយក៏មិនថយ នោះជីវិតរបស់អ្នកប្រាកដជាយ៉ាប់ជាងពេលដែលអ្នកដើរធ្លាក់ជ្រោះទៅទៀត ពោលគឺ សេចក្ដីសុខក៏គ្មាន ភាពជោគជ័យក៏មិនបាន ហើយក្ដីសុបិន្តទាំងប៉ុន្មានក៏រលាយបាត់អស់ដែរ។ Keep going !!!

ផ្លូវដែលអ្នកជ្រើសរើសហើយ អ្នកត្រូវតែដើររហូតដល់គោលដៅដែលអ្នកចង់បាន កុំឈប់ត្រឹមហ្នឹង ត្រូវបន្តដំណើរទៅមុខទៀត