Homeការងារវាងវៃតើមានមូលហេតុអ្វីទើបបណ្ដាលឲ្យយើងធ្វើការខុសជំនាញ?

តើមានមូលហេតុអ្វីទើបបណ្ដាលឲ្យយើងធ្វើការខុសជំនាញ?

នៅពេលដែលអ្នកចាប់ផ្ដើមជ្រើសរើសជំនាញនៅឯសាកលវិទ្យាល័យដំបូង អ្នកប្រាកដជារំពឹងគិតថា នៅពេលដែលចប់ឆ្នាំ សង្ឃឹមថាខ្លួនឯងអាចធ្វើការងារមួយដែលស៊ីគ្នាជាមួយនឹងជំនាញដែលបានរៀននៅឯសាកលវិទ្យាល័យ ប៉ុន្តែការពិតជាក់ស្ដែងគឺវាផ្ទុយទៅនឹងអ្វីដែលយើងគិតទៅវិញ។ ហើយនិស្សិតភាគច្រើនគឺតែងតែជួបនូវស្ថានភាពបែបនេះ គឺថាចេញមកធ្វើការខុសជំនាញហ្នឹងតែម្ដង។

មែនទែនទៅ តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យយើងធ្វើការខុសជំនាញ?

ដូច្នេះនៅក្នុងថ្ងៃនេះ ពន្លកនឹងធ្វើការចែករំលែកនូវមូលហេតុ ក៏ដូចជាកត្តាសំខាន់ៗមួយចំនួនតាមរយៈការសង្កេតអំពីភាពពិតសព្វថ្ងៃដែលសិស្សនិស្សិតកំពុងតែជួបប្រទះនេះ៖

១. កត្តាខ្លួនឯង

Man in Black and White Polo Shirt Beside Writing Board

មូលហេតុចម្បងនោះគឺ ភាពស្រពិចស្រពិលអំពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង ពោលគឺអ្នកខ្លួនឯងមិនដឹងថាខ្លួនឯងស្រលាញ់អ្វី ចូលចិត្តជំនាញមួយណា ពូកែខាងអ្វី ហើយអនាគតចង់ក្លាយទៅជាអ្វីជាដើម និយាយរួមគឺអ្នកនៅមានមន្ទិលចំពោះការសម្រេចចិត្តរបស់ខ្លួនឯង  នៅមានភាពរារែកចិត្ត ដោយមិនដឹងថាត្រូវរៀនមួយណាឲ្យស៊ីជាមួយនឹងសមត្ថភាព និងសមជាមួយនឹងទីផ្សារការងារ ហើយក៏សម្រេចចិត្តជ្រើសរើសជំនាញតាមមិត្តភក្តិ ឬតាមដៃគូស្នេហាទាំងដែលខ្លួនឯងមិនសូវចូលចិត្តជំនាញទាំងនោះ។

អ្នកដឹងស្រាប់ហើយ ថាការណ៍ដែលយើងព្យាយាមរៀននូវជំនាញដែលខុសពីទេពកោសល្យ វាធ្វើឲ្យយើងចំណាយពេលចោលទទេៗ និងធ្វើឲ្យខ្លួនឯងមានភាពធុញថប់ក្នុងការសិក្សា និងរៀនឲ្យតែចប់ៗដើម្បីបានសញ្ញាបត្រ និងចេញធ្វើការរកលុយ ជាដើម ហើយការងារនោះទៀតសោត មិនមែនជាការាងារដែលទាក់ទងជាមួយនឹងអ្វីដែលខ្លួនឯងបានរៀនទៀត។

២. កត្តាសង្គម

បញ្ហាមួយទៀតដែលជាកត្តាដែលធ្វើឲ្យនិស្សិតភាគច្រើនគាត់ចេញមកធ្វើការខុសជំនាញនោះគឺដោយសារតែសង្គមមានការផ្លាស់ប្ដូរ ចំណែកឯទីផ្សារការងារក៏មានការប្រែប្រួល ជាហេតុធ្វើឲ្យនិស្សិតក៏ត្រូវតែមានភាពបត់បែនទៅតាមស្ថានភាពបែបហ្នឹងដែរ។ ជាឧទាហរណ៍ជាក់ស្ដែងដូចជាពេលដែលកំពុងតែផ្ទុះឡើងនូវវីរុសកូវីដ១៩ អ្នកឃើញហើយថាកន្លែងជួបជុំ កន្លែងដើរកម្សាន្តនានាគឺស្ទើរតែបិទសឹងតែទាំងអស់ទៅហើយ។​ ដូច្នេះចំពោះនិស្សិតដែលកំពុងតែរៀនជំនាញពាក់ព័ន្ធជាមួយនឹងវិស័យទេសចរណ៍ ប្រាកដជាមានការហានិភ័យ និងមានការប្រឈមមុខខ្ពស់ជាមួយនឹងបញ្ហាអត់ការងារធ្វើជាមិនខាន។ ដោយហេតុនេះហើយជម្រើសតែមុខគត់ដែលអាចជួយឲ្យគាត់អាចមានការងារធ្វើ និងមានលុយចាយខ្លះសម្រាប់ការរស់នៅប្រចាំថ្ងៃ គឺស្វែងរកការងារណាដែលគេកំពុងតែពេញនិយម និងជាការងារដែលខ្លួនឯងស្រលាញ់ផងដែរ ដូចជាការធ្វើ ការងារនៅហាងកាហ្វេ ការលក់ឥវ៉ាន់តាមប្រព័ន្ធអនឡាញ ចាប់ផ្ដើមជាការងារ  Freelance  ឬមួយក៏ទៅធ្វើជាអ្នកលក់នៅក្នុងក្រុមហ៊ុនឬនៅហាងណាមួយផ្សេងទៀតជាដើម។

៣. កត្តាលុយ (ប្រាក់ខែខ្ពស់)

Photography of People Graduating

អ្នកណាក៏ចង់បានប្រាក់ខែខ្ពស់ដែរត្រូវអត់?

ចុះប្រសិនបើការងារដែលយើងកំពុងតែធ្វើសព្វថ្ងៃហ្នឹង បានប្រាក់ខែច្រើនជាង ជំនាញដែលអ្នកបានបញ្ចប់នៅឯងសាកលវិទ្យាល័យនោះ តើអ្នកនឹងស្រវាចាប់យកមួយណា??…

ភាគរយច្រើនគឺប្រាកដជាចាប់យកឱកាសការងារដែលមានប្រាក់ខែខ្ពស់ហើយមែនអត់?

ប៉ុន្តែក៏មានអ្នកខ្លះក៏គាត់នៅតែចាប់យកការងារដែលវាទាក់ទងជាមួយនឹងជំនាញដែលគាត់រៀនដដែលដែរ ដោយសារតែវាគឺជាជំនាញដែលគាត់ស្រលាញ់ ហើយម្យ៉ាងវិញទៀតគាត់គិតថា បើទោះបីជាបច្ចុប្បន្ននេះការងារមួយហ្នឹងទទួលបានប្រាក់កម្រៃពុំសូវច្រើនក៏ដោយ ប៉ុន្តែឲ្យតែគាត់ខំប្រឹងឲ្យអស់ពីសមត្ថភាព និងមានចំណេះដឹងពាក់ព័ន្ធជាមួយនឹងជំនាញនោះពិតប្រាកដ នោះគាត់ក៏ប្រាកដជាទទួលបានប្រាក់ខែច្រើនដូចតែគ្នាជាដើម។ល។ និយាយរួមទៅ កត្តាដែលធ្វើឲ្យនិស្សិតគាត់ចេញមកធ្វើការខុសជំនាញនោះគឺដោយសារតែការងារដែលគាត់កំពុងតែធ្វើសព្វថ្ងៃ អាចថាជាការងារដែលត្រូវជាមួយនឹងទេពកោសល្យរបស់គាត់ ជាពិសេសនោះគឺអាចទទួលបានប្រាក់ខែច្រើនពីកន្លែងការងារផងដែរ។

រិន ហាណាវី
រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត & គេងទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ​ និងការអភិវឌ្ឍខ្លួនឯង។ កញ្ញាគឺជានិស្សិតជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។