១. ផ្លាស់ប្ដូរការគិតរបស់អ្នក

នៅក្នុងឆ្នាំថ្មី ឆ្នាំ២០២២ នេះ អ្វីដែលអ្នកត្រូវធ្វើមុនគេដើម្បីបម្លាស់ខ្លួនពីមនុស្សម្នាក់ដែលអន់ ខ្ជិល និងមនុស្សម្នាក់ដែលតែងតែពន្យាពេលឲ្យក្លាយទៅជាមនុស្សម្នាក់ដែលខ្លាំង ឧស្សាហ៍ព្យាយាម មានវិន័យលើខ្លួនឯង និងជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់មកលើខ្លួនឯង។ អ្នកគួរតែបោះបង់ចោលនូវផ្នត់គំនិតចាស់ៗ ដូចជា ខ្ញុំខ្ជិលធ្វើណាស់ ខ្ញុំអន់ណាស់ គេខ្លាំងជាងខ្ញុំ ខ្ញុំមិនអាចធ្វើវាបានទេ ឬផ្នត់គំនិតពន្យាពេលចាប់ស្អែកចាប់ធ្វើជាដើម តែអ្នកគួរតែងាកមកចាប់យកនូវការគិតថ្មីវិញម្ដង ដើម្បីឲ្យខ្លួនឯងមានសមត្ថភាពខ្លាំងជាងមុន និងអាចទទួលបានឱកាសសាកល្បងការងារថ្មីៗឲ្យបានច្រើន។ ដូចនេះ អ្វីដែលអ្នកតែងតែគិត ថ្ងៃណាមួយអ្នកនឹងក្លាយទៅជាមនុស្សម្នាក់ដែលឧស្សាហ៍ ឬខ្ជិលដូចអ្វីដែលអ្នកគិតរាល់ថ្ងៃនេះអញ្ចឹង។
២. កាត់បន្ថយភាពភ័យខ្លាច បង្កើនភាពក្លាហាន
ចំណុចបន្ទាប់ដែលអ្នកគួរតែធ្វើនោះគឺ កាត់បន្ថយភាពភ័យខ្លាចរបស់អ្នកឲ្យចេញម្ដងបន្តិចៗ ទោះបីជាមិនបានទាំងអស់ក៏ដោយ ពីព្រោះភាពភ័យខ្លាចនេះនឹងធ្វើឲ្យអ្នកមានក្ដីមន្ទិលច្រើនខណៈពេលដែលអ្នកចង់ចាប់ផ្ដើមធ្វើរឿងអ្វីមួយ ដែលនេះគឺជាហេតុធ្វើឲ្យអ្នកលែងហ៊ានសាកល្បងធ្វើនូវអ្វីដែលថ្មីៗ និងបាត់បង់នូវឱកាសល្អជាច្រើនជាដើម។ ដូចនេះនៅក្នុងឆ្នាំថ្មីនេះ អ្នកត្រូវសន្យាជាមួយនឹងខ្លួនឯងថា អ្នកត្រូវតែកម្ចាត់នូវភាពភ័យខ្លាចទាំងប៉ុន្មានឲ្យចេញពីចិត្តនិងខួរក្បាលរបស់អ្នកឲ្យអស់ ហើយអ្នកត្រូវតែធ្វើឲ្យខ្លួនឯងក្លាហានជាងមុន ហ៊ានជាងមុន រឹងមាំជាងមុន ដើម្បីភាពរីកចម្រើនរបស់ខ្លួនអ្នកនាពេលអនាគត។ ហើយមួយវិញទៀត អ្នកគប្បីឈប់យករឿងអតីតកាល ឬរឿងមិនល្អមួយចំនួន( ខកខានឱកាសការងារ ប្រឡងមិនជាប់ ត្រូវបានគេស្ដីបន្ទោស…) យកមកបន្លាចខ្លួនឯង ឬធ្វើឲ្យខ្លួនឯងបាក់ស្បាត លែងហ៊ានចាប់ផ្ដើមអ្វីដែលថ្មីទៀត ពៅលគឺអ្នកគួរតែបញ្ចប់វាត្រឹមឆ្នាំចាស់ឲ្យអស់ទៅចុះ។ កំណត់ចំណាំចុងក្រោយ “បើអ្នកមានភាពភ័យក្នុងខ្លួនកាន់តែច្រើន ឱកាសក្នុងការអភិវឌ្ឍខ្លួនអ្នកនឹងកាន់តែខើចទៅ”។
៣. នៅឆ្ងាយពីមនុស្សដែលនាំតែបញ្ហា
អ្នកនៅជាមួយនឹងមនុស្សបែបណា អ្នកក៏អាចនឹងក្លាយទៅជាមនុស្សបែបនោះដែរណា៎ អញ្ចឹងហើយ មុនពេលដែលអ្នកជ្រើសរើសនរណាម្នាក់ដើម្បីសេពគប់ជាមួយ អ្នកគួរតែមើលទៅលើអត្តចរិក និងបុគ្គលិកលក្ខណៈរបស់ពួកគេ ថាតើពួកគេគឺជាមនុស្សបែបណា ជាមនុស្សដែលចូលចិត្តរៀនសូត្រ? ជាមនុស្សមានសន្ដានចិត្តល្អ? ជាមនុស្សដែលចូលចិត្តអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង? ឬមួយក៏ជាមនុស្សម្នាក់ដែលខ្ជិល និងពូកែត្អូញត្អែរ?? ដូចនេះអ្នកគួរតែមានការប្រយ័ត្នប្រយែងក្នុងការសេពគប់មិត្តភក្តិ ប្រសិនបើអ្នករាប់អានប៉ះចំមនុស្សខុស អនាគតរបស់អ្នកនឹងងងឹតសូត្រឈឹងជាមិនខាន។ ត្រង់ចំណុចនេះមិនមែនជាការរើសអើងមិត្តភក្តិអ្វីនោះទេ តែអ្នកត្រូវគិតថា ប្រសិនបើមួយថ្ងៃៗអ្នកនៅជិតតែមនុស្សដែលពូកែរអ៊ូ ពូកែត្អូញត្អែរ ឬពូកែរកលេស តើអ្នកគិតថា អ្នកនឹងក្លាយទៅជាមនុស្សបែបណា?។ ជម្រើសគឺស្ថិតនៅលើខ្លួនអ្នក!
៤. បោះបង់ទម្លាប់មិនល្អចោល ជំនួសមកវិញនូវទម្លាប់ល្អ

តើទម្លាប់អ្វីខ្លះដែលចាត់ទុកថាជាទម្លាប់ល្អ? ហើយទម្លាប់ណាខ្លះដែលជាទម្លាប់មិនល្អ?
ទម្លាប់ចាំសិន ទម្លាប់ខ្ជិល ទម្លាប់មើលទូរស័ព្ទច្រើន (ចំណាយពេលនៅលើបណ្ដាញសង្គមច្រើនហួសហេតុ) ទម្លាប់រង់ចាំឱកាស និងទម្លាប់ត្អូញត្អែរច្រើន គឺសុទ្ធសឹងតែជាទម្លាប់មិនល្អដែលអ្នកគួរតែកែប្រែនៅពេលដែលចាប់ផ្ដើមឆ្នាំថ្មីនេះ ព្រោះទម្លាប់ទាំងអស់នេះពុំបានផ្ដល់អ្វីមកឲ្យអ្នកក្រៅពីបង្អាក់នូវភាពរីកលូតលាស់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់អ្នកនោះទេ ដូច្នេះបើអាច អ្នកគួរតែរៀនកាត់ផ្ដាច់នូវទម្លាប់មិនល្អទាំងនោះម្ដងបន្តិចៗដើម្បីភាពរីកចម្រើនរបស់អ្នក និងអនាគតរបស់អ្នក ហើយបែរមកចាប់ផ្ដើមអនុវត្តន៍ទម្លាប់ល្អៗវិញ ដូចជាទម្លាប់អានសៀវភៅ ទម្លាប់ស្រាវជ្រាវ ទម្លាប់ក្នុងការចែករំលែកចំណេះដឹង ទម្លាប់ក្នុងការហាត់ប្រាណ ក៏ដូចជាទម្លាប់ក្នុងការគិតនិងដោះស្រាយបញ្ហាជាដើម។
៥. បន្តការក្រេបជញ្ជក់នូវចំណេះដឹង

ដើម្បីឲ្យសមត្ថភាពរបស់ខ្លួនឯងកាន់តែខ្លាំងជាងមុន អ្នកគួរតែបន្តការសិក្សារៀនសូត្របន្ថែមទៀត ដើម្បីឲ្យខ្លួនឯងយល់ដឹងច្រើនអំពីចំណេះដឹងទូទៅក៏ដូចជាព័ត៌មានក្នុងឬក្រៅស្រុកមួយចំនួនទៀត តាមរយៈការអានព័ត៌មាន អានអត្ថបទថ្មីៗនៅលើបណ្ដាញសង្គម អានសៀវភៅ ឬចូលរួមនៅក្នុងកម្មវិធីអភិវឌ្ឍជំនាញផ្សេងៗទៀតដើម្បីបង្កើនចំណេះដឹងរបស់អ្នកឲ្យកាន់តែប្រសើរឡើងជាមុន។ ជាពិសេសនោះ ប្រសិនបើអ្នកមានពេលវេលាច្រើន អ្នកគួរតែយកពេលទាំងនោះដើម្បីរៀនភាសា ក៏ដូចជាជំនាញថ្មីៗដែលគេកំពុងតែត្រូវការនាពេលបច្ចុប្បន្ននេះ ដែលអ្នកអាចរៀន នៅលើ website ដូចជា HubSpot Academy Google Digital Garage WordStream’s PPC University និងគេហទំព័រឥតគិតថ្លៃផ្សេងៗទៀត។
៦. បន្តតាមចាប់ក្ដីស្រមៃរបស់អ្នក
មុននឹងអ្នកចង់បន្តធ្វើឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិត អ្នកត្រូវដឹងថាក្ដីស្រមៃរបស់អ្នក និងគោលដៅរបស់អ្នកជាអ្វីសិន ត្រូវអត់? ហើយអ្នកក៏ត្រូវតែដឹងអំពីរបៀបនៃការធ្វើឲ្យក្ដីស្រមៃនោះក្លាយជាការពិតដែរមែនអត់?
នៅក្នុងឆ្នាំថ្មីនេះ អ្នកត្រូវសន្យានឹងខ្លួនឯងថា “បើទោះបីជាមិនអាចសម្រេចក្ដីស្រមៃទាំងនោះបានទាំងស្រុងក៏ដោយ តែយ៉ាងហោចណាស់ក៏គួរតែបានសម្រេចបានពាក់កណ្ដាលដែរ ប៉ុន្តែប្រសិនបើអ្នកអាចសម្រេចវាបានភាគរយគឺកាន់តែប្រសើរ ខ្ញុំនឹងព្យាយាមធ្វើវាឲ្យអស់ពីសមត្ថភាព”។ ជារួម ក្នុងឆ្នាំ២០២២ អ្នកត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវក្ដីស្រមៃរបស់ ប៉ុន្តែកុំភ្លេចថែទាំសុខភាពខ្លួនឯង និងអនុញ្ញាតិឲ្យខ្លួនឯងបានលំហែកាយផងណា៎! ឆ្នាំថ្មីជូនពរឲ្យអ្នកទាំងអស់គ្នាសំណាងល្អ មានសុខភាពល្អ គេស្រលាញរាប់អានច្រើន និងសម្រេចជោគជ័យគ្រប់ភារកិច្ច។