Homeការងារវាងវៃមូលហេតុដែលធ្វើឲ្យអ្នកមិនអាចរកការងារធ្វើបាន

មូលហេតុដែលធ្វើឲ្យអ្នកមិនអាចរកការងារធ្វើបាន

តោះមកដឹងអំពីមូលហេតុដែលធ្វើឲ្យអ្នកទាំងអស់គ្នាមិនអាចរកការងារបានធ្វើទាំងអស់គ្នា!

១. អំណួតនឹងសមត្ថភាពខ្លួនឯងពេក (រំពឹងចង់បានប្រាក់ខែខ្ពស់)

ការណ៍ដែលយើងមានមោទនភាពចំពោះសមត្ថភាពខ្លួនឯងនេះ វាគឺជារឿងល្អហើយ ប៉ុន្តែយើងពុំគួរឈ្លក់វង្វេងជាមួយនឹងវាច្រើនហួសហេតុពេករហូតដល់មើលមិនឃើញពីតម្លៃរបស់អ្នកដទៃនោះទេ ព្រោះអំណួតជ្រុលពេកអាចធ្វើឲ្យយើងបាត់បង់អ្នកជុំវិញខ្លួន បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ក៏ដូចជាឱកាសល្អៗជាច្រើនទៀតដែលកំពុងតែដើរឆ្ពោះមករកអ្នក ហើយក្រុមហ៊ុនក៏មិនចង់បានបុគ្គលិកដែលមានអំណួតខ្លាំងពេកដែរ ដោយសារតែបុគ្គលិកប្រភេទនេះអាចជះឥទ្ធិពលអវិជ្ជមានដល់បុគ្គលិកផ្សេងៗទៀតបាន។

មានមនុស្សមួយចំនួនតូច គាត់តែងគិតថា “ ទេ!!!! ខ្ញុំរៀនចប់ថ្នាក់បរិញ្ញាបត្រ ចប់ថ្នាក់អនុបណ្ឌិតឬ ថ្នាក់បណ្ឌិត ប៉ុណ្ណឹងដែរ ហេតុអ្វីបានជាខ្ញុំត្រូវទៅធ្វើការក្នុងមុខតំណែងទាប និងមានប្រាក់ខែតិចបែបនេះ? សុខចិត្តដេកផ្ទះស្រួលជាង”  អ៊ីចឹងទៅ!

ការគិតរបស់គាត់បែបនេះក៏ត្រូវដែរ គឺត្រូវចំពោះអ្នកដែលគាត់ធ្លាប់ចូលប្រឡូកនៅក្នុងវិស័យការងាររាប់ឆ្នាំ និងមានបទពិសោធន៍ការងារច្រើនមកហើយ ប៉ុន្តែសម្រាប់អ្នកដែលគាត់ពុំដែលចូលប្រឡូកនៅក្នុងអាជីពការងារទាល់តែសោះ ហើយគិតដូចគ្នាជាមួយនឹងអ្នកដែលមានបទពិសោធន៍ការងារ អ្នកប្រាកដជាពិបាកក្នុងការស្វែងរកការងារបន្តិចហើយ។

អ្នកគប្បីដឹងថា បើទោះបីជាអ្នករៀនចប់ថ្នាក់អ្វីក៏ដោយ រៀនពូកែជាងគេនៅក្នុងសាលាក៏ដោយ តែបើសិនជាអ្នកពុំបានយកនូវទ្រឹស្ដីរបស់អ្នកដែលបានរៀននៅក្នុងសាលា មកអនុវត្តន៍នៅក្នុងជីវិតការងារប្រចាំថ្ងៃទេ អ្នកអាចនឹងពិបាកនៅក្នុងការរកការងារធ្វើ ដោយសារតែអ្នកចេះតែនៅក្នុងសាលា តែខ្វះខាតនៅក្នុងការអនុវត្តន៍ការងារជាក់ស្ដែង។ ហើយប្រសិនបើអ្នកគិតថា អ្នកមានសមត្ថភាពខ្លាំងជាងគេ ហើយទាមទារចង់បានប្រាក់ខែច្រើន ឬទាមទារចង់បាននូវតំណែងនេះឬធ្វើក្នុងតួនាទីនោះទើបសក្តិសមជាមួយនឹងសមត្ថភាពរបស់អ្នកនោះអ្នកប្រហែលជាគ្មានក្រុមហ៊ុនណាហ៊ានទទួលអ្នកឲ្យចូលធ្វើការនោះទេ។ ដូចនេះចូរអ្នកកុំមានអំណួតលើខ្លួនឯងហួសហេតុពេក ព្រោះអំណួតនឹងធ្វើឲ្យអ្នកបាត់បង់អ្វីៗគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់អ្នក។

២. មិនបានរៀបចំ CV ឲ្យបានល្អ

អ្នកសម្ភាសន៍ គេអាចដឹងថាអ្នកជាមនុស្សហ្មត់ចត់ឬមិនហ្មតចត់ ជាមនុស្សដែលអាចចូលបម្រើការងារនៅក្នុងក្រុមហ៊ុនបានឬមិនបាន ជំហានដំបូងគឺគេតែងសម្លឹងមើលទៅលើរបៀបនៃការរៀបចំទម្រង់ CV ក៏ដូចជារបៀបនៃការសរសេរ Cover Letter របស់អ្នកនេះឯង។

មូលហេតុដែលធ្វើឲ្យអ្នកពុំអាចរកការងារល្អបានធ្វើ គឺវាអាចមកពីការរៀបចំប្រវត្តិរូបសង្ខេបរបស់អ្នកពុំសូវមានភាពទាក់ទាញឬ មិនមានសោភ័ណ្ឌភាពនេះឯង ពីព្រោះរបៀបដែលអ្នករៀបចំការសរសេរប្រវត្តិសង្ខេបរបស់អ្នកទៅកាន់ក្រុមហ៊ុន ក៏ជាកត្តាមួយដែលអាចសបញ្ជាក់អំពីរបៀបនៃការធ្វើការ ក៏ដូចជាបុគ្គលិកលក្ខណៈរបស់អ្នកផងដែរ។ ដូចនេះអ្នកគួរតែរៀបចំប្រវត្តិរូបសង្ខេបរបស់អ្នកឡើងវិញ សរសេរប្រកបទៅដោយភាពត្រឹមត្រូវ មិននិយាយពន្លើសឲ្យហួសពីសមត្ថភាព ដោយធ្វើយ៉ាងណាឲ្យមើលទៅ អាចទាក់ទាញឲ្យគេចង់ហៅអ្នកមកសម្ភាសន៍ការងារ។ (ទាក់ទាញនេះគឺខ្ញុំចង់សំដៅទៅលើការរៀបចំឲ្យបានស្អាត ទាក់ភ្នែកអ្នកមើល មិនមែនជាការសរសេរពន្លើសនោះទេ)

៣. ដាក់តែលេខទូរស័ព្ទ

ត្រង់ចំណុចនេះ គឺមានមនុស្សច្រើននាក់មែនទែន ដែលតែងតែទម្លាក់តែលេខទូរស័ព្ទរបស់ខ្លួននៅក្នុង Comment កំឡុងពេលដែលក្រុមហ៊ុនមានការប្រកាសជ្រើសរើសបុគ្គលិកម្ដងៗ ដោយទុកឲ្យខាងក្រុមហ៊ុនទាក់ទងទៅខ្លួនវិញ។ សម្រាប់អ្នកគ្រប់គ្រងឬអ្នកសម្ភាសន៍ផ្ទាល់វិញ គឺពួកគាត់គ្រាន់តែឃើញបែបនេះគឺគាត់ដឹងតែម្ដង ថាតើអ្នកជាមនុស្សបែបណា ជាមនុស្សដែលពិតជាចង់ធ្វើការមែន ឬគ្រាន់តែដាក់ៗឲ្យតែរួចពីដៃ ពីព្រោះថា ប្រសិនបើអ្នកពិតជាចង់ធ្វើការក្នុងមុខតំណែងឬតួនាទីនេះពិតមែន អ្នកប្រាកដជាស្វះស្វែងឆាតសួរព័ត៌មានអំពីការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនជាក់ជាមិនខាន មិនមែនទុកតែលេខទូរសព្ទ័ ហើយរង់ចាំឲ្យក្រុមហ៊ុនទាក់ទងទៅអ្នកវិញនោះទេ។

សរុបមកនៅពេលដែលអ្នកចង់ដាក់ពាក្យការងារនៅក្នុងក្រុមហ៊ុនណាមួយចូរកុំទម្លាក់តែលេខទូរស័ព្ទរបស់អ្នកនៅក្នុង Comment តែមួយមុខ ប៉ុន្តែអ្នកគួរតែរៀបចំប្រវត្តិរូបសង្ខេប រួចផ្ញើទៅកាន់ទំព័រផ្លូវការរបស់ក្រុមហ៊ុនតែម្ដងដើម្បីអាចមានឱកាសបានធ្វើការនៅទីនោះ ព្រោះក្រុមហ៊ុនពុំមានពេលគ្រប់គ្រាន់ដើម្បីទាក់ទងទៅអ្នកដើម្បីសម្ភាសន៍នោះទេ បើទោះបីជាមាន ក៏ក្រុមហ៊ុនកម្រនឹងទាក់ទងទៅអ្នកដែរ ដោយសារតែក្រុមហ៊ុនដឹងច្បាស់ថាអ្នកជាមនុស្សដែលពុំមានទំនួលខុសត្រូវ មិនយកចិត្តទុកដាក់ជាមួយនឹងការងារ និងជាមនុស្សដែលចូលចិត្តរង់ចាំគេហុចឱកាសឲ្យជាដើម។

៤. ខ្វះបទពិសោធន៍ការងារ

គ្រប់ក្រុមហ៊ុនទាំងអស់គឺសុទ្ធតែត្រូវការងារអ្នកដែលធ្លាប់មានបទពិសោធន៍ការងារពីមុនៗមក ដោយសារតែពួកគាត់អាចដឹងច្រើនអំពីដំណើរការនៃការងារ ដឹងអំពីរបៀបនៃការទំនាក់ទំនង ក៏ដូចជាការដោះស្រាយបញ្ហា ផ្សេងៗបានច្រើនជាងអ្នកដែលគាត់ពុំធ្លាប់ចូលប្រឡូកនៅក្នុងវិស័យការងារទាល់តែសោះ។  ហើយសម្រាប់អ្នកដែលកំពុងតែសិក្សានៅថ្នាក់ឧត្តមសិក្សាវិញ ប្រសិនបើក្រុមហ៊ុនផ្សេងៗទៀតពុំជ្រើសរើសអ្នកឲ្យចូលមកធ្វើការងារដោយសារតែអ្នកខ្វះនូវបទពិសោធន៍ការងារ អ្នកគួរតែស៊ើបសួររកប្រភេទការងារបែបស្ម័គ្រចិត្ត ឬដាដាក់ពាក្យចូលទៅហាត់ការនៅក្នុងក្រុមហ៊ុនណាមួយសិន ដើម្បីអាចយល់ដឹងអំពីរបៀបនៃការធ្វើការរបស់គេ ព្រមទាំងទទួលបានបទពិសោធន៍ខ្លះៗនៅកន្លែងការងារនោះផងដែរ។ ម្យ៉ាងវិញប្រសិនបើវាជាការងារដំបូងសម្រាប់អ្នក អ្នកគប្បីផ្ដោតទៅលើការក្របជញ្ជក់នូវចំណេះជំនាញពីកន្លែងនោះឲ្យបានច្រើនជាងការផ្ដោតទៅលើលុយតែមួយមុខ។ សរុបមក អ្នកដែលមានបទពិសោធន៍ការងារ តែងមានឱកាសច្រើនជាងអ្នកដែលពុំដែលធ្លាប់បានចូលប្រឡូកទាល់តែសោះ។

៥. ទីផ្សារការងារតូចចង្អៀត

ប្រសិនបើជំនាញដែលអ្នករៀននៅឯសាលា មិនត្រូវប៉ាន់ជាមួយនឹងតម្រូវការទីផ្សារទេ អ្នកក៏ប្រហែលជាពិបាកក្នុងការស្វែងរកការងារធ្វើដែរ។

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។