Homeអភិវឌ្ឍន៍ខ្លួនឯងបង្កើនសមត្ថភាព និងឥទ្ធិពលអ្វីដែលនិស្សិតគួរធ្វើកំឡុងពេលសិក្សានៅសាកលវិទ្យាល័យ!

អ្វីដែលនិស្សិតគួរធ្វើកំឡុងពេលសិក្សានៅសាកលវិទ្យាល័យ!

ដោយសារតែរូបនាងខ្ញុំក៏ជានិស្សិតដែលកំពុងតែសិក្សានៅថ្នាក់បរិញ្ញាប័ត្រ និងធ្លាប់ឆ្លងកាត់ជីវិតជានិស្សិតបានច្រើនដែរ ថ្ងៃនេះនាងខ្ញុំសូមធ្វើការចែករំលែកនូវចំណេះដឹងមួយចំនួនដែលប្អូនៗនិស្សិតគួរតែធ្វើ ដើម្បីអាចពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនឯងឲ្យកាន់តែប្រសើរឡើងជាងមុន។

១. ស្វែងរកឱកាសដើម្បីអភិវឌ្ឍខ្លួន

ជាជាងគេងលេងនៅផ្ទះ ឬផ្ដោតតែទៅលើការរៀនតែមួយ អ្នកគួរតែស្វែងរកការងារក្រៅម៉ោងធ្វើបន្ថែម ដើម្បីអាចយល់ដឹងពីរបៀបនៃការធ្វើការងារ អាចទទួលបានចំណេះដឹងថ្មីៗ និងទទួលបាននូវបទពិសោធន៍ការងារ ព្រមទាំងមានថវិកាមួយចំនួនដើម្បីចំណាយទៅលើការរស់នៅជាប្រចាំថ្ងៃ ដូចជាថ្លៃសាលា ថ្លៃសាំង​ឬទឹកភ្លើងជាដើម។

ដូចនេះ ប្រសិនបើអ្នកមានពេលទំនេរច្រើន អ្នកគប្បីស្វែងរកការងារធ្វើតាមរយៈការដាក់ពាក្យហាត់ការងារ ឬចាប់ផ្ដើមចូលធ្វើការនៅក្នុងក្រុមហ៊ុនណាមួយដែលស៊ីគ្នាជាមួយនឹងជំនាញដែលអ្នកកំពុងតែសិក្សានៅឯសាកលវិទ្យាល័យ ដើម្បីឈ្វេងយល់អំពីដំណើរការនៃការងារ ដឹងអំពីរបៀបដែលគេធ្វើការងារ បង្កើនចំណេះដឹងបន្ថែម បូករួមនឹងបង្វឹកសមត្ថភាពរបស់អ្នកឲ្យកាន់តែប្រសើរឡើងជាងមុន។

២. ឆ្លៀតពេលរៀនភាសា

  • នេះប្រសិនបើអ្នកអាចឆ្លៀតរៀនភាសាក្រៅម៉ោងបន្ថែម ឬអាចរៀនវគ្គខ្លីៗទាក់ទងនឹងជំនាញដែលអ្នកកំពុងតែរៀននៅឯសាកលវិទ្យាល័យ គឺកាន់តែល្អសម្រាប់ខ្លួនអ្នកផ្ទាល់ ព្រោះប្រសិនបើអ្នកចេះភាសាចាប់ពី២ឡើងទៅ អ្នកនឹងមានភាពងាយស្រួលក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួន ដើរតាមទាន់ស្ថានភាពសង្គម ជាពិសេសនោះគឺអាចយកភាសាដែលអ្នកចេះនេះដើម្បីប្រើប្រាស់នៅក្នុងការងារប្រចាំថ្ងៃផងដែរ។ ម្យ៉ាងវិញទៀតការណ៍ដែលអ្នក​ចេះភាសាច្រើន គឺអ្នកនឹងមានអាទិភាព ព្រមទាំងមានភាពលេចធ្លោជាងគេ នៅពេលដែលអ្នកដាក់ពាក្យទៅបម្រើការនៅក្រុមហ៊ុនណាមួយ។ ដូចនេះ កុំភ្លេចបណ្ដុះជំនាញរបស់អ្នក ព្រមទាំងបន្ត upgrade ជំនាញរបស់អ្នកឲ្យសាកសមឬស៊ីគ្នាជាមួយនឹងស្ថានភាពសង្គម ដើម្បីចូលរួមចំណែកក្នុងការជួយបង្កើននូវធនធានមនុស្សនៅក្នុងប្រទេស។
  • រៀនជំនាញដែលសង្គមកំពុងតែត្រូវការបន្ថែម: សង្គមតែងតែមានភាពប្រែប្រួលទៅតាមសម័យកាលរបស់វា ហើយអ្នកក៏ត្រូវតែប្រែប្រួលដែរ ​​ គឺប្រែប្រួលទៅលើចំណេះដឹង និងសមត្ថភាពរបស់អ្នក ពោលគឺអ្នកមិនអាចនៅដដែល ឬយល់ដឹងតែទៅលើការងាររបស់អ្នកតែមួយមុខនោះទេ អ្នកត្រូវដឹងអំពីនិន្នការថ្មីៗដែលកំពុងតែពេញនិយម និងមានមនុស្សចង់ដឹងច្រើន។

៣. កុំពន្យាពេល និងកុំចូលចិត្តប្រើពាក្យចាំសិនច្រើនពេក

និស្សិតភាគច្រើន បូករួមទាំងខ្ញុំផងដែរ​មិនមែនមិនធ្លាប់មានទម្លាប់ពន្យាពេលនោះទេ គឺញឹកញាប់មែនទែន។ កិច្ចការដែលគ្រូដាក់ឲ្យ តែងតែពន្យាៗរហូតទាល់តែដល់ថ្ងៃកំណត់ ទើបប្រញាប់ប្រញាល់(ស្លន់)នាំគ្នាធ្វើដាច់យប់ ឆ្លេឆ្លាសួរគ្នាក្នុងក្រុមជាដើម។ តែនេះមិនមែនជាទម្លាប់ល្អនោះទេ យើងគប្បីព្យាយាមបញ្ឈប់ ឬកែប្រែនូវទម្លាប់ដែលតែងតែធ្វើឲ្យយើងខ្ជះខ្ចាយពេលវេលាដ៏មានតម្លៃនេះទៅ ព្រោះពេលវេលា មិនមែននៅទ្រឹងមួយកន្លែង រង់ចាំអ្នកនោះទេណា៎! បើមានកិច្ចការងារអ្វីត្រូវធ្វើ ធ្វើឲ្យហើយ បើចង់រៀនជំនាញថ្មីៗ រកវគ្គសិក្សាឥតគិតថ្លៃនៅលើប្រព័ន្ធអនឡាញរៀនបន្ថែម កុំពន្យាពេល ចាំថ្ងៃនេះថ្ងៃនោះ ហើយប្រសិនបើអ្នកចង់សម្រេចក្ដីសុបិនរបស់អ្នក គឺត្រូវចាប់ផ្ដើមអនុញ្ញាតិឲ្យខ្លួនឯងចូលប្រឡូកនៅក្នុងសង្គម ធ្វើការយកបទពិសោធន៍ និងធ្វើអ្វីដែលមានប្រយោជន៍ ចៀសវាងខកខ្លួនស្ដាយក្រោយពេលដែលអ្នកមានអាយុច្រើន តែមិនមានសមិទ្ធផលអ្វីជាដុំកំភួនទាល់តែសោះ។

ដូច្នេះហើយ គ្រប់កិច្ចការងារដែលអ្នកមាន(ការងារចាំបាច់ត្រូវធ្វើ) អ្នកគប្បីបញ្ចប់វាឲ្យហើយបណ្ដើរៗទៅ ព្រោះខ្ញុំគិតថា អ្នកពុំមែនមានតែកិច្ចការមួយទេដែលត្រូវធ្វើនោះ គឺមានច្រើន ច្រើនមែនទែន (ការងារផ្ទះ ការងារសាលា និងការងារនៅកន្លែងធ្វើការជាដើម) បញ្ចប់កិច្ចការឲ្យហើយបើអាច ដើម្បីចៀសវាងការកកស្ទះការងារ!  ​

៤. ព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការធ្វើការងារណាមួយ និងរក្សាកម្លាំងចិត្តដើម្បីធ្វើវាបន្ត

នៅពេលដែលអ្នកបានចូលហាត់ការ ឬចាប់ផ្ដើមការងារក្រៅម៉ោង/ពេញម៉ោងនៅក្រុមហ៊ុនណាមួយហើយ អ្នកគប្បីប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាព រៀនអំពីរបៀបធ្វើការងារពីកន្លែងនោះ ក្រេបយកទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីស្វែងរកនូវសក្ដានុពល ចំណុចខ្លាំង និងចំណុចខ្សោយដែលមាននៅក្នុងខ្លួនរបស់អ្នក។ កុំខ្លាចហត់នឿយ កុំខ្លាចក្រុមហ៊ុនគេកេងចំណេញពីអ្នក ព្រោះដំណាក់កាលនេះ គឺជាដំណាក់កាលដែលយើងត្រូវលត់ដំ ត្រូវបន្សាំខ្លួនឯងជាមួយនឹងភាពលំបាក ។

ម្យ៉ាងវិញទៀត នៅពេលដែលអ្នកចាប់ផ្ដើមចូលប្រឡូកនៅក្នុងការងារនេះ អ្នកមិនត្រឹមតែទទួលបានប្រាក់ខែតែមួយមុខប៉ុណ្ណឹងទេ គឺអ្នកនៅទទួលបាននូវវិជ្ជាមួយចំនួនទៀតដែលអ្នកពុំដែលរៀនកន្លងមក។ ដូចសម្ដីរបស់លោក ឧញ៉ា គួច ម៉េងលី តែងមានប្រសាសន៍ជាញឹកញាប់ថា “យើងមិនមែនទៅធ្វើការឲ្យគេនោះទេ គឺយើងទៅរៀនពីគេ រៀនបានលុយត្រឡប់មកវិញ”។ ឃ្លាមួយនេះខ្ញុំតែងតែចាំជានិច្ច ព្រោះខ្ញុំគិតថា នៅពេលដែលយើងចង់រៀនជំនាញណាមួយ គឺតម្រូវឲ្យយើងបង់ថ្លៃនៃការបង្រៀននោះ ហើយពេលខ្លះទៀត ការរៀនបែបនោះក៏មិនប្រាកដថា យើងអាចចេះ១០០% ដែរ ពេលខ្លះអាចចេះ អាចដឹងបានត្រឹមតែទ្រឹស្ដីតែប៉ុណ្ណោះ ប៉ុន្តែនៅពេលអនុវត្តន៍គឺចប់ឈឹងតែម្ដង។  

ជារួមមកប្រសិនបើអ្នកទើបតែជានិស្សិតឆ្នាំទី១ ឬទី២ ឬជានិស្សិតដែលពុំទាន់មានបទពិសោធន៍ការងារទេ អ្នកគួរតែស្វែងរកការងារធ្វើសិន ដោយផ្ដោតទៅលើការធ្វើការដើម្បីយកបទពិសោធន៍  និងចំណេះជំនាញផ្សេងៗទៀត   ជាជាងផ្ដោតតែទៅលើប្រាក់ខែជាចម្បង ព្រោះនៅពេលពេលដែលយើងមានចំណេះ ជំនាញច្បាស់លាស់ គឺមិនខ្វះទេលុយ វានឹងរត់មករកអ្នកដោយខ្លួនឯង។

៥. បង្កើនបណ្ដាញទំនាក់ទំនង

ស្គាល់មនុស្សកាន់ច្រើន អ្នកនឹងកាន់តែរីកចម្រើន ចំណែកឯឱកាសការងារក៏មិនតិចដែរ ដោយសារតែមនុស្សម្នាក់ៗមានការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សផ្សេងៗគ្នា ទទួលបានព័ត៌មានខុសៗគ្នា រីឯគំនិតនេះទៀតសោត ក៏ប្លែកៗពីគ្នាដែរ។ ជាពិសេសនោះ នៅពេលដែលអ្នកចង់ស្វែងរកការងារ ក៏មានភាពងាយស្រួលដែរ ដោយសារតែមិត្តភក្តិរបស់អ្នកផ្សេងៗទៀតអាចជួយណែនាំការងារល្អមកកាន់អ្នកបាន។ ដូចនេះការបង្កើនទំនាក់ទំនងឲ្យកាន់តែច្រើន គឺជារឿងមួយដែលល្អ ឲ្យតែអ្នករាប់អានជាមួយនឹងមនុស្សល្អ និងជាមនុស្សដែលនាំអ្នកដើរលើផ្លូវសុចរិតភាព។

ហើយចំណុចចុងក្រោយនេះ អ្នកគប្បីរក្សាកម្លាំងចិត្តឲ្យបានល្អ ព្រោះកម្លាំងចិត្ត គឺជារឿងដែលសំខាន់សម្រាប់យើងគ្រប់គ្នា។ ការងារល្អឬមិនល្អ គឺអាស្រ័យទៅលើកម្លាំងចិត្តនេះឯង។ កម្លាំងចិត្តវាគឺជាកាតាលីករ ដែលជួយឲ្យអ្នកឆាប់សម្រេចនូវក្ដីសុបិន ហើយកម្លាំងចិត្តនេះទៀតសោត ក៏នឹងធ្វើឲ្យជីវិតរបស់អ្នកស្រស់បំព្រង និងមានភាពរីកចម្រើនទៅមុខផងដែរ។​

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។