Homeអភិវឌ្ឍន៍ខ្លួនឯងហេតុអ្វីបានជាអ្នកចង់បោះបង់??

ហេតុអ្វីបានជាអ្នកចង់បោះបង់??

ខ្ញុំទទួលស្គាល់ថាការបរាជ័យដដែលៗ ជាមួយនឹងរឿងដដែលៗនឹងធ្វើឲ្យអ្នកឆាប់បាក់ស្បាត ឆាប់ដកថយលែងហ៊ានបន្តដំណើរទៅមុខដើម្បីសម្រេចក្ដីសុបិន ជាពិសេសនោះអាចថាអ្នកឆាប់បោះបង់បែបនេះដោយសារក៏ដោយសារតែមូលហេតុមួយចំនួនដូចជា ស្ដាប់ពាក្យសម្ដីរបស់អ្នកដទៃខ្លាំងពេក គ្មានអ្នកលើកទឹកចិត្ត ឬគ្មានការរៀបចំផែនការឲ្យបានច្បាស់លាស់ជាដើម។ម្យ៉ាងទៀតដោយសារតែអារម្មណ៍របស់អ្នកឆាប់ទទួលរងឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ ទើបធ្វើឲ្យពេលខ្លះអ្នកមានអារម្មណ៍ថាចង់ធ្វើអ្វីមួយបានតែមួយឆាវៗ រួចក៏រលត់ភ្លើងនៃចំណង់ក្នុងការធ្វើកិច្ចការងារទាំងនោះទៅវិញហើយក៏បោះបង់វាចោលតែម្ដងដោយពុំស្ដាយស្រណោះទាល់តែសោះ។

តើអ្នកដឹងទេថាតើដើមចមអ្វីដែលធ្វើឲ្យមនុស្សឆាប់បោះបង់ចោលការងារទាំងនោះម្ល៉េះ? បន្ទាប់ពីអ្នកបានដឹងពីមូលហេតុថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមហើយ អ្នកក៏ត្រូវតែដឹងថាហេតុអ្វីបានជាអ្នកចង់បោះបង់ដែរ ព្រោះមិនមែនសុខៗអ្នកបោះបង់ដោយងាយទេមែនអត់?

១. អាចមកពីអ្នកចង់បានលទ្ធផលភ្លាមៗពេក?

អ្នកត្រូវចាំថាគ្មានភាពជោគជ័យឯណាអាចកើតឡើងមកភ្លាមៗនិងឆាប់រហ័សនោះទេ គឺមានតែភាពជោគជ័យនៅក្នុងសុបិនតែប៉ុណ្ណោះទើបអាចកើតឡើងបាន។ជាក់ស្ដែងដូចជាការសិក្សាអ្នកដូច្នឹងដែរ មិនមែនរៀនមួយថ្ងៃ មួយខែ មួយឆ្នាំ អាចឲ្យអ្នកចេះគ្រប់សព្វ យល់ដឹងគ្រប់រឿង ឬក្លាយជាមនុស្សជោគជ័យម្នាក់បាននោះទេណា ពោលគឺអ្នកត្រូវតែចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាស្វែងយល់ពីវាឲ្យបានស៊ីជម្រៅនិងកាន់តែច្បាស់លាស់។ដូចនេះប្រសិនបើអ្នកចង់ចាប់ផ្ដើមធ្វើអ្វីមួយ អ្នកត្រូវអត់ធ្មត់សង្កត់ចិត្តឲ្យមាំ ត្រូវរៀនពីវាម្ដងមួយជំហានៗ បន្តិចម្ដងៗ ហើយក៏កុំប្រញាប់ចង់បានលិទ្ធផលលឿនៗពេកអី ព្រោះវាអាចធ្វើឲ្យអ្នកឆាប់បាក់ទឹកចិត្ត ឆាប់បោះបង់ ឆាប់បាក់ស្បាតលែងហ៊ានសាកល្បងបន្តទៀត ជាពិសេសវានឹងធ្វើឲ្យអ្នកមើលងាយសមត្ថភាពខ្លួនឯងកាន់តែខ្លាំងឡើងៗនៅពេលដែលលិទ្ធផលចេញមកពុំដូចអ្វីដែលអ្នកគិត។

២. អាចមកពីអ្នកខ្វះការជឿជាក់លើខ្លួនឯង

អ្នកសាកស្រម៉ៃទៅមើលថាមុនពេលដែលអ្នកចង់ធ្វើអ្វីមួយ ចង់សម្រេចចិត្តទៅលើរឿងណាមួយ អ្នកតែងនិយាយបែបណាខ្លះ? ….ភាគច្រើនប្រហែលជានិយាយថា “ខ្ញុំមិនអាចធ្វើការងារនោះបានទេ” “ខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឈោងចាប់ក្ដីស្រម៉ៃនោះឡើយ” “ខ្ញុំខ្លាចតែធ្វើហើយបរាជ័យឬខ្លាចគេសើចចំអក” “ខ្ញុំខ្លាចតែសម្រេចចិត្តទៅខុស ខ្លាចតែធ្វើទៅវាមិនល្អមិនមានអ្នកគាំទ្រ… ”  ទាំងនេះគឺសុទ្ធតែជាឃ្លាដែលបង្ហាញពីភាពគ្មានជំនឿជឿជាក់លើខ្លួនឯង បង្ហាញពីភាពទន់ខ្សោយ និងការបាក់ស្បាត ដែលចូលចិត្តតែបន្លាចខ្លួនឯងឲ្យភ័យខ្លាច មិនហ៊ានប្រឈមមុខដើម្បីតតាំងនឹងវា។ដោយសារតែកត្តាអស់ទាំងនេះហើយទើបធ្វើឲ្យអ្នកឆាប់បោះបង់ចោលនូវគោលដៅ និងក្ដីស្រម៉ៃរបស់អ្នក។ដូចនេះដើម្បីឲ្យគោលដៅរបស់អ្នកនៅតែអាចបន្តទៅមុខបាន អ្នកត្រូវតែជឿជាក់លើខ្លួនឯង ព្រោះការជឿជាក់ខ្លួនឯងវាគឺជាកម្លាំងចិត្តមួយដែលមានប្រសិទ្ធភាពបំផុតដែលអាចជួយកម្ចាត់រាល់ឧបសគ្គ និងបញ្ហា ដើម្បីឲ្យអ្នកឆាប់ទៅដល់កន្លែងដែលអ្នកចង់ទៅ។

៣. អាចមកពីអ្នកគិតពីសម្ដីរបស់អ្នកដទៃខ្លាំងពេក

ពាក្យសម្ដីប្រៀបបានទៅនឹងអាវុធមុខពីរ​ មានទាំងល្អមានទាំងអាក្រក់។ បើអ្នកចូលចិត្តស្ដាប់ និងចូលចិត្តគិតតែរឿងល្អ នោះជីវិតរបស់អ្នកនឹងជួបតែរឿងល្អតាមហ្នឹងដែរ តែបើសិនជាអ្នកចូលចិត្តយកពាក្យសម្ដីបន្តុចបង្អាក់ឬពាក្យអវិជ្ជមានរបស់អ្នកដទៃមកគិត មកចាក់មកបញ្ឈឺខ្លួនឯង នោះអ្នកនឹងកាន់តែឈឺ កាន់តែមានអារម្មណ៍ថាខ្លួនអ្នកអសមត្ថភាព ខ្លួនឯងអន់(ទាំងដែលខ្លួនឯងមិនមែនបែបនោះ) មិនអាចសម្រេចកិច្ចការងារទាំងនោះបាន។ការគិតបែបនេះនឹងធ្វើឲ្យចិត្តរបស់អ្នកគ្មានកម្លាំងកំហែងដើម្បីបន្តទៅមុខទៀតនោះទេ គឺមានតែធ្វើឲ្យអ្នកបោះបង់ចោល ហើយបន្ទោសខ្លួនឯងទៅវិញ។ ម្យ៉ាងទៀតបើទោះបីជាអ្នកដទៃប្រាប់អ្នកថា អ្នកមិនអាច អ្នកគ្មានសមត្ថភាព អ្នកត្រូវបង្ហាញឲ្យពួកគេដឹងវិញថា គ្មានអ្វីដែលមិនអាចទៅរួចសម្រាប់អ្នកនោះទេ ត្រូវយកពាក្យបំបាក់ទឹកចិត្តទាំងនោះមកធ្វើជាថ្នាំដើម្បីប៉ូវកម្លាំងអ្នកឲ្យកាន់តែខ្លាំងជាងមុន រឹងមាំជាងមុន និងអស្ចារ្យជាងមុន តែមិនមែនមានន័យថាឲ្យអ្នកស្អប់ពួកគេនោះទេ អ្នកគួរតែអរគុណពួកគេព្រោះដោយសារតែពាក្យទាំងនោះទើបធ្វើឲ្យអ្នករឹងមាំបែបនេះ។ដូចនេះអ្នកគួរតែកាត់បន្ថយការយកពាក្យសម្ដីរបស់អ្នកដទៃមកគិតទៅ បើសិនពាក្យសម្ដីទាំងនោះជាពាក្យសម្ដីច្រណែន រិះគន់បែបជាន់ពន្លិច ឬនិយាយបំបាក់ទឹកចិត្តអ្នកមិនឲ្យបន្តក្ដីស្រម៉ៃរបស់អ្នកនោះ។

សន្យានឹងខ្លួនឯងបានអត់?

៤. អាចមកពីអ្នកគ្មានវិន័យលើខ្លួនឯង

នេះក៏ជាចំណុចមួយសំខាន់ំណាស់ដែរ ព្រោះពេលណាដែលគ្មានវិន័យ គ្មានគោលការណ៍ គ្មានផែនការសម្រាប់ខ្លួនឯង អ្នកប្រាកដជាមានភាពធូរលុង គ្មានភាពតឹងតែង ហើយធ្វើអ្វីៗហីអើៗ ម្ដងធ្វើនេះម្ដងធ្វើនោះតាមតែចិត្តនឹកឃើញ ធ្វើវាលំៗឲ្យតែហើយៗជាដើម ដោយពុំបានគិតពីលិទ្ធផលដែលនឹងកើតមានឡើយ។មនុស្សដែលរស់នៅដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ គ្មានវិន័យចំពោះខ្លួនឯង គ្មានគោលដៅជាក់លាក់ពួកគេគ្មានថ្ងៃអាចទទួលបាននូវភាពជោគជ័យឬអាចសម្រេចកិច្ចការធំបានឡើយ។ដូចនេះបើសិនជាអ្នកចង់ឲ្យបំណងប្រថ្នារបស់អ្នកក្លាយជាការពិត អ្នកត្រូវតែមានវិន័យ មានផែនការ និង មានគោលការណ៍សម្រាប់ខ្លួនឯង ហើយអនុវត្តវាឲ្យបានខ្ជាប់ខ្ជួន។

រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។