Homeការងារវាងវៃវិធីសាស្ត្រទាំង៤ដើម្បីជួយពង្រឹងផលិតភាពការងាររបស់បុគ្គលិកអ្នកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន

វិធីសាស្ត្រទាំង៤ដើម្បីជួយពង្រឹងផលិតភាពការងាររបស់បុគ្គលិកអ្នកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន

ក្រុមហ៊ុនមួយអាចឆ្ពោះទៅរកភាពរីកចម្រើន និងទទួលបានប្រាក់ចំណូលខ្ពស់បាន គឺវាពឹងផ្អែកទាំងស្រុងទៅលើសកម្មភាពនៃការអនុវត្តការងាររបស់បុគ្គលិកម្នាក់ៗ។ បុគ្គលិកដែលមានជំនាញច្បាស់លាស់ ចេះជួយការងារ ព្រមទាំងចេះចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក និងជាបុគ្គលិកដែលពោរពេញទៅដោយកម្លាំងចិត្ត និងឆន្ទៈក្នុងការបំពេញការងារ គឺពួកគេបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជម្រុញឲ្យមានភាពរីកលូតលាស់របស់ក្រុមហ៊ុន។ ប៉ុន្តែមិនមែនបុគ្គលិកទាំងអស់សុទ្ធអាចមានផលិតភាពការងារបែបនេះជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលានោះទេ។

ដូច្នេះតើក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់ អ្នកគួរតែធ្វើបែបណាដើម្បីអាចបង្កើនផលិតផលភាពការងាររបស់អ្នកបុគ្គលិករបស់អ្នកបាន?

ខាងក្រោមនេះគឺវិធីសាស្ត្រមួយចំនួនក្នុងការពន្លឿននូវការអនុវត្តការងាររបស់បុគ្គលិកអ្នក៖

១. រៀបចំកន្លែងធ្វើការឲ្យមានសោភ័ណ្ឌភាពល្អ

កន្លែងដែលអ្នកធ្វើការងារ ក៏ជាកត្តាជះឥទ្ធិពលមួយទៅលើការបំពេញការងាររបស់អ្នកមួយចំណែកដែរ ព្រោះប្រសិនបើការិយាល័យធ្វើការរបស់អ្នកមានភាពរញ៉េរញ៉ៃ មានរបស់របររប៉ាត់របាយច្រើន នោះប្រសិទ្ធភាពនៃការបំពេញការងាររបស់អ្នកក៏ធ្លាក់ចុះ ហើយអារម្មណ៍របស់អ្នក ក៏ស្មុគស្មាញទៅតាមបរិយាកាសនោះដែរ។ ដោយឡែកកន្លែងស្អាត មានអនាម័យ រៀបរយល្អ និងមានសណ្នាប់ធ្នាប់ នឹងធ្វើឲ្យបុគ្គលិករបស់អ្នកមានអារម្មណ៍ជ្រះស្រឡះ ផ្ដោតទៅលើការងារបានល្អ មានគំនិតច្នៃប្រឌិតច្រើន ព្រមទាំងអាចបង្កើនផលិតភាពការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនផងដែរ។

២.​ ការគ្រប់គ្រងពេលវេលា

ដើម្បីអាចបង្កើនផលិតភាពរបស់ក្រុមការងារអ្នកបានកាន់តែមានប្រសិទ្ធភាពជាងមុន អ្វីដែលអ្នកគួរចាប់ផ្ដើមនោះគឺការប្រើប្រាស់ និងចាត់ចែងពេលវេលាឲ្យបានល្អ ដោយសារតែការគ្រប់គ្រងពេលវេលានេះមិនត្រឹមតែអាចជួយ បំពេញនិងបញ្ចប់ការងាររបស់យ៉ាងរលូន តែប៉ុណ្ណោះទេ គឺវានៅជួយឲ្យអ្នកចំណេញពេលវេលាទៅធ្វើកិច្ចការផ្សេងទៀតផង។

ជំហានទាង៣ខាងក្រោមនេះ គឺអាចជួយអ្នកក្នុងការគ្រប់គ្រងពេលវេលាបាន!

​ក.ជំហានទី១៖គឺតាមដានពេលវេលារបស់អ្នក តាមរយៈការអង្កេតមើលពីសកម្មភាពក្នុងមួយថ្ងៃៗ ថាតើអ្នកបានចំណាយពេលទៅលើរឿងអ្វីខ្លះ និងបានសម្រេចកិច្ចការងារអ្វីខ្លះជាដើម។

ខ.ជំហានទី២៖គ្រប់គ្រងពេលវេលាអ្នក ដោយធ្វើការកាត់បន្ថយទៅលើកិច្ចការណាដែលមិនចាំបាច់

គ.ជំហានទី៣៖កំណត់ពេលវេលាជាក់លាក់ណាមួយដើម្បីអាចបញ្ចប់ការងារបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

៣. ចាត់ចែងការងារប្រកបទៅដោយប្រសិទ្ធភាព

ក្នុងនាមជាអ្នកគ្រប់គ្រងបុគ្គលិក ការងារដែលសំខាន់សម្រាប់អ្នកនោះគឺ ការរៀបចំចាត់ចែងការងារឲ្យស៊ីគ្នាជាមួយនឹងសមត្ថភាពរបស់បុគ្គលិកម្នាក់ៗ ព្រមទាំងបង្ហាញអំពីគោលដៅក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុន ដើម្បីឲ្យពួកគេបានយល់ច្បាស់អំពីបេសកកម្មដែលត្រូវធ្វើ និងប្រឹងបំពេញវាឲ្យបានល្អបំផុត ដើម្បីអាចឆ្ពោះទៅដល់គោលដៅដែលក្រុមហ៊ុនបានកំណត់។ ប៉ុន្តែការនិយាយជាទ្រឹស្ដីតែប៉ុណ្ណឹងគឺវាមិនគ្រប់គ្រាន់ទេ គឺអ្នកត្រូវ៖

ក. ផ្ដល់ការណែនាំបានច្បាស់លាស់៖ អ្នកត្រូវនិយាយប្រាប់ និងណែនាំបុគ្គលិកអ្នកឲ្យបានច្បាស់លាស់ ថាអ្នកចង់ឲ្យពួកគេធ្វើការងារបែបណា មានលក្ខណៈបែបម៉េច និងបញ្ចប់នៅពេលណាជាដើម។

ខ. ដឹងច្បាស់ពីទេពកោសល្យ ក៏ដូចជាជំនាញពិសេសរបស់បុគ្គលិកអ្នក ដើម្បីបង្កើនផលិតភាពការងារ និងជួយកាត់បន្ថយភាពធុញទ្រាន់ជាមួយនឹងការងារដែលពួកគេមិនចូលចិត្ត។

គ. បង្កើនភាពស្និទ្ធស្នាលក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក និងបើកចិត្តឲ្យទូលាយក្នុងការចែករំលែកចំណេះគ្នា និងពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ដោយមិនប្រកាន់ពីឋានៈ។

៤. ផ្ដោតទៅលើការប្រឹងប្រែងជាក្រុម

ការងារគឺជាការខិតខំប្រឹងប្រែងជាក្រុម ចំណែកឯតួនាទីរបស់អ្នកគ្រប់គ្រងគឺ ដើម្បីកសាងកិច្ចខិតខំប្រឹងប្រែងជាក្រុម ពង្រឹងគោលដៅរួម និងធ្វើឲ្យសមត្ថភាពក្នុងការបំពេញកិច្ចការរបស់ពួកគេម្នាក់ៗមានភាពល្អប្រសើរជាងមុន។  ជាងនេះទៅទៀត តាមរយៈការកំណត់ច្បាប់ & វិន័យសម្រាប់សមាជិកក្រុម និងអនុញ្ញាតឱ្យពួកគេយល់ពីភាពខ្លាំងនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវានឹងធ្វើឲ្យក្រុមទាំងមូលទទួលបានជោគជ័យរាល់ពេលធ្វើកិច្ចការណាមួយ។

https://blog.vantagecircle.com/employee-performance/

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។