Homeអាន៧ចំណុចដើម្បីអានសៀវភៅឲ្យបានលឿនហើយមានប្រសិទ្ធភាព!

៧ចំណុចដើម្បីអានសៀវភៅឲ្យបានលឿនហើយមានប្រសិទ្ធភាព!

មិនថាអ្នកអានអត្ថបទនៅក្នុងប្លុក អាននៅក្នុងសារព័ត៌មាន អាននៅក្នុងApp books ឬអាននៅក្នុងអ្វីក៏ដោយ គឺជាធម្មតាបើអ្នកចង់ដឹងចង់អានមែនអ្នកប្រាកដជាព្យាយាមអានអត្ថបទគ្រប់ពាក្យគ្រប់ឃ្លានៅក្នុងសៀវភៅ ដើម្បីឲ្យយល់ពីអត្ថន័យនោះឲ្យបានច្បាស់លាស់។ តែចំពោះការអានអត្ថបទ និង សៀវភៅក្រាស់ៗអាចនឹងធ្វើឲ្យអ្នកចំណាយពេលច្រើន ហត់នឿយខាងបញ្ញា ជាពិសេសអាចធ្វើឲ្យភ្នែករបស់អ្នកឈឺផងដែរដោយសារតែអ្នកមើលគ្រប់ពាក្យគ្រប់សម្ដីដែលគេនិយាយពេក។ដូចនេះប្រសិនជាអ្នកចង់អានអត្ថបទឬរឿងឲ្យបានលឿន ហើយអាចយល់ពីអត្ថន័យនោះទាំងអស់បាន ចំណុចទាំង៧ខាងក្រោមនេះនឹងជួយអ្នក៖

១. ពនិត្យមើលអត្ថបទ

វាដូចជាការមើលរឿងកុនដែរ មុនពេលដែលយើងចង់ទៅមើលរឿងណាមួយ ជំហានដំបូងគឺត្រូវរើសមើលថាតើរឿងណាដែលល្អមើល រឿងណាដែលយើងចង់មើល មើលហើយមិនចេះជិនណាយ មើលហើយធ្វើឲ្យយើងគិតថាយើងពិតជាចំណាយពេល និង ថវិកាបានត្រឹមត្រូវទៅលើរឿងនោះមែន។យ៉ាងណាមិញការមើលកុន វាក៏ប្រហាក់ប្រហែលគ្នាទៅនឹងការអានសៀវភៅឬអានអត្ថបទដែរ ពោលគឺយើងត្រូវមើលពីចំណងជើង ឬ មាតិកាមុនពេលដែលយើងចាប់ផ្ដើមអានអត្ថបទឬរឿងទាំងមូល ព្រោះនៅក្នុងមាតិកាគេនឹងបង្ហាញពីគោលគំនិតធំៗដែលគេនឹងបកស្រាយនៅក្នុងសៀវភៅនោះ បន្ទាប់មកចាំយើងសម្រេចចិត្តថាយើងគួរចំណាយពេលទៅការអានអត្ថបទមួយហ្នឹងដែរឬក៏អត់។

២. ដាក់គោលដៅនៃការអាន

ជាដំបូងយើងត្រូវគិតអំពីគោលដៅរបស់ខ្លួនឯង ថាតើយើងចង់បានអ្វីហើយចង់រៀនអ្វីពីការអានអត្ថបទមួយនេះ? រួចកត់នូវចម្លើយដែលយើងចង់ឆ្លើយនៅពេលអានចប់។បន្ទាប់មក កំណត់ពីគោលបំណងរបស់អ្នកនិពន្ធចំពោះការសរសេរនៅក្នុងអត្ថបទមួយនេះដោយពឹងផ្អែកទៅលើមាតិកាដែលគាត់បានសរសេរ ព្រោះការបង្ហាញនូវគំនិតគោលៗរបស់អ្នកនិពន្ធនឹងនាំយើងឲ្យបានយល់ច្បាស់ពីរឿងរ៉ាវដែលមាននៅក្នុងសៀវភៅបាន។ប៉ុន្តែបើសិនជាអ្នកចង់អានសៀវភៅច្បាប់ សៀវភៅប្រវត្តិសាស្ត្រ ឬ សៀវភៅវិទ្យាសាស្ត្រ យើងត្រូវអានអត្ថបទនោះដោយយកចិត្តទុកដាក់ អានដោយប្រុងប្រយ័ត្ន ព្រោះប្រភេទសៀវភៅបែបនេះ យើងមិនអាចអានលឿន ឬមើលត្រួសៗបានដូចអានរឿងប្រលោមលោក អានសៀវភៅទូទៅ អានទស្សនាវដ្ដី ឬអានរឿងកំប្លុកកំប្លែងនោះទេ។

៣. អានដោយស្មារតីនឹងន

អានសៀវភៅឲ្យបានលឿនជាមួយនឹងការឈ្វេងយល់គឺតម្រូវឲ្យយើងមានការផ្ដោតអារម្មណ៍និង តាំងស្មារតីខ្លាំងទៅលើអត្ថបទទាំងនោះដោយកាត់បន្ថយនូវសម្លេងរំខានពីខាងក្រៅ ហើយកាត់បន្ថយនូវការគិតរញ៉េរញៃខណៈពេលដែលអ្នកកំពុងអាន។ម្យ៉ាងទៀត​ ហេតុអ្វីបានជាយើងត្រូវអានដោយការផ្ដោតអារម្មណ៍? ដោយសារតែយើងសម្គាល់ឃើញថានៅពេលដែលនរណាម្នាក់កំពុងអានសៀវភៅឬអានអត្ថបទដោយគិតរឿង២ទៅ៣ក្នុងពេលតែមួយ ធ្វើឲ្យគាត់អានអត្ថបទហ្នឹងហើយ បកមកអានអត្ថបទហ្នឹងម្ដងទៀត ដោយសារតែពួកគាត់អត់បានយកចិត្តទុកដាក់ជាមួយអត្ថបទទាំងនោះ ទើបមិនដឹងថាគេនិយាយឲ្យពីអ្វីថែមទាំងចំណាយពេល។

៤. កុំអានគ្រប់ពាក្យទាំងអស់ពេក

         ដើម្បីបង្កើនការអានឲ្យកាន់តែលឿន គឺមានវិធីសាស្រ្តមួយដែលយើងមិនចាំបាច់អានគ្រប់ពាក្យទេ តែនៅតែអាចយល់ន័យបាននោះគឺការប្រើប្រាស់ដៃ ប៊ិច ឬខ្មៅដៃ ដោយដាក់ដៃឬប៊ិចអូសនៅក្រោមអក្សរ ព្រោះការធ្វើបែបនេះនឹងធ្វើឲ្យអ្នកអានសៀវភៅបានលឿន យល់ន័យបានឆាប់ ព្រមទាំងជួយបង្វឹកភ្នែករបស់យើងឲ្យរហ័សផងដែរ។

៥. កុំអានគ្រប់ផ្នែកទាំងអស់ពេក

         យោងទៅតាមមជ្ឈមណ្ឌលជំនាញសិក្សារបស់មហាវិទ្យាល័យ Dartmouth បាននិយាយថា ការអានអត្ថបទគ្រប់ផ្នែកទាំងអស់មិនឲ្យរំលងមួយជួរគឺជារឿងមួយដ៏ចាស់គំរិលសម្រាប់សិស្សនិស្សិត។ យើងគួរអានត្រង់កន្លែងណាដែលយើងគិតថាវាសំខាន់ ហើយជាអ្វីដែលយើងចង់បាន និង កំពុងស្វែងរក ហើយប្រសិនបើវាអត់ទាក់ទងជាមួយនឹងអ្វីដែលយើងត្រូវការទេ យើងគួរតែរំលងវាទៅបើសិនជាអា​ច។

៦. សរសេរសង្ខប

         បន្ទាប់ពីយើងបញ្ចប់ការអានរួចហើយ យើងគួរតែសរសេរនូវប្រយោគ២ ទៅ ៣ឃ្លាដើម្បីសង្ខេបនូវអ្វីដែលយើងបានអាន ហើយឆ្លើយនូវសំណួរណាដែលយើងងឿងឆ្ងល់តាំងពីពេលដែលយើងចាប់ផ្ដើមអាន ឬមួយក៏និយាយសង្ខេបខ្លីៗពីវាឡើងវិញដើម្បីប្រាប់ទៅមិត្តភក្តិឬអ្នកដទៃពីអ្វីដែលយើងបានរៀន។

៧. រៀនកំណត់ម៉ោងនៃការអាន

         ប្រសិនបើយើងចង់អភិវឌ្ឍសមត្ថភាពនៃការអានឲ្យបានកាន់តែលឿន យើងអាចកំណត់ម៉ោងក្នុងការអានដើម្បីតេស្តមើលថាតើយើងមានសមត្ថភាពអាចអានបានប៉ុន្មានអត្ថបទ?និង ប៉ុន្មានទំព័រក្នុងមួយនាទី ? បើសិនជាធ្វើបែបនេះជារឿយៗ យើងនឹងអានរឿង ឬ អានអត្ថបទបានលឿន មើលបានរហ័ស និង គិតបានភ្លាមៗ។

         ជារួមដើម្បីបង្កើនល្បឿននៃការអាន យើងត្រូវអានវាជារៀងរាល់ថ្ងៃ ហ្វឹកហាត់ជារៀងរាល់ពេល និង សាកល្បងអនុវត្តនូវចំណុចទាំង៧ដែលបានរៀបរាប់ខាងលើឲ្យបានខ្ជាប់ខ្ជួន។

រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។